ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វត្ត​ប៉ា​ហ៊ី​នៅ​ក្រុងប៉ៃលិន​រៀប​ក្បួន​ជូន​ដំណើរ​ដូនតា​ក្នុង​សភាព​អធិកអធម

9 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ ព្រះ​តេជគុណ​អ៊ា សុ​ផ​ន ព្រះ​ចៅអធិការ​វត្ត​ពោធិ​មា​រាម ហៅ​ប៉ា​ហ៊ី បាន​ដឹកនាំ​គណៈកម្មការ អាចារ្យ រៀបចំ​ពិធី​ដង្ហែ​ព្រលឹង​ដូនតា​ឱ្យ​ត្រឡប់​ទៅ​កន្លែង​ដើម​វិញ ក្រោយ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ចប់​សព្វគ្រប់ ។ ការ​ហែ​ក្បួន​នេះ​កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៤ កញ្ញា ២០១៤ ដោយ​មាន​ក្រុម​ភ្លេង​ឆៃយ៉ាំ​លេង​កំដរ​តាម​ផ្លូវ ពី​វត្ត​ប៉ា​ហ៊ី ក្នុងភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ឆ្ពោះទៅ​កន្លែង​ដាក់​ចូ​ម និង​បាយសី បណ្តែត​ទឹក​ត្រង់​ស្ពាន​តារា​ប ក្នុងភូមិ​អូរ​ច្រាក​ណ្តា​ល សង្កាត់​ទួល​ល្វា ក្រុង​ប៉ៃលិន។

ខេត្ត​ប៉ៃលិន ៖ ព្រះ​តេជគុណ​អ៊ា សុ​ផ​ន ព្រះ​ចៅអធិការ​វត្ត​ពោធិ​មា​រាម ហៅ​ប៉ា​ហ៊ី បាន​ដឹកនាំ​គណៈកម្មការ អាចារ្យ រៀបចំ​ពិធី​ដង្ហែ​ព្រលឹង​ដូនតា​ឱ្យ​ត្រឡប់​ទៅ​កន្លែង​ដើម​វិញ ក្រោយ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ចប់​សព្វគ្រប់ ។ ការ​ហែ​ក្បួន​នេះ​កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៤ កញ្ញា ២០១៤ ដោយ​មាន​ក្រុម​ភ្លេង​ឆៃយ៉ាំ​លេង​កំដរ​តាម​ផ្លូវ ពី​វត្ត​ប៉ា​ហ៊ី ក្នុងភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ឆ្ពោះទៅ​កន្លែង​ដាក់​ចូ​ម និង​បាយសី បណ្តែត​ទឹក​ត្រង់​ស្ពាន​តារា​ប ក្នុងភូមិ​អូរ​ច្រាក​ណ្តា​ល សង្កាត់​ទួល​ល្វា ក្រុង​ប៉ៃលិន។

លោកតា​អាចារ្យ​ម្នាក់​មាន​ប្រសាសន៍​ថា ក្នុង​រយៈពេល​១៤​ថ្ងៃ​នៃ​ពិធី​កាន់បិណ្ឌ ឬ​ដាក់​បិណ្ឌ ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​ទាំងអស់ ជា​ពិសេស​វេន នីមួយ​ៗ​ដែល​បាន​រៀបចំ​ដោយ​លោកតា​អាចារ្យ ត្រូវ​បែងចែក​ចេញ​ជា​៣ ឬ​៤​ក្រុម តូច​ៗ ដើម្បី​រៀបចំ​ធ្វើ​យាគូ ឬ​ធ្វើ​ភត្តាហារ​ជា​៣​ទៅ​៤​ឆ្នាំង ស្មើនឹង​៣​ទៅ​៤​មុខម្ហូប ។ ពេល​ទូងស្គរ​ចំណាំ​វស្សា អ្នក​នៅ​ក្នុង​ក្រុម​វេន នីមួយ​ៗ ត្រូវ​ចាប់ផ្ដើម​ធ្វើ​ចង្ហាន់ ហើយ​យាយ​តា ចាស់​ៗ ក្នុង​ក្រុម​វេន ត្រូវ​ជ្រើសរើស​យក​ផ្ទះ​ណាមួយ​ដើម្បី​ប្រមូល​នំនែក​រៀបចំ​បាយបិណ្ឌ បាយបត្តបូរ​។ រៀបចំ​រួច​ហើយ​ត្រូវ​នាំ​គ្នា​ទៅ​វត្ត​ស្ដាប់​លោក​សូត្រ​ថ្វាយបង្គំ​ធម៌​សុ​ខោ និង​ធម៌​បរាភវ​សូត្រ​។ ចំណែកឯ​កូនចៅ​ដែល​នៅផ្ទះ​ត្រូវ​បបរ ឬ​ស្ល​ស្លុក​តាម​មុខម្ហូប នីមួយ​ៗ ដោយឡែក​ពី​គ្នា ។

លុះដល់​ពេល​ព្រឹកព្រាង​អរុណោទ័យ​ត្រូវ​នាំ​គ្នា​រៀបចំ​ខ្លួន កណ្ដៀត យួរ កាន់ ទូល រែក​ចង្ហាន់​ទៅ​វត្ត ។ នៅ​ក្នុង​វត្ត​លោកតា​អាចារ្យ​ត្រូវ​រៀបចំ​ពិធីរាប់បាត្រ​នៅ​លើ​ឧបដ្ឋាន​សាលា​។ បន្ទាប់​មក​លោក​អាចារ្យ​ជា​ប្រធាន ត្រូវ​នាំ​ពុទ្ធបរិស័ទ​វេរចង្ហាន់​ប្រគេន​ព្រះសង្ឃ វេរ​បាយបត្តបូរ ។ លុះដល់​ពេល​ព្រះសង្ឃ​ធ្វើ​ប​ត្តា​នុ​មោ​ទ​ន​គាថា​ចប់ មេ​វេន​ក្រុម នីមួយ​ៗ​ត្រូវ​រៀបចំ​ម្ហូបអាហារ ចំណី​ចូល​គំនាប់​ជូន​លោកតា​អាចារ្យវត្ត ព្រមទាំង​ចាត់ចែង​ភោជនាហារ​ទទួលភ្ញៀវ​ដែល​អញ្ជើញ​ទៅ​ចូលរួម​នៅ​ក្នុង​ថ្ងៃ​វេន​របស់​ខ្លួន ។

ការ​ប្រគេន​ចង្ហាន់​ដល់​ព្រះសង្ឃ ត្រូវធ្វើ​ឡើង​ដើម្បី​ឧ​ទិ្ទ​ស​កុសល​ឱ្យទៅ​ជីដូន ជីតា បងប្អូន និង​ញាតកា​ទាំង​៧​សន្តាន ដែល​បាន​ស្លាប់​ក្លាយជា​ប្រេត ហើយ​ត្រូវ​ជាប់​ឃុំ​នៅ​ឋាននរក ។ ក្នុង​ការ​បើកទ្វារ​នរក​នេះ ប្រេត​ខ្លះ​មានឱកាស​រួច​ផុត​ពី​ការ​ជាប់​ទារុណកម្ម​នៅ​នរក ខណៈ​ដែល​ខ្លះ​ទៀត​ត្រូវ​គេ​ដោះ​លែងឱ្យ​នៅ​ក្រៅ​នរក​ជា​បណ្តោះអាសន្ន ដើម្បី​ទៅ​ទទួលយក​ចំណី និង​កុសលផល​បុណ្យ​ដែល​កូនចៅ​បាន​ឧ​ទិ្ទ​ស​ជូន ហើយនឹង​ត្រូវ​ត្រឡប់​ទៅ​ទទួល​ទុក្ខវេទនា​នៅ​ក្នុង​នរក​បន្ត​ទៀត បន្ទាប់​ពី​ពិធី​ភ្ជុំបិណ្ឌ​ចប់ ។ ចំពោះ​ញាតិសន្តាន ដែល​មិន​បាន​នៅ​ក្នុង​នរក​ក្តី ក៏​ត្រូវ​គេ​ចាត់​ទុក​ថា​អាច​ទទួល​បាន​កុសល​ពី​ការ​ឧ​ទិ្ទ​ស​ក្នុង​ពិធីបុណ្យ​ផង​ដែរ ។

ដោយហេតុ​ពុទ្ធសាសនិក​មមាញឹក​ចំពោះ​កិច្ចការ​ប្រចាំ​ថៃ្ង និង​ដើម្បី​ធានា​ថា ព្រះសង្ឃ​ត្រូវ​បាន​ផ្គត់ផ្គង់​ជា​ទៀងទាត់​នោះ ទើប​គេ​ចែក ជា​ក្រុម​ៗ ដាក់​វេន​គ្នា​យក​ទេយ្យទាន​ទៅ​ប្រគេន​ព្រះសង្ឃ​រយៈពេល​១៤​ថៃ្ង​ចាប់ពី​ថៃ្ង​១​រោច​ដល់​ថៃ្ង​១៤​រោច​ខែភទ្របទ ហើយ​ឱ្យឈ្មោះ​ថា​វេន​ទី​១​ដល់​វេន​ទី​១៤ ។ រយៈពេល​១៤​ថៃ្ង​នេះ​ឱ្យឈ្មោះ​ថា​បុណ្យ​កាន់​បិណ្ឌ ឬ​បុណ្យ​ដាក់​បិណ្ឌ​។ ចំណែក​ថ្ងៃ​១៥​រោច​ដែល​ជា​ថ្ងៃ​ចុង​ក្រោយ​នោះ ពុទ្ធសាសនិក​ពី​គ្រប់​វេន​ទាំងអស់​ជួបជុំ​គ្នា​ធ្វើ​ទាន​ចំពោះ​ព្រះសង្ឃ​ជាមួយ​គ្នា ដើម្បី​បញ្ចប់​បុណ្យកាន់បិណ្ឌ​ថ្ងៃ​ទី​១៥​ត្រូវ​នឹង​ថ្ងៃ​១៥​រោច ខែភទ្របទ ។ ថ្ងៃ​ចុង​ក្រោយ​នេះ​អោយឈ្មោះ​ថា «​ភ្ជុំបិណ្ឌ ឬ​ថ្ងៃ​ភ្ជុំបិណ្ឌ​» ។

លោកតា​អាចារ្យ​ដដែល​បន្ត​ថា នៅ​ព្រលឹម​ម៉ោង​៤​ទៀប​ភ្លឺ ពុទ្ធបរិស័ទ​តែងតែ​នាំ​គ្នា​ដើរទៅ​វត្ដ​អារាម​នានា​នៅ​ក្នុងភូមិ ឬ​នៅ​ក្បែរ​ផ្ទះ​របស់​ខ្លួន ជាមួយនឹង​នំចំណី​ដែល​ធ្វើ​រួច​ជា​ស្រេច​ដាក់​ក្នុង​ចាន ឬ​ស្បោង​ដើម្បី​ទៅ​វត្ដ ។ ការ​បោះ​បាយបិណ្ឌ​ជា​ជំនឿ​អ​រូបិយ​មួយ ដែល​ជនជាតិ​ខ្មែរ​យើង​និយម​ធ្វើ​ជា​រៀង​រាល់វេលា​ទៀប​ភ្លឺ ដើម្បី​បញ្ជូន ឬ​ឧទ្ទិស​កុសល​ឱ្យទៅ​ញាតិសន្ដាន​សាច់សាលោហិត​ដែល​បាន​ចែក​ឋាន​ទៅ​បរលោក ។

ការ​បោះ​បាយបិណ្ឌ (​ការ​បោះ​ដុំ​បាយ​) ជា​សកម្មភាព​មួយ​ដែល​មិន​ទាន់​មានការ​ឯកភាព​គ្នា​នៅ​ក្នុង​សង្គម​ពុទ្ធសាសនិក​នៅឡើយ ដោយ​អ្នកខ្លះ​ចាត់​ទុក​ការ​បោះ​បិណ្ឌ​ជា​កិច្ច​ដ៏​សំខាន់​មួយ​មិន​អាច​ខាន​បាន​នៅ​ក្នុង​រដូវ​បុណ្យកាន់បិណ្ឌ​ខណៈ​អ្នកខ្លះ​រិះគន់​ថា ការ​បោះ​បាយបិណ្ឌ​មិន​ត្រឹមត្រូវ ជា​ភាព​ខ្ជះខ្ជាយ​ជា ការ​ធ្វើ​មិន​គោរព​ទាន​ជាដើម ។ អ្នក​ដែល​ជឿ​ថា បោះ​បាយបិណ្ឌ​មាន​ប្រយោជន៍ យល់​ថា បោះ​បាយបិណ្ឌ គឺ​បោះ​ឲ្យ​ពួក​ប្រេត (​ហេតុនេះ​ទើប​នៅ​តំបន់​ខ្លះ​មិន​ហៅ​បាយបិណ្ឌ​ទេ តែ​ហៅ​ថា​បាយ​ប្រេត​)​។ ចំណែក​អ្នក​ពុទ្ធ​និយម​ខ្លះ​ទៀត​អះអាង​ថា ការ​បោះ​បាយបិណ្ឌ​ជា​ការ​ធ្វើ​ទាន​មិន​ត្រឹមត្រូវ​តាម​ការ​បង្រៀន​របស់​ព្រះពុទ្ធ​ឡើយ ។

អ្នកមាន​ជំនឿ​បាន​អធិដ្ឋាន​ទៅ​ដល់​សាច់ញាត្តិ​ដែល​ស្លាប់ និង​បោះ​បាយបិណ្ឌ​នៅ​ជុំវិញ​ព្រះ​វិហារ ។ ជា​ពិសេស​គេ​ជឿ​ថា​វិញ្ញាណ​ទាំងឡាយ​ណា ដែល​គ្មាន​សាច់ញាតិ​ត្រូវ​បាន​គេ​ដោះ​លែង​ពី​ឋាននរក​ឲ្យ​មក​កាន់​វត្ត​អារាម​ដើម្បី​ទទួល​អាហារ​ពី​សាច់ញាតិ​របស់​ពួក​គេ​នៅ​ពេល​យប់ ។ វិញាណ​ប្រេត​ត្រូវ​ត្រឡប់​ទៅ​ឋាននរក​វិញ​នៅ​មុន​ពេល​ព្រះអាទិត្យ​រះ ។ វិញ្ញាណ​អ្នក​ទាំងនោះ​គឺ​មាន​ទម្រង់​ធំ ហើយ​ខ្ពស់​ដែល​អាច​បោះ​ជំហាន​នៅ​លើ​ប្រាសាទ​បាន ។ ទោះជា​យ៉ាងណា​ក្តី ពួក​គេ​មិន​ហា​៊​ន​ធ្វើ​ដូច្នេះ​ទេ ដោយ​ខ្លាច​ថា​ប្រព្រឹត្ត​អំពើ​បាប​បន្ថែម​ទៀត ។ ពួក​ប្រេត​បាន​ត្រឹមតែ​ឈរ​យំ ហើយ​សុំ​អាហារ ។ វិញ្ញាណ​ទាំងនោះ​នឹង​ទៅ​គ្រប់​៧​វត្ត​ដើម្បី​រក​មើល​សាច់ញាតិ និង​ទទួល​អាហារ​ដែល​ឧទ្ទិស​ឱ្យ ។ ប្រសិនបើ​វិញ្ញាណ​ទាំងនោះ​មិនឃើញ​សាច់ញាតិ​របស់​គេ​ទៅ​វត្ត​ទេ​នោះ ពួក​គេ​នឹង​ដាក់​បណ្ដាសា​ដល់​សាច់ញាតិ ។ នេះ​ហើយ​ជា​មូលហេតុ ដែល​សាច់ញាតិ​គួរតែ​យក​ចង្ហាន់​ទៅ​វត្ត​ទោះបីជា​ច្រើន ឬ​ក៏​តិច​ក៏​ដោយ​ក្នុងអំឡុងពេល​បុណ្យ​ភ្ជុំបិណ្ឌ ។

លោកតា​អាចារ្យ​មាន​ប្រសាសន៍​ថា ដូច្នេះ​ហើយ​បានជា​ពុទ្ធបរិស័ទ​នាំ​គ្នា​ធ្វើបុណ្យ គ្រប់​ៗ​គ្នា​នៅ​រដូវ​ភ្ជុំបិណ្ឌ ។ លុះ​នៅ​ថ្ងៃ​ចុង​ក្រោយ​ត្រូវ​នឹង​ថ្ងៃ​ទី​២៤ កញ្ញា ២០១៤ ជា​ថ្ងៃ​ដែល​ជឿ​ថា ព្រលឹង​ឪពុក​ម្តាយ បងប្អូន ជីដូន​ជីតា និង​សាច់សាលោហិត ដែល​បាន​មក​ជួបជុំ​គ្នា​នៅ​តាម​វត្ត​នានា ត្រូវធ្វើ​ដំណើរ​ត្រឡប់​ទៅ​កន្លែង​ដើម  វិញ ។ ដូច្នេះ​ហើយ ព្រះ​ចៅអធិការ​វត្ត​ប៉ា​ហ៊ី ព្រះ​នាម​អ៊ា សុ​ផ​ន បាន​ផ្តួចផ្តើម​ធ្វើ​ពិធី​ជូន​ដំណើរ​ព្រលឹង​ដូនតា​ទៅ​កន្លែង​ដើម​វិញ ដោយ​មាន​ក្រុម​រាំ​ឆៃយ៉ាំ​របស់​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​លេង​កំដរ​តាម​ផ្លូវ និង​មាន​ពុទ្ធបរិស័ទ​ជា​ច្រើន​នាក់​ចូលរួម ៕