រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ស្ត្រីចំណាស់ម្នាក់ រួមជាមួយក្រុមគ្រួសារ បានដេញតាមស្ត្រីវ័យក្មេងម្នាក់ទៀតដែលត្រូវជាកូនស្រីបង្កើតរបស់គាត់ ហើយបើករថយន្ត១គ្រឿងរត់គេចខ្លួនតាំងពីខេត្តកំពង់ឆ្នាំង រហូតមកដល់រាជធានីភ្នំពេញ ក្រោយមកគាត់ក៏បានប្ដឹងឲ្យនគរបាលឱ្យជួយឃាត់តាមផ្លូវ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងតែម្តង កាលពីម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី២៨ ខែមិនា ឆ្នាំ២០២០ នៅតាមផ្លូវបេតុង ស្ថិតក្នុងភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ។
បើតាមស្ត្រីជាម្តាយបាននិយាយប្រាប់ថា កូនស្រីរបស់គាត់ខាងលើនោះ មានគូដណ្តឹងរួចទៅហើយ ព្រមទាំងបានរស់នៅជាមួយគ្នាដូចប្តីប្រពន្ធរយៈពេល២ឆ្នាំកន្លងមកហើយ ប៉ុន្តែបែរជាដាច់ចិត្តចុះចោលគូដណ្ដឹងទៅស្រវាចាប់យកអ្នកថ្មីធ្វើជាសង្សារ។ មិនតែប៉ុណ្ណោះបានចុះចោលផ្ទះរយៈពេល២ខែមកហើយ ដោយបាត់ដំណឹងឈឹងសូន្យ ព្រមទាំងលួចយករថយន្ត១គ្រឿង និងលុយកាក់ទៅជាមួយផង។ លុះចុងក្រោយបានវិលត្រឡប់ទៅលួចយករបស់របរនៅក្នុងផ្ទះ ទើបពួកគាត់ដេញតាមតាំងពីផ្ទះនៅខេត្តកំពង់ឆ្នាំង រហូតមកដល់រាជធានីភ្នំពេញនេះតែម្ដង។
ស្ត្រីជាម្ដាយមិនបានប្រាប់ឲ្យដឹងពីអត្តសញ្ញាណរបស់គាត់ឡើយ ប៉ុន្តែគាត់បានប្រាប់ថា វ័យកូនរបស់ស្រីគាត់ម្នាក់នោះ អាយុ២១ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន មានទីលំនៅក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ នាងមានគូដណ្តឹងរួចទៅហើយ ព្រមទាំងរស់នៅជាមួយគ្នាដូចជាប្ដីប្រពន្ធរយៈពេល២ឆ្នាំមកហើយដែរ ប៉ុន្តែមិននឹកស្មានថា រយៈពេល២ខែកន្លងមកនេះ នាងប្រែចិត្តទៅមានអ្នកថ្មី ហើយរត់ចេញពីផ្ទះចោលគូដណ្ដឹងបាត់ដំណឹងសូន្យឈឹងតាមរកមិនឃើញសោះ មិនតែប៉ុណ្ណោះបានលួចយករថយន្តម៉ាកតូយ៉ូតាព្រុស ១គ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខ កំពង់ឆ្នាំង 2B-3253 រួមជាមួយលុយកាក់ទៅជាមួយផង។
ប្រភពដដែលបានបន្តឲ្យដឹងទៀតថា រហូតដល់ម៉ោងជាង៣ទៀបភ្លឺឈានចូលថ្ងៃទី២៨ ខែមីនា កូនស្រីគាត់ខាងលើនេះ បានត្រឡប់ទៅផ្ទះ ហើយគាស់ទ្វារចូលប្រមូលយកខោអាវនិងរបស់របរមួយចំនួនទៀត ។ ហើយនៅពេលពួកគាត់ និងក្រុមគ្រួសារដឹងទាន់ នាងមានការភ្ញាក់ឆោឡោ រួចក៏បានបើករថយន្តរត់គេចខ្លួនបាត់ ។ ប៉ុន្តែភ្លាមៗនោះ ពួកគាត់បានជិះរថយន្តឈ្នួលដេញតាមតាំងពីខេត្តកំពង់ឆ្នាំង រហូតមកដល់ក្នុងភូមិតាងួន សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ទើបតាមទាន់ និងបានប្ដឹងឲ្យនគរបាលជួយឃាត់បានតាមផ្លូវ ។
បើតាមនគរបាលប៉ុស្តិ៍កាកាបទី១ បាននិយាយថា ក្រោយពេលឃាត់នារីវ័យរូបនេះបានហើយ នាងមិនព្រមចុះចេញពីក្នុងរថយន្តនោះទេ ដែលជាហេតុបង្កឲ្យមានការភ្ញាក់ផ្អើលនិងកកស្ទះចរាចរណ៍តាមផ្លូវខាងលើ ខណៈនោះកម្លាំងនគរបាលបាននិយាយលួងលោមអស់ពេលយ៉ាងយូរ ទើបនាងព្រមចេញ។
ប្រភពដដែលបន្តថា បន្ទាប់មកបាននាំនាងទៅកាន់ប៉ុស្តិ៍ ទើបដឹងថា រថយន្តម៉ាកតូយ៉ូតាព្រុស ពណ៌ក្រហម ដែលនាងជិះនោះ គឺបានទិញតាមរយៈការបង់រំលស់ និងបានដាក់ឈ្មោះនាង ប៉ុន្តែមានការជួយបង់ប្រាក់រំលស់ពីសំណាក់ម្ដាយ និងបងប្អូនមួយចំណែកដែរ។
ក្រោយមកស្រាប់តែនាងចាកចេញពីផ្ទះ ហើយបានយករថយន្តនេះជិះផ្ដាច់មុខម្នាក់ឯងទើបម្ដាយដេញតាមយករថយន្តនេះវិញ ក្រោយពីការសម្របសម្រួលគ្នាភាគីទាំង២បានឯកភាពគ្នាបញ្ចប់រឿង ដោយម្ដាយយកតែរថយន្តទៅផ្ទះវិញ និងបានបើកសិទ្ធិឲ្យនាងធ្វើអ្វីៗតាមបំណងរបស់ខ្លួនទៅចុះ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ