ប្រទេសចិន ៖ យោងតាមស៊ីនហួថា អាជ្ញាធរសុខាភិបាលចិនថ្លែងនាថ្ងៃទី២៦ ខែមីនាថា ក្នុងថ្ងៃទី២៥ មីនា នៅចិនដីគោកពុំមានអ្នកឆ្លងវីរុស COVID-19 ក្នុងស្រុកថ្មីណាម្នាក់ឡើយ ។
គណៈកម្មាធិការសុខាភិបាលចិន បានទទួលរបាយការណ៍ រៀបរាប់ពីអ្នកឆ្លងវីរុសថ្មី៦៧នាក់នាថ្ងៃទី២៥ មីនា ដែលសុទ្ធតែអ្នកនាំចូល។ ក្នុងចំណោមអ្នកទាំងនេះ១៨នាក់រកឃើញនៅក្រុងសៀងហៃ ១២នាក់នៅម៉ុងហ្គោលីក្នុង ១១នាក់នៅក្វាងទុង ៦នាក់នៅក្រុងប៉េកាំង ៦នាក់់នៅហ្វូជាន ៣នាក់នៅស៊ន់ស៊ី ២នាក់នៅហ្សេយ៉ាង ២នាក់នៅទៀនជីន ២នាក់នៅយុនណាន់ ២នាក់នៅជាំងស៊ូ ម្នាក់នៅសាន់ស៊ី ម្នាក់នៅជាលីននិងម្នាក់នៅហឺណាន់។ តាមតុល្យការថ្ងៃទី២៥មីនា សរុបអ្នកឆ្លងវីរុសនាំចូលពីក្រៅមកមាន៥៤១នាក់នៅចិន។
តាមតុល្យការថ្ងៃទី២៥ មីនាចំនួនអ្នកបាត់បង់ជីវិតនៅចិនដីគោក មាន៦នាក់ដែលសុទ្ធតែនៅខេត្តហ៊ូប៊ី។ នាថ្ងៃដដែលនោះដែរមនុស្ស៤០១នាក់ បានចាកចេញពីមន្ទីរពេទ្យក្រោយជាសះស្បើយ ចំណែកចំនួនអ្នកជំងឺធ្ងន់បានចុះថយមកនៅត្រឹម១.២៣៥នាក់។ តួលេខថ្ងៃទី២៥មីនា រាយការណ៍ពីចំនួនសរុបនៃអ្នកឆ្លងវីរុស នៅចិនដីគោកថាមានដល់៨១.២៨៥នាក់ ហើយចំនួនអ្នកបាត់បង់ជីវិតមាន៣.៩៤៧នាក់។ មនុស្ស៧៤.០៥១នាក់អាចចាកចេញពីមន្ទីរពេទ្យក្រោយជាសះស្បើយ ។
ហ៊ូប៉ីបើកទ្វារមនុស្សសម្រុកចេញដើរ
ខេត្តហ៊ូប៉ីនាថ្ងៃទី២៦មីនា ចាប់បើកទ្វារវិញ ដោយបណ្ដារថភ្លើងនិងរថយន្តបឺសបានសម្រុកចេញធ្វើអាជីវកម្ម។ ផ្លូវនានាត្រូវកកស្ទះព្រោះតែមនុស្សសម្រុកចេញដើរច្រើន ក្រោយពីត្រូវបង្ខាំងអស់ពេល២ខែដោយសារវីរុសCOVID-19 ។ នៅមុខស្ថានីយរថភ្លើងMACHENGជាទីក្រុងមួយមានប្រជាជន៨០០.០០០នាក់មហាជនដែលអមដោយកុមារ បានឈរតម្រង់ជួរបន្តកន្ទុយគ្នា ក្រោមដំណាក់ទឹកភ្លៀងដើម្បីអាចទិញសំបុត្ររថភ្លើង ហើយចាកចេញពីខេត្តនោះ ដែលកាត់ផ្ដាច់ពីផ្នែកនានារបស់ប្រទេសចាប់តាំងពីដំណាច់ខែមករាមក។
រដ្ឋាភិបាលចិនប្រកាសកាលពីថ្ងៃទី២៤មីនាថា ការរិតត្បិតការធ្វើដំណើរនឹងត្រូវលុបចោលក្រោមលក្ខខណ្ឌមួយចំនួន ចាប់ពីពាក់កណ្ដាលយប់ទៅ សម្រាប់ខេត្តហ៊ូប៉ីទាំងមូល លើកលែងតែក្រុងវូហានជាទីប្រជុំជនខេត្ត ចំណុចចាប់ផ្ដើមនៃការចម្លងវីរុស។ ការរិតត្បិតដើរហើរក្នុងទីក្រុងវូហានមានប្រជាជន១១លាននាក់ នឹងត្រូវលុបចោលរហូតដល់ថ្ងៃទី៨មីនា ។
ខេត្តហ៊ូប៉ីមានប្រជាជនជាង៥០លាននាក់ ជាខេត្តរងការប៉ះពាល់ខ្លាំងបំផុត ដោយការឆ្លងរាលដាលនៃវីរុស។ ការបិទខេត្តហ៊ូប៉ីកើតមានមុនបុណ្យចូលឆ្នាំចិន ពេលដែលពលករដែលចេញទៅធ្វើការក្នុងទីក្រុងធំៗ លើកគ្នាមកកាន់ស្រុកកំណើត។ ជាលទ្ធផលពលករច្រើនលាននាក់រង់ចាំទាំងអស់សង្ឃឹមថាអាចវិលត្រឡប់ទៅកាន់កន្លែងធ្វើការវិញ ព្រោះគ្រួសារពួកគេពឹងលើការងារពួកគេ។
ក្រុងHUANGGANG ទីក្រុងមួយមានប្រជាជន៧លាននាក់ ជាកន្លែងមួយក្នុងចំណោមកន្លែងរងការប៉ះពាល់ខ្លាំងដោយសារវីរុស បណ្ដាពលករជាមួយឥវ៉ាន់ពួកគេ រង់ចាំឡើងរថភ្លើងឬរថយន្តបឺសចាកចេញ។
ក្រៅពីការដឹកជញ្ជូនខាងផ្លូវដែក និងផ្លូវថ្នល់ ព្រលានយន្តហោះ៣របស់ខេត្តបានបើកទ្វារនាថ្ងៃទី២៥មីនា លើកលែងតែព្រលានយន្តហោះក្រុងវូហាន។ បណ្ដារថភ្លើងនឹងអនុញ្ញាតឲ្យដឹកអ្នកដំណើរនៅវូហានចាប់ពីថ្ងៃទី២៨មីនាទៅ។ ក៏ទោះបីនៅហាមឃាត់តែផ្លូវចំនួន៣០មកកាន់ក្រុងវូហាន ត្រូវបានបើកនាថ្ងៃទី២៥មីនា សម្រាប់បណ្ដាអ្នកបើកបរដែលមានលេខកូដបៃតង។ បណ្ដាសារព័ត៌មានចិនបានចេញផ្សាយរូបភាពនានាដែលបង្ហាញ ពីការកកស្ទះដ៏វែងតាមផ្លូវថ្នល់ទាំងនោះ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ