ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខែវស្សា​គ្មាន​ទឹក​ធ្វើ​ស្រែ​ប្រជា​កសិករ​ឡើង​ត្នោត

13 ឆ្នាំ មុន

ខេត្តកំពង់​ស្ពឺ​​ ៖ ប្រជា​កសិករ​នៅ​ខេត្ត​កំពង់​ស្ពឺ​កំពុង​ជួប​បញ្ហា​រាំង​ស្ងួតដោយ​​ទី​ កន្លែងខ្លះ​​ស្ទើរ​តែ​ពុំ​ទាន់​បាន​ទទួល​ទឹក​ភ្លៀង​ស្ទូង​ដក​មួយ​តំណក់​ នៅឡើយ​ ។ ដោយ​ឡែក​ការ​ងារ​មួយ​ចំនួន​ទៀត​ដែល​សំខាន់​បំផុត​សំរាប់​សន្តិ​សុខ​ស្បៀង​ ក្នុង​រដូវ​រំហើយ​ និង​ប្រឈម​មុខ​រដូវ​ប្រាំង​​ខាង​មុខ​នេះ​ក៏​កំពុង​ជួបបញ្ហា​ដែរ​ នោះ​គឺ​ការ​ដឹកបង្អោង​​ឫស្សី​ដើម្បី​ចង​ដើម​ត្នោត​ឡើង​កៀប​យក​ទឹក​​ធ្វើ​ ជាស្ករ​ដោយ​សង្ឃឹម​ថា​ ជា​លទ្ធ​ភាព​សំរាប់​ការ​ដោះ​ដូរ​យក​អង្ករ​ចិញ្ចឹម​ឆ្នាំង​ត្រូវ

ខេត្តកំពង់​ស្ពឺ​​ ៖ ប្រជា​កសិករ​នៅ​ខេត្ត​កំពង់​ស្ពឺ​កំពុង​ជួប​បញ្ហា​រាំង​ស្ងួតដោយ​​ទី​កន្លែងខ្លះ​​ស្ទើរ​តែ​ពុំ​ទាន់​បាន​ទទួល​ទឹក​ភ្លៀង​ស្ទូង​ដក​មួយ​តំណក់​នៅឡើយ​ ។ ដោយ​ឡែក​ការ​ងារ​មួយ​ចំនួន​ទៀត​ដែល​សំខាន់​បំផុត​សំរាប់​សន្តិ​សុខ​ស្បៀង​ក្នុង​រដូវ​រំហើយ​ និង​ប្រឈម​មុខ​រដូវ​ប្រាំង​​ខាង​មុខ​នេះ​ក៏​កំពុង​ជួបបញ្ហា​ដែរ​ នោះ​គឺ​ការ​ដឹកបង្អោង​​ឫស្សី​ដើម្បី​ចង​ដើម​ត្នោត​ឡើង​កៀប​យក​ទឹក​​ធ្វើ​ជាស្ករ​ដោយ​សង្ឃឹម​ថា​ ជា​លទ្ធ​ភាព​សំរាប់​ការ​ដោះ​ដូរ​យក​អង្ករ​ចិញ្ចឹម​ឆ្នាំង​ត្រូវ​កុង​ត្រូល​ជជុះ​ជា​ច្រើន​កន្លែង​ស្ទាក់​យក​លុយ ។ ប្រធាន​សមា​គម​អន្ត​រ​វិជ្ជា​ជីវៈ​ផ្នែក​ស្ករ​ត្នោត​កំពង់​ស្ពឺ​ដែល​មាន​ស្នាក់​ការ​នៅ​ឃុំ​ច័ន្ទ​សែន​ស្រុក​កំពង់​ស្ពឺ​​រៀប​រាប់​ថា​ បច្ចុប្បន្ន​គ្រោះ​រាំង​ស្ងួតធ្វើ​ឱ្យ​​ការ​ធ្វើ​ស្រែ​​វស្សាពុំ​បាន​ល្អ​ ដូច្នេះ​កសិករ​​ងាក​មក​រក​មុខ​របរ​ឡើង​ត្នោត​វិញ​ដើម្បី​យក​កំរៃ​ជំនួស​ផល​ស្រូវ​ឆ្នាំ​នេះ​ ។

លោក​សំ សារឿន ប្រធាន​សមា​គម​លើក​កំពស់​ស្ករ​ត្នោត​កំពង់​ស្ពឺ​មាន​ប្រសាសន៍​ទៀត​ថា​ សមាគម​លើក​កំពស់​ស្ករ​ត្នោត​កំពង់​ស្ពឺ​បាន​ចាប់​ដំណើរ​ការ​ពី ឆ្នាំ​២០០៨​រហូត​មក​ឆ្នាំ​២០១០​នេះ​បាន​ផ្តល់​ផល​ស្ករ​ត្នោត​ដល់​អ្នក​ទទួល​ទិញ​ចំនួន​៣ គឺអង្គការ​​ជប៉ុន អង្គការ​ Europ និង​អ​ង្គ​ការ​ Confirel ។​ ចំពោះ​​ខេត្ត​ផលិត​ស្ករ​ត្នោត​មាន​ចំនួន​៤​ គឺ​ខេត្ត​កំពង់​ស្ពឺ​ កំពង់​ឆ្នាំង​ កណ្តាល​ និង​តា​កែវ ​។ អ្នក​ផលិត​ស្ករ​ត្នោត​បានលើក​​ឡើង​ថា បញ្ហា​ចំពោះ​មុខ​នេះ​គឺ​ការ​ដឹក​បង្អោង ​។ បណ្តា​ឆ្នាំ​មុនៗ​ពួក​គាត់​ទិញ​បង្អោង​មួយ​ដើម​តំលៃ​តែ​៥.០០០​រៀល ​ទៅ​៧.០០០រៀលប៉ុណ្ណោះ​ ចំណែក​ឆ្នាំ​នេះ​តំលៃ​លើស​ជាង​ឆ្នាំ​ទៅ​ ព្រោះ​អ្នក​ដឹក​លក់​ត្រូវ​បង់ឱ្យ​​បណ្តា​ប៉ុស្តិ៍​កុង​ត្រូល​ជជុះ​រាប់​សិប​កន្លែង ។

លោក​សែម វីរៈ​ តំណាង​ឱ្យអ្នក​​ឡើង​ត្នោត​និយាយ​ថា​ ការ​ដឹក​បង្អោង​កំពុង​ជួប​បញ្ហា​ដោយ​​សារ​មាន​ការ​ដាក់​កុង​ត្រូល​ជជុះ​យកលុយ​ក្នុង​​មួយ​រទេះ ​ឬ​រថ​យន្ត​ពីតំលៃ​៨ម៉ឺន​រៀល​ទៅ​១៥​ម៉ឺនរៀល​ ។ កុង​ត្រូល​ខុស​ច្បាប់​ក្នុង​ខេត្ត​កំពង់​ស្ពឺ​មាន​ចំនួន​ជាង​៥៧​កន្លែង​ ហើយ​ពេល​ខ្លះ​ដើរ​ជួប​តាម​ផ្លូវ​ក៏​ស្ទាក់​ចាប់​ទារ​លុយក៏​មាន​​ដែរ ​។ ដូច្នេះ​ក្នុង​មួយ​រទេះ​ ឬ​មួយ​រថ​យន្តត្រូវ​ចំណាយ​​អស់​ប្រាក់ពី​១​លាន​៥០​ម៉ឺន​រៀល​ទៅ​១​លាន​៧០​ម៉ឺន​រៀល​ ។ លោក​សែម វី​រៈ ឱ្យ​ដឹង​ទៀត​ថា​ ​ខេត្ត​៣​ទៀត​គឺ​កណ្តាល កំពង់​ឆ្នាំង និង​តា​កែវ​ក៏​មាន​កុង​ត្រូល​ដែរ​ តែ​មាន​ត្រឹមពី​​៦​ទៅ​៧​កន្លែង​ប៉ុណ្ណោះ​មិន​ធ្ងន់​ធ្ងរ​ដូច​ខេត្ត​កំពង់​ស្ពឺ​ទេ​ ។ តាម​ពិត​នេះ​ជា​ប្រយោជន៍​សំរាប់​បំរើ​សេច​ក្តី​ត្រូវ​ការ​ក្នុង​ប្រទេស​ពុំ​មែន​នាំ​បង្អោង​លក់​ឱ្យ​​អ្នក​ឡើង​ត្នោត​នៅ​ក្រៅ​ប្រទេស​​ទេ ដូច្នេះ​មិន​គួរ​មាន​សមត្ថ​កិច្ច​ស្ទាក់​ឃាត់​ទារ​លុយ​តាម​ផ្លូវ​ច្រើន​បែប​នេះ​ទេ ​។

អ្នក​ដឹកបង្អោងលក់​​ដល់​ទី​កន្លែង​ឡើង​ត្នោត​របស់​ប្រជា​កសិករ​លោក​ថិត វ៉ាន់ ហៅ​ហ៊ឹង​ ឱ្យ​ដឹង​ថា ការ​ដឹក​បង្អោង​ឫស្សី​នេះ​ក្នុង​មួយ​រដូវ​​ពី​១៥០ទៅ​២០០​រថ​យន្ត តែ​ឆ្នាំ​នេះ​កសិករ​មាន​គំរោង​ធ្វើ​ត្នោត​ច្រើន​ជាង​មុន​ ដូច្នេះ​ត្រូវ​ផ្គត់​ផ្គង់​បង្អោង​ច្រើន​ ព្រោះ​មិន​អាចពឹង​លើ​​ផល​ស្រូវ​បាន ​។ ចំពោះ​បង្អោង​មួយ​ដើម​លក់​ឱ្យ​កសិករ​ថ្លៃ​៧.០០០​រៀល​ ។ លោក​សំ សារឿន បាន​សំណូម​ពរ​ដល់​ប្រមុខ​រាជ​រដ្ឋា​ភិ​បាល​ ជា​ពិសេស​សម្តេច​តេជោ​ ហ៊ុន សែន ឱ្យជួយ​ដល់​សុខ​ទុក្ខ​ប្រជា​កសិករ​កំពុង​ជួប​ប្រទះ​ការ​រាំង​ស្ងួត​ផង ដោយ​​ពួក​គាត់មាន​អាជីព​ឡើង​ត្នោត​ជា​របរធំ​ទី​២ តែ​ជួប​ប្រទះ​រឿង​កុង​ត្រូល​ជជុះច្រើន​ទារ​លុយ​ពាក់​ព័ន្ធ​នឹង​របរ​របស់​ពួក​គាត់​នេះ​ ។​ ប្រសិន​បើ​ឫស្សី​បង្អោង​សំរាប់ឡើង​ត្នោត​ពុំ​​ទទួល​ការ​គាប​សង្កត់​យក​លុយ​ពី​សំណាក់​កុង​ត្រូល​ជជុះទេ​​ កសិករ​អាច​ទាញ​ផល​ស្ករ​ត្នោត​បាន​ច្រើន​លើស​ពី​តំរូវ​ការ​ ។ លោក​ប្រធាន​សមា​គមឱ្យ​ដឹង​ថា​ ឆ្នាំ​កន្លង​ទៅ​អ្នក​ទទួល​ទិញ​នៅ​ក្រៅ​ប្រទេស​​នាំ​ចេញ​ស្ករ​ត្នោត​បាន​ចំនួន​៣០​តោន​ ។ ចំនួន​នេះ​ទោះ​បី​តិច​តួច​ក្តី​​តែ​​ជា​ការ​ផ្តល់​ផល​ប្រយោជន៍ដល់​ប្រជា​កសិករ​ឱ្យ​យក​ចិត្ត​ទុក​ដាក់​នាំ​គ្នា​ផលិត​ស្ករ​ត្នោត​ និង​ជា​យុទ្ធ​សាស្ត្រ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ ៕