ស្ត្រី​អង់គ្លេស​ម្នាក់ និយាយ​ពី​កម្ពុជា ខណៈ​ក្រុម​គ្រូពេទ្យ​ប្រើ​បច្ចេកទេស​២ ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​១៩


រាជធានី​ភ្នំពេញ ៖ រហូត​មក​ទល់​ពេល​នេះ គ្រូពេទ្យ​កម្ពុជា បាន​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​១៩ បានជា​សះស្បើយ ចំនួន​២១ នាក់​ហើយ ។ អ្នក​ទាំង​២១​នាក់​នោះ រួម​មាន​បុរស​ជនជាតិ​ខ្មែរ​ចំនួន​១៦​នាក់ ជនជាតិ​អង់គ្លេស​ចំនួន​៣​នាក់ ជនជាតិ​បារាំង​ម្នាក់​(​គាត់​និយាយ​ភាសា​បារាំង ធ្វើ​ឲ្យ​គេ​ច្រឡំ ការ​ពិត​គាត់​ជា​ជន​ប៊ែ​ល​ហ្សិ​ក​) និង​ជនជាតិ​ចិន​ម្នាក់ ។

នៅ​ថ្ងៃអាទិត្យ ទី​២៩ ខែមីនា ឆ្នាំ​២០២០​នេះ អ្នកជា​សះស្បើយ​៥ ក្នុង​ចំណោម​អ្នកជា​សះស្បើយ​សរុប​ខាងលើ ដែល​មាន​ជនជាតិ​ខ្មែរ​ចំនួន​២​នាក់​, ជនជាតិ​ប៊ែ​ល​ហ្សិ​ក​ម្នាក់​, និង​ជនជាតិ​អង់គ្លេស​២​នាក់ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចាក​ចេញពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ផង​ដែរ ។

ស្ត្រី​អង់គ្លេស​ម្នាក់ ដែល​ពេទ្យ​ខ្មែរ​ព្យាបាល​ជា​សះស្បើយ និយាយ​ទាំង​អួល​ដើម​ក មុន​ចាក​ចេញពី​មន្ទីរពេទ្យ យ៉ាង​ដូច្នេះ​ថា «​ពួក​យើង មាន​បំណង​មក​ទស្សនា​ប្រទេស​របស់​អ្នក គឺ​ចង់ទៅ​កម្សាន្ត​នៅ​អង្គរវត្ត ជា​យូរ​មក​ហើយ ប៉ុន្តែ​ពួក​យើង​ពុំ​បាន​ទៅ​ដល់​ទេ ។ ក្រុម​គ្រូពេទ្យ​ហាមឃាត់​ពួក​យើង អ្នក​សុទ្ធតែ​ជា​មនុស្ស​ល្អ ។ ពី​ដំបូង​ឡើយ​ខ្ញុំ​គិត​ថា ខ្ញុំ​និយាយ​អាក្រក់​ពី​អ្នក នៅ​ពេល​ដែល​ខ្ញុំ​ឆ្លង​ជំងឺ តែ​នេះ​ពុំ​មែន​ជា​កំហុស​របស់​អ្នក​ទេ ។ ខ្ញុំ​យល់​ហើយ​ថា អ្នក​ចង់​ការពារ​ប្រជាពលរដ្ឋ​របស់​អ្នក គឺ​ប្រៀប​ដូច​ជា​ម្តាយ​ចង់​ការពារ​កូន​របស់​ខ្លួន អ្នក​ចង់​ការពារ​អ្នកជំងឺ ។ ខ្ញុំ​សូម អរគុណ​ចំពោះ​អ្វី​គ្រប់យ៉ាង យើង​ពុំ​អាច​រក​ពាក្យ​អ្វី មក​ប្រៀប​អោយ​ស្មើ នឹង​ទ​ង្វើ​ដ៏​ល្អ​របស់​អ្នក​បាន​ទេ អ្នកជា​មនុស្ស​មាន​សន្តាន​ចិត្តល្អ​ណាស់ ។ លើក​ក្រោយ​ពួក​យើង​មក​ទៀត ។ យើង​សូម​អោយ​អ្នកមាន​សុខភាព​ល្អ និង​ឆាប់​កម្ចាត់​ជំងឺ​នេះ​ចេញពី​ប្រទេស​របស់​អ្នក ។ សូម​អរគុណ​ទាំងអស់​គ្នា​» ។

នៅ​ឯ មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត លោក​វេជ្ជបណ្ឌិត សា​មិត្ត ដែល​ជា​អ្នក​អនុវត្តន៍​ផ្ទាល់​ក្នុង​ការ​ព្យាបាល​អ្នក​ផ្ទុក​កូ​វី​ដ​១៩ បាន​ប្រាប់​អ្នក​សារព័ត៌មាន ឲ្យ​ដឹង​ថា ការ​ព្យាបាល​អ្នក​ផ្ទុកមេរោគ​កូ​វី​ដ​១៩ បាន​ជោគជ័យ​ដោយសារ មាន​បច្ចេកទេស​២ រួម​មាន​៖

ទី​១ – ក្រុម​គ្រូពេទ្យ​ព្យាបាល​អ្នកជំងឺ​ដោយ​ថ្នាំ​ប្រឆាំង​នឹង​មេរោគ​កូ​វី​ដ​១៩
និង​ទី​២ – គឺ​ការ​អប់រំ ដែល​ទាក់ទង​នឹង​ការ​លើកទឹកចិត្ត និង​ការ​ផ្តល់​ចំណីអាហារ​ឲ្យ​អ្នកជំងឺ​បាន​គ្រប់គ្រាន់ និង​ការ​ឲ្យ​អ្នកជំងឺ​បាន​ហាត់ប្រាណ ដែល​ធ្វើ​ឲ្យ​រាង​កាយ​ពួក​គាត់​មាំទាំ ធ្វើ​ឲ្យ​ការ​ជា​សះស្បើយ​បាន​កាន់តែ​លឿន​ផង​ដែរ ។

យ៉ាងនេះក្តី លោក​វេជ្ជបណ្ឌិត មិនបានបញ្ជាក់លម្អិតពីថ្នាំ​ប្រឆាំង​នឹង​មេរោគ​កូ​វី​ដ​១៩ នៅឡើយទេ ។

នៅ​ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០២០​នេះ ក្រសួងសុខាភិបាល​ប្រកាស​អោយ​ដឹង​ថា មាន​អ្នក​ឆ្លង​មេរោគ​កូ​វី​ដ​១៩ ចំនួន​ម្នាក់​ទៀត នៅ​ប៉ោយ​ប៉ែ​ត ដោយ​ធ្វើ​អោយ​ចំនួន​អ្នក​ឆ្លង​មេរោគ​កូ​វី​ដ​១៩ សរុប​នៅ​កម្ពុជា​មក​ដល់​ពេល​នេះ កើន​ដល់ ១០៣​ករណី​ហើយ ។ ប៉ុន្តែ​២១​នាក់​បានជា​សះស្បើយ​ហើយ ចំណែក​អ្នកជំងឺ​ស្ថិត​នៅ​ក្រោម​ការ​ព្យ​បាល​មាន​ចំនួន​៨២​នាក់ ៕

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ