ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​តែ​អត់​រាង​! ជាប់​ពន្ធនាគារ​១​ឆ្នាំ​កន្លះ​ហើយ ចេញ​មក​វិញ​ប្រព្រឹត្ត​លើស​ដើម

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​ធ្លាប់​ត្រូវ​បាន​កម្លាំង​នគរបាល ចាប់ខ្លួន​បញ្ជូន​ទៅ​តុលាការ​ពី​បទ​ប្រព្រឹត្ត​អំពើ​រំលោភ​លើ​សេចក្តី​ទុកចិត្ត ហើយ​ត្រូវ​តុលាការ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​១​ឆ្នាំ​កន្លះ ប៉ុន្តែ​ពេល​ចេញ​មក​វិញ ទើបតែ​បាន​១​ខែ​កន្លះ ក៏​ទៅ​ឆបោក​យក​ម៉ូតូ​របស់​បងប្អូន​ក្នុងភូមិ​ចំនួន​២​គ្រឿង​យក​ទៅ​ប​ញ្ជាំ​លេងល្បែង និង​ទិញ​គ្រឿងញៀន​ជក់​អស់​ទៀត…

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​ធ្លាប់​ត្រូវ​បាន​កម្លាំង​នគរបាល ចាប់ខ្លួន​បញ្ជូន​ទៅ​តុលាការ​ពី​បទ​ប្រព្រឹត្ត​អំពើ​រំលោភ​លើ​សេចក្តី​ទុកចិត្ត ហើយ​ត្រូវ​តុលាការ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​១​ឆ្នាំ​កន្លះ ប៉ុន្តែ​ពេល​ចេញ​មក​វិញ ទើបតែ​បាន​១​ខែ​កន្លះ ក៏​ទៅ​ឆបោក​យក​ម៉ូតូ​របស់​បងប្អូន​ក្នុងភូមិ​ចំនួន​២​គ្រឿង​យក​ទៅ​ប​ញ្ជាំ​លេងល្បែង និង​ទិញ​គ្រឿងញៀន​ជក់​អស់​ទៀត ក៏​ត្រូវ​កម្លាំង​នគរបាល​ចាប់​ឃាត់ខ្លួន កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ។

លោក​វរសេនីយ៍ឯក ខែ​ម សោភ័ណ នាយការិយាល័យ​នគរបាល ព្រហ្មទណ្ឌ​កំរិត​ស្រាល បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ​ឈ្មោះ ទួង រាសី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ នៅ​ភូមិ​ប៉ោយ​ចារ ឃុំ​ប៉ោយ​ចារ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

លោក​វរសេនីយ៍ឯក ខែ​ម សោភ័ណ បន្ត​ទៀត​ថា ជន​នេះ​បាន​ប្រព្រឹត្តិ​បទល្មើស​រំលោភ​លើ​សេច​ក្តី​ទុក​យក​ម៉ូតូ​មិត្តភក្តិ​យក​ទៅ​ប​ញ្ជាំ​ចំនួន​២​ករណី ហើយ​ត្រូវ​ជន​រង​គ្រោះ​ប្តឹង​ឲ្យ​ចាប់ខ្លួន​តែ​ម្តង​។

លោក​វរសេនីយ៍ ឯក ខែ​ម សោភ័ណ បាន​បន្ត​ថា ករណី​ទី​១- នៅ​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០១៩ វេលា​ម៉ោង​៦​និង​១៥​នាទី​យប់ ជនសង្ស័យ​បាន​ខ្ចី​ម៉ូតូ​ម៉ាក ZOOMER ពណ៌​ស លាយ​ទឹកក្រូច ពាក់​ស្លាក​លេខ ពោធិ៍សាត់ 1E-7277 ជា​របស់​ជន​រង​គ្រោះ​ឈ្មោះ​ធុង ឆៃ​យ៉ា ភេទ​ប្រុស អាយុ​២០​ឆ្នាំ នៅ​ភូមិ​ប៉ោយ​ចារ ឃុំ​ប៉ោយ​ចារ ស្រុក​ភ្នំស្រុក ខណៈ​ពេល​កំពុង​អង្គុយ​ផឹកស៊ី​ជាមួយ​គ្នា​ថា ជិះ​ទៅ​ទិញ​សាច់​ក្លែម ប៉ុន្តែ​បែរជា​ជិះ​យក​ទៅ​បាត់​រហូត មិន​ត្រឡប់​មក​វិញ​នោះ​ទេ​។

ចំណែក​ករណី​ទី​២- នៅ​ម៉ោង​១១​និង​៥០​នាទី​យប់​រំលង​អ​ធ្រា​ត​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៩ ជនសង្ស័យ​បាន​យក​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេរី​ឆ្នាំ​២០១៤ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ 1I-8743 ជា​របស់​ឈ្មោះ​សុខ សុផល ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ នៅ​ភូមិ​បឹង​វែង ឃុំ​តា​ឡំ ស្រុក​មង្គល​បូ​រី ដោយ​និយាយ​ថា ខ្ចី​ទៅ​ទិញ​ទឹក​ផឹក ហើយ​ក៏​ជិះ​ទៅ​បាត់​មិន​ត្រឡប់​មក​វិញ​ដូច​គ្នា​។

លោកនាយ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល បាន​បញ្ជាក់​ថា ជនសង្ស័យ​រូប​នេះ ធ្លាប់​​ត្រូវ​កម្លាំង​នគរបាល​ចាប់​បញ្ជូន​ទៅ​សលា​ដំបូង​ខេត្តបន្ទាយមានជ័យ ពី​បទ​រំលោភ​លើ​សេចក្តី​ទុកចិត្ត ហើយ​ត្រូវ​តុលាការ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​អស់​រយៈពេល​១​ឆ្នាំ​កន្លះ​។ ក្រោយមក​ទើប​តែ​ចេញពី​ពន្ធនាគារ​បាន​រយៈពេល​១​ខែ​កន្លះ ក៏​បាន​ប្រព្រឹត្ត​បទល្មើស​២​ករណី​ទៀត ហើយ​ក៏​ត្រូវ​កម្លាំង​នគរបាល​ស្រុក​ភ្នំស្រុក ចាប់​ឃាត់ខ្លួន​បាន​នៅ​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០២០ វេលា​ម៉ោង​៣​និង​១៥​នាទី​រសៀល នៅ​នឹង​ផ្ទះ​របស់​ខ្លួន ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​គេ​ពិតជា​បាន​យក​ម៉ូតូ​របស់​ឈ្មោះ​ធុង ឆៃ​យ៉ា និង​ឈ្មោះ​សុខ សុផល ពិតប្រាកដ​មែន ក្រោយ​ពី​យក​ទៅ​ប​ញ្ជាំ​បាន​លុយ រួច​ក៏​ទៅ​លេង​ល្បែង​នៅ​កាស៊ីណូ និង​ទិញ​គ្រឿងញៀន​ជក់​អស់ហើយ​។

ដោយ​ផ្អែក​ទៅ​លើ​បណ្តឹង​របស់​ជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូ និង​ចម្លើយ​សារភាព​របស់​ជនសង្ស័យ បច្ចុ​ប្បន្ន​កម្លាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ខេត្ត បាន​រៀបចំ​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០២០​នេះ ដើម្បី​ចាត់ការ​តាម​ផ្លូវ​ច្បាប់​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ