ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ផ្ទុក Covid-19 ម្នាក់​នៅ​កោះកុង ត្រូវ​អនុញ្ញាតិ​ឱ្យ​ចេញពី​មន្ទីរពេទ្យ​ហើយ

4 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ អ្នក​ផ្ទុកមេរោគ Covid-19 ជនជាតិ​ខ្មែរឥស្លាម​ម្នាក់ ដែល​ត្រូវ​បាន​មន្ទីរពេទ្យ​ខេត្ត​កោះកុង បាន​រក​ឃើញ និង​យក​មក​ឱ្យ​ទទួល​ការ​ព្យាបាល ដោយ​ដាច់​ដោយឡែក​នៅ​ក្នុង​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត កាលពី​ថ្ងៃ​ទី​១៥…

ខេត្តកោះកុង ៖ អ្នក​ផ្ទុកមេរោគ Covid-19 ជនជាតិ​ខ្មែរឥស្លាម​ម្នាក់ ដែល​ត្រូវ​បាន​មន្ទីរពេទ្យ​ខេត្ត​កោះកុង បាន​រក​ឃើញ និង​យក​មក​ឱ្យ​ទទួល​ការ​ព្យាបាល ដោយ​ដាច់​ដោយឡែក​នៅ​ក្នុង​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត កាលពី​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០២០ កន្លង​មក ត្រូវ​បាន​អនុញ្ញាតិ​ឱ្យ​ចេញពី​មន្ទីរ​ពេទ្យ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែមីនា​នេះ បន្ទាប់​ពី​ទទួល​សេវា​ព្យាបាល​អស់​រយៈពេល​១២​ថ្ងៃ ហើយ​ឆ្លងកាត់​ការ​ត្រួតពិនិត្យ​រក​មេរោគ ដោយ​ក្រសួងសុខាភិបាល ចំនួន​៣​លើក​ចុង​ក្រោយ ហើយ​លែង​មាន​មេរោគ ។

លោក​ជំទាវ មិថុនា ភូ​ថង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កោះកុង ដែល​បាន​អញ្ជើញ​ចូលរួម និង​ចុះ​សួរសុខទុក្ខ​ផ្ទាល់​បាន​សំដែង​ការ​អបអរសាទរ​ដល់​បុរស​ជនជាតិ​ខ្មែរឥស្លាម​ម្នាក់​អាយុ​៥៧​ឆ្នាំ​នោះ ដែល​មាន​ទីលំនៅ​ឯ​ខេត្តកំពត ហើយ​ចុះ​មក​ផ្សព្វផ្សាយ​កិច្ចការ​សាសនា នៅ​ខេត្តកោះ​កុង ។

លោក​ជំទាវ​អភិបាលខេត្ត បាន​លើក​ឡើង​ថា ការ​ថែទាំ​ការ​ព្យាបាល ជា​កត្តាចាំបាច់​មួយ ប៉ុន្តែ​អ្វី​ដែល​ជា​បញ្ហា​អាទិភាព​បំផុត គឺ​វិធានការ​ការ​ចម្លង​ថ្មី​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត និង​ការ​អប់​​រំ​ការពារ​ការ​ចម្លង ព្រោះ​មេរោគ​កូ​វី​ដ​១៩​នេះ ឆ្លង​តាម​ផ្លូវដង្ហើម ហើយ​មាន​ប្រភេទ (Serotype) ផ្សេង​ៗ​គ្នា និង​កំរិត​ជាតិពុល​របស់​វា​ក៏​ខុស​គ្នា​ដែរ​។

ជាមួយ​គ្នា​នេះ​ផង​ដែរ សូម​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​ថែរក្សា​អនាម័យ​ជា​ប្រចាំ ព្រម​ទាំង​គោរព​តាម​គោលការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល និង​អាជ្ញាធរ​ពាក់ព័ន្ធ ដោយ​ឡែក​ព័ត៌មាន​ពាក់ព័ន្ធ និង​ជំងឺ Covid-19 ត្រូវ​តាមដាន​តាម​រយៈ​ក្រសួងសុខាភិបាល នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា តែ​មួយ​គត់​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ