ខេត្តរតនគិរី ៖ ការទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩ កុំឱ្យមានការឆ្លងចូលក្នុងសហគមន៍ ភូមិរបស់បងប្អូនប្រជាពលរដ្ឋដែលភាគច្រើន ជាជនជាតិដើមភាគតិចនោះ និងក្នុងបំណងរក្សាប្រពៃណីផងដែរ ។ នេះជាការថ្លែងរបស់លោកមេឃុំសេដា និងមេឃុំប៉ាតេ ដែលបានសម្រេចបិទភូមិចំនួន៧ មិនឱ្យប្រជាពលរដ្ឋដែលមិនស្គាល់មុខឬអត្តសញ្ញាណចេញចូលក្នុងភូមិរបស់ពួកគេឡើយ ។
ការសម្រេចរបស់មេឃុំទាំងពីរខាងលើដែលបានបិទភូមិនោះ តាមប្រភពបានឱ្យដឹងថា ធ្វើឡើងតាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាលនិងតាមការស្នើរបស់ប្រជាពលរដ្ឋក្នុងភូមិនោះផងដែរ ។ លោក អង ប៊ុនធៀង មេឃុំសេដា បានឱ្យដឹង នៅរសៀលថ្ងៃទី២៦ខែ មីនា ឆ្នាំ២០២០ នេះថា លោកបានសម្រេចបិទភូមិចំនួន៣ គឺភូមិប៉ម ភូមិថ្មី និងភូមិឡិកចាប់ពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ ហើយការបិទនេះ ដើម្បីកុំឱ្យមនុស្សក្រៅភូមិឃុំចេញ-ចូលច្រើនពេក ខ្លាចការចម្លងជំងឺដែលយើងមើលមិនឃើញនោះ ។
ចំណែកភូមិធំៗដូចជា ភូមិប៉ាទាត់ ភូមិសាមុត្រលើ ភូមិសាមុត្រក្រោមជាប់នៅផ្លូវធំ មិនមានការបិទទេ ព្រោះមានរថយន្តធ្វើចរាចរណ៍ចេញចូលជាធម្មតា តែក៏អាចបិទដែរ ព្រោះគេបានលើកស្លាកហាមចូលរួចហើយ ។ លោក ឆាយ ធី មេឃុំប៉ាតេក៏បានប្រាប់ដែរថា ឃុំប៉ាតេរបស់លោកមានការបិទ ចំនួន៤ភូមិ គឺភូមិគងធំ ភូមិគងយុក ភូមិប្លង់ និងភូមិប្អរ ហើយការសម្រេចបិទនេះ ដើម្បី បង្ការអ្នកមកពីចម្ងាយ និងចាត់កម្លាំងត្រួតពិនិត្យ អ្នកដំណើរ ជាពិសេសអ្នកមកពីថៃតែម្ដង ។ ការបិទនេះ ក៏ធ្វើតាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាលផងដែរ ដែលកន្លងមកមិនឱ្យមានការជួបជុំបែបសាសនា គ្រប់ប្រភេទទាំងអស់នៅទូទាំងប្រទេស ហើយឃុំរបស់លោកបានអនុវត្តបានរួចរាល់ហើយ ។ ចំណែកឯពិធីមង្គលការក៏បានឯកភាពគ្នា រំសាយចោលដែរឬលើកពេលទៅថ្ងៃក្រោយដែរ ។
លោកបានបន្តថា ការបិទនេះមិនមែនបិទ ចរាចរណ៍ទាំងស្រុងនោះទេ នៅតែចេញចូល បាន គ្រាន់តែរឹតបន្តឹងការត្រួតពិនិត្យមើលអ្នកដំណើរថា តើគាត់មកពីណាពីចម្ងាយ ឬមុខប្លែកជាដើម យើងសួរនាំគាត់មិនឱ្យចូលឃុំដោយសារយើងបង្ការការឆ្លងជំងឺកូវីដ-១៩ ពិសេសអ្នកមកពីប្រទេសថៃ ដោយសារ ឃុំនេះមានអ្នកមកពីថៃច្រើនផងដែរ ។ធ្វើការបិទនេះអាចនិងដឹងថា មនុស្សភាគច្រើនគាត់ចេញចូលមកពីណានិងពេលណាខ្លះដែលនេះជាការគ្រប់គ្រង ដើម្បីទប់ស្កាត់កុំឱ្យមានការឆ្លងជំងឺកូវីដ១៩ ។នៅឃុំប៉ាតេមិនទាន់មានអ្នកគួរឱ្យសង្ស័យ ពាក់ព័ន្ធនឹងជំងឺកូវិដ១៩នៅឡើយទេតែធ្វើនេះ ដើម្បីបង្ការអ្នកមកពីខាងក្រៅចេញចូលខ្លាច មានសមាសភាពមកពីបរទេសជាដើម ។
ការបិទផ្លូវនេះក៏មានការធ្វើឡើងជាបន្តបន្ទាប់ផងដែរ តាំងពីថ្ងៃទី២១ ខែមីនារហូតមក ដល់បច្ចុប្បន្ន តាមការស្នើសុំរបស់សហគមន៍ប្រជាពលរដ្ឋក្នុងភូមិដែលជាជនជាតិដើមភាគតិចដែលមានចាស់ទុំនិងមានមេកន្ទ្រាញជាដើមផងកន្លងមក ។ តាមបណ្តាភូមិឃុំមួយចំនួនគ្រាន់តែធ្វើការផ្សព្វផ្សាយសេចក្ដីណែនាំរបស់ ក្រសួងសុខាភិបាលប៉ុណ្ណោះ ហើយពួកគេក៏ ពិភាក្សាគ្នាដើម្បីសុវត្ថិភាពក៏ស្នើបិទភូមិនេះតែម្ដង ។ ដោយឡែកនៅឃុំកិចុង ស្រុកបរកែវក៏មានការបិទភូមិដែរ តែពួកគាត់ថាធ្វើឡើងតាមទំនៀមទម្លាប់ប្រពៃណីជនជាតិដើមភាគតិចប៉ុណ្ណោះ ព្រោះឱ្យតែចូលដល់រដូវក្តៅឬមានធ្លាក់ភ្លៀងជាដើម ពេលមានជំងឺរាតត្បាតពួកគាត់តែងតែដាក់ប៉ារាសបិទផ្លូវមិនឱ្យមានអ្នកភូមិផ្សេងឆ្លងកាត់ឡើយ ។
ប្រភពពីអ្នកភូមិបានប្រាប់ថា ក្នុងខណៈពេលដែលកំពុងបិទនោះបើមានអ្នកភូមិផ្សេងឆ្លងកាត់ គឺត្រូវផាកពិន័យដូចជាការបង្គាប់ឱ្យបង់ជាក្របី ជ្រូក គោ មាន់ ឬជាប្រាក់ ដោយចោទប្រកាន់ថា អ្នកធ្វើដំណើរឆ្លងកាត់នោះ ល្មើសនិងម្ចាស់ទឹកម្ចាស់ដីឬអារក្សព្រៃ នាំឱ្យអ្នកភូមិរស់នៅមិនមានសេចក្តីសុខឬមានជំងឺឈឺដង្កាត់មកយាយីដល់អ្នកភូមិទើបធ្វើការផាកពិន័យបែបនេះ ។ ប្រភពបន្តថា សំណងបានមកពីការបង់ផាកនោះ ពួកគាត់នឹងយកមកធ្វើពិធីសែនព្រេនសុំទោសដល់ម្ចាស់ទឹកម្ចាស់ដីនិងអារក្សព្រៃកុំឱ្យមានការប្រកាន់ទោស ។
ប្រពៃណីបែបនេះថ្វីតដ្បិត តែមានសមាគមឬអង្គការនានាបំភ្លឺពន្យល់់ណែនាំឱ្យបោះបង់ចោលខ្លះក្តី ក៏នៅតែមានការគោរពបន្តជាហូរហែនៅឡើយ ។ តាមបណ្តាភូមិមួយចំនួនដាច់ស្រយាលនិងដែលមានបងប្អូនជនជាតិដើមភាគតតិចរស់នៅច្រើន គឺនៅមិនទាន់មានការបោះបង់ប្រពៃណីទនៀមទំលាប់នៅឡើយ ៕
ចែករំលែកព័តមាននេះ