ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រោងចក្រ​ផលិត​កាបូប​ និង​ម៉ាស់​នឹង​ចាប់ផ្តើម​ដំណើរការ​ឆាប់​ៗ​នេះ​ខណៈ​តម្លៃ​ម៉ាស់​លើ​ទីផ្សារ​ហក់​ឡើង​ខ្ពស់​

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ ទន្ទឹម​នឹង​វីរុស​កូ​វី​ដ​១៩​បាន​នឹង​កំពុង​ឆ្លង​រីក​រាលដាល​ជាស​កល​នៅ​ទូ​ទាំង​ពិភពលោក និង​ការ​រក​ឃើញ​វត្តមាន​វីរុស​កូ​វី​ដ​១៩ នៅ​កម្ពុជា​កើនឡើង​ដល់ ៩៣ ករណី​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី ២៥ ខែមីនា​ឆ្នាំ ២០២០…

​រាជធានី​ភ្នំពេញ ៖ ទន្ទឹម​នឹង​វីរុស​កូ​វី​ដ​១៩​បាន​នឹង​កំពុង​ឆ្លង​រីក​រាលដាល​ជាស​កល​នៅ​ទូ​ទាំង​ពិភពលោក និង​ការ​រក​ឃើញ​វត្តមាន​វីរុស​កូ​វី​ដ​១៩ នៅ​កម្ពុជា​កើនឡើង​ដល់ ៩៣ ករណី​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី ២៥ ខែមីនា​ឆ្នាំ ២០២០ នៅ​កម្ពុជា​នោះ បាន​ធ្វើ​ឲ្យ​តម្លៃ​ម៉ាស់​និង​តម្រូវការ​អាកុល ក៏​ដូច​ជា​ជែ​ល​លាងដៃ​ក្លាយ​ផលិតផល​ពេញ​និយម​បំផុត រហូត​មាន​ធ្វើ​ឲ្យ​តម្លៃ​ម៉ាស់​ត្រូវ​បាន​ដាក់​លក់​ថ្លៃ​កប់​ពពក ។ ​

ក្នុង​ន័យ​ទប់ស្កាត់​នូវ​ឈ្មួញ ឬ​ម្ចាស់​ឱសថស្ថាន​ណាមួយ​ដាក់​លក់​ម៉ាស់​ក្នុង​តម្លៃ​ថ្លៃ​ហួសហេតុ​នោះ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ព្រមាន​នៅ​ព្រឹក​ថ្ងៃ​ទី ២៥ មីនា​នេះ​ថាស​ម្តេច​គ្រោង​នឹង​រឹប​យក​ម៉ាស់​ពី​ឱសថស្ថាន​និង​ហាង​លក់​ម៉ាស់​ណា លក់​ម៉ាស់​ថ្លៃ​ហួសហេតុ ហើយ​សម្តេច​ក៏​បាន​ព្រមាន​ផង​ដែរ​ថា សម្តេច​កំពុង​សិក្សា​ផ្លូវច្បាប់ ដែល​អាច​នឹង​បិទ​ឱសថស្ថាន​ណាមួយ​ដែល​បន្ត​លក់​ម៉ាស់​ឡើងថ្លៃ​ហូ​ស​កម្រិត សម្តេច​តេ​ជោ ហ៊ុន សែន​បាន​បញ្ជាក់​ថា «​មិន​ត្រឹម​ដក​ម៉ាស់​ទេ គឺ​បិទ​មួយ​ជីវិត ឲ្យ​រាងចាល » ដែល​ហ៊ាន​លក់​ម៉ាស់​ថ្លៃ​ហូ​សហេតុ ។ ជាមួយ​គ្នា​នោះ​ផង​ដែរ សម្តេច​តេ​ជោ​បាន​បញ្ជារ​ទៅ​ក្រសួងសុខាភិបាល​ឲ្យ​ប្រមូល​ព័ត៌មាន​ថា​មាន​ឱសថស្ថាន​ប៉ុន្មាន​ដែល​ពាក់ព័ន្ធ​នឹង​ការ​លក់​ម៉ាស់​ថ្លៃ​ហូ​សហេតុ ។

​យ៉ាងណាមិញ វា​ប្រៀប​ដូច​ជា​ដំណឹង​ល្អ​មួយទៀត​សម្រាប់​កម្ពុជា​ផង​ដែរ ស្រប​ពេល​ដែល​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ហៅ​កាត់​ថា (CDC) បាន​សម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថា​ព័រ​ដល់​ក្រុមហ៊ុន​មួយ​ដែល​មាន​គម្រោង​ផលិត​កាបូប​និង​ម៉ាស់​គ្រប់​ប្រភេទ​ដែល​មាន​ទុន​វិនិយោគ​ជាង​៣​លាន​ដុល្លារ​អា​មេ​រិ​ក​។ ក្រុមហ៊ុន​ដែល​ទទួល​បានការ​សម្រេច​ពី CDC​ថ្មី​ៗ​នេះ​ត្រូវ​បាន​ប្រធាន​សហជីព​ក្នុងស្រុក​មួយ​មើលឃើញ​ថាបើ​រោងចក្រ​នេះ​អាច​ដំណើរការ​ផលិត​ម៉ាស់​លក់​ក្នុងស្រុក​បាន​នៅ​ពេល​កូ​វី​ដ​១៩​រីក​រាលដាល​នោះ​នឹង​ធ្វើ​ឱ្យ​តម្លៃ​ម៉ាស់​លើ​ទីផ្សារ​ចុះថ្លៃ ហើយ​អាច​ទប់ស្កាត់​ការ​រីក​រាលដាល​បាន​។ ​យោង​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ឬ​ហៅ​ថា CDC​កាលពី​ថ្ងៃ​ទី​២៤​មីនា​បានឱ្យ​ដឹង​ថា តាម​សំណើសុំ​វិនិយោគ​លើ​គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប និង​ម៉ាស់​គ្រប់​ប្រភេទ របស់​ក្រុមហ៊ុន HK BURLTEX MANUFACTORY CO., LTD. គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា បាន​សម្រេច​ចេញ «​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ​» ជូន​ដល់​ក្រុមហ៊ុន​ខាងលើ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​សួន​ឧស្សាហកម្ម​វឌ្ឍនៈ ២ អគារ​លេខ ៩ ផ្លូវជាតិ​លេខ​៣ ភូមិ​ព្រៃ​សំព័រ សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

CDC បាន​បញ្ជាក់​ថា « រោងចក្រ​ដែល​មាន​គម្រោង​ផលិត​កាបូប​និង​ម៉ាស់​គ្រប់​ប្រភេទ​ខាងលើ​នវ មាន​ទុន​វិនិយោគ​ប្រមាណ ៣,១​លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៩១៥​កន្លែង​»​។​ពាក់ព័ន្ធ​និង​រោងចក្រ​ផលិត​កាបូប​និង​ម៉ាស់​គ្រប់​ប្រភេទ​ទទួល​បានការ​សម្រេច​ពី CDC បើ​អាច​ដំណើរការ​បាន​កំឡុង​ពេល​ដែល​កម្ពុជា​កំពុង​មានការ​រីក​រាលដាល​នៃ​កូ​វី​ដ​១៩​បាន ប្រធាន​សហជីព​ក្នុងស្រុក​មួយ​យល់​ថា​ជា​រឿង​ល្អ ព្រោះ​តម្រូវការ​ម៉ាស់​ក្នុងស្រុក​ធ្វើ​ឱ្យ​ម៉ាស់​ឡើងថ្លៃ​។

លោក អាត់​ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា​«​តាម​ខ្ញុំ​យល់​ប្រសិនជា​រាជរដ្ឋាភិបាល​សម្រួល​ឯកសារ​រហូត​ដល់​គេ​អាច​បើក​រោងចក្រ​បាន ខ្ញុំ​គិត​ថា​វា​ប្រហែល​មិនយូរ​ទេ​អាច​ដំណើរការ​បាន​។​រឿង​នេះ​ល្អ​ប្រសិនជា​រោងចក្រ​អាច​ផលិត​ម៉ាស់​បាន ព្រោះ​ឥលូវ​តម្រូវការ​ម៉ាស់​ក្នុងស្រុក​វា​ថ្លៃ អាច​លក់​បាន​នៅ​ក្នុង​ទីផ្សារ​ក្នុងស្រុក​បាន ឬ​រាជរដ្ឋាភិបាល​ទិញ​ចែក​ឱ្យ​ពលរដ្ឋ​បាន​ខ្ញុំ​គិត​ថា​វា​ជា​រឿង​ល្អ បើ​រោងចក្រ​មួយ​នេះ​អាច​ដំណើរការ​បាន​ពេល​ដែល​កូ​វី​ដ​១៩​កំពុង​រីក​រាលដាល​នៅ​កម្ពុជា​»​។ ​លោក​បាន​សង្កត់ធ្ងន់​ថា « បើ​រោងចក្រ​មាន​គម្រោង​ផលិត​កាបូប​និង​ម៉ាស់​គ្រប់​ប្រភេទ​អាច​ដំណើរការ​បាន​ទាន់​ពេល​នៅ​ពេល​កម្ពុជា​មានការ​រីក​រាលដាល​នៃ​កូ​វី​ដ​១៩​នេះ​បាន គឺ​អាច​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​ផ្សេង​ៗ ហើយ​ប្រមុខ​រាជរដ្ឋាភិបាល​អាច​ទិញ​ចែក​ដល់​ពលរដ្ឋ​ខ្ញុំ​គិត​អាច​ទប់ស្កាត់​ការ​រីក​រាលដាល​បាន​មួយ​ចំនួន​ធំ​»​។

ប្រធាន​សហជីព​រូប​នេះ​បាន​បន្ត​ថា ការ​រីក​រាលដាល​នៃ​កូ​វី​ដ​១៩ កម្មករ​កាត់ដេរ​មានការ​បារម្ភ​ខ្លាំង​មែនទែន ទោះបី​នៅ​ពេល​បច្ចុប្បន្ន​មិន​ទាន់​មាន​ឆ្លង​ពី​មួយ​ទៅ​មួយ​ក៏​ដោយ គាត់​មានការ​បារម្ភ​ខ្លាំង​ណាស់ ។​ក្នុង​នាម​ជា​សហជីព​បាន​ធ្វើការ​ច្រើន​ដើម្បី​ជួយ​ពន្យល់​ណែនាំ​កម្មករ ។​លើស​ពី​នេះ​យើង​បាន​ចរចារ​ជាមួយ​ក្រុមហ៊ុន​ដើម្បី​ដាក់​ប្រដាប់​ស្ទង់​កំ​ដៅ​និង​ការ​លាងដៃ​ជាមួយ​សាប៊ូ​និង​អាកុល​នេះ​មាននៅ​គ្រប់កន្លែង​។​យើង​ណែនាំ​ឱ្យ​គាត់​ពេល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ឬ​ជួប​កម្មករ​ដទៃ​ដែល​មក​ពី​ក្រៅប្រទេស​បើ​គាត់​មានការ​ក្តៅខ្លួន​ឬ​រោគ​សញ្ញា​មិន​ស្រួល​គឺ​កុំឱ្យ​គាត់​នៅ​ជិត​អ្នក​នោះ​។ តាម​ប្រធាន​សហជីព​រូប​នេះ​នៅ​ពេល​បច្ចុប្បន្ន​ដូច​ជា​នៅ​មិន​ទាន់​មាន​ផ្ទុះ​កូ​វី​ដ​១៩​នៅ​តាម​សហគមន៍​ដែល​កម្មករ​រស់នៅ​ទេ​៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ