បុរស​ម្នាក់​ទៅ​រស់នៅ​លើ​ដើមឈើ ព្រោះ​តែ​ខ្លាច​ឆ្លង​កូ​វី​ដ​១៩ ទៅ​អ្នក​ភូមិ


ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ ពលករ​ចំណាកស្រុក​ម្នាក់​បាន​បដិសេធ​មិន​ព្រម​ចូល​ក្នុងភូមិ​កំណើត​របស់​គាត់​នោះ​ទេ នៅ​ពេល​ដែល​គាត់​ត្រឡប់​មក​ពី​ប្រទេស​ថៃ​វិញ ដោយសារ​ការ​ភ័យ​ខ្លាច​ថា គាត់​មាន​ជំងឺ​កូ​វី​ដ​១៩ គាត់​បាន​សម្រេចចិត្ត​រើស​ទៅ​នៅ​ក្នុងផ្ទះ​មួយ​នៅ​លើ​ដើមឈើ រហូត​ទាល់តែ​ច្បាស់​ថា គាត់​មិន​មាន​ជំងឺ​នេះ​។

បុរស​ដែល​មិន​ត្រូវ​បាន​គេ​ប្រាប់​ឈ្មោះ​នោះ គឺ​ស្ថិត​ក្នុង​ចំណោម​ពលករ​ដែល​បាន​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា​វិញ តាម​រយៈ​ស្ពាន​មិត្តភាព​ថៃ​-​មី​យ៉ា​ន់​ម៉ា​ទី​២ នៅ​ស្រុក Mae Sot​។

ប៉ុន្តែ​នៅ​ពេល​ដែល​គាត់​ទៅ​ដល់​ភូមិ​របស់​គាត់​នៅ​ខេត្ត Hpa-an ក្នុង​រដ្ឋ Karen ប្រជាជន​នៅ​ទីនោះ បាន​បដិសេធ​មិន​អនុញ្ញាត​ឱ្យ​គាត់​ចូល​នោះ​ទេ​។ អ្នកស្រុក​បាន​ប្តេជ្ញា​ថា នឹង​រារាំង​ពលករ​ពី​ប្រទេស​ថៃ និង​ប្រទេស​ដទៃ​ទៀត​ចូល​ក្នុងភូមិ លើកលែងតែ​ពួក​គេ​បាន​ឆ្លងកាត់​ការ​នៅ​ដាច់​ដោយឡែក​រយៈពេល​១៤​ថ្ងៃ​សិន​។

ដូច្នេះ​បុរស​រូប​នោះ​ក៏​បាន​សង់ផ្ទះ​មួយ​នៅ​លើ​ដើមឈើ ហើយ​បាន​រស់នៅ​ក្នុងផ្ទះ​នោះ​ដូច​ជា​បក្សី​នៅ​ក្នុង​សំបុក​អ​ញ្ចឹ​ង​។ ហើយ​សាច់ញាតិ​របស់​គាត់ ក៏​បាន​ទុក​អាហារ និង​ទឹក​ឱ្យ​គាត់​នៅ​ក្បែរ​គល់ឈើ​ដែល​គាត់​រស់នៅ​នោះ​ផង​ដែរ​។

បើ​គិត​មក​ដល់​ថ្ងៃអាទិត្យ គាត់​បាន​នៅ​ទីនោះ​តែ​ម្នាក់ឯង​អស់​រយៈពេល​ប្រាំពីរ​ថ្ងៃ​ហើយ​។ គាត់​នៅ​ខ្វះ​តែ​មួ​យស​ប្តា​ហ៍​ទៀត​ប៉ុណ្ណោះ គឺ​អាច​ទៅ​រស់នៅ​ក្នុងភូមិ​ដូច​គេ​ដូច​ឯង​បាន​ហើយ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ពលករ​ចំណាកស្រុក​មី​យ៉ា​ន់​ម៉ា ប្រហែល​១​ម៉ឺន​នាក់​បាន​វិល​ត្រឡប់​ទៅ​ផ្ទះ​របស់​ពួក​គេ​វិញ ចាប់តាំងពី​រដ្ឋាភិបាល​ថៃ​ប្រកាស​អាសន្ន ហើយ​ពួក​គេ​បាន​ចាប់ផ្តើម​បិទ​ប្រទេស ដើម្បី​ការពារ​ការ​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ​១៩​នេះ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ bangkokpost (​កែសម្រួល​ដោយ ៖ បុប្ផា​)

ព័ត៌មាន​អន្តរជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ