ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកសុខ សំណាង អតីតចាងហ្វាងកាសែត«ដំណឹងថ្មី»ស្ថិតក្នុងជីវិតឯកោ

13 ឆ្នាំ មុន

ខេត្ត​រតនគិរី ៖ លោកសុខ សំណាង ចាង​ហ្វាង​កាសែត​ដំណឹង​ថ្មី បាន​សំដែង​អំណរ​គុណ​ដល់​សប្បុរ​ស​ជន​ដែលបាន​ជួយ​ឧបត្ថម្ភ​ជា​ប្រាក់​សំរាប់​ ការព្យាបាល​ដល់​រូបលោក​ឱ្យ​ធូរ​ស្បើយ មួយកំរិត​​ ខណៈ​ដែល​រូប​លោក​បាន​រង​គ្រោះ​ដោយ​ជំងឺ​ដាច់​សរសៃ​ឈាម​ក្នុងខួរក្បាល ក្រោយ​ពេលដែល​រូបលោក​បាន​ដួល​សន្លប់​ក្នុង​បន្ទប់​ទឹកសណ្ឋាគារ​នៅ​ខេត្ត​ ព្រះសីហនុ​កន្លងមក ពេលទៅ​បំពេញការងារ​នៅ​ទីនោះ ហើយ​ត្រូវ​បាន​បញ្ជូនទៅព្យាបាល​នៅប្រទេស​វៀត​ណាម

ខេត្ត​រតនគិរី ៖ លោកសុខ សំណាង ចាង​ហ្វាង​កាសែត​ដំណឹង​ថ្មី បាន​សំដែង​អំណរ​គុណ​ដល់​សប្បុរ​ស​ជន​ដែលបាន​ជួយ​ឧបត្ថម្ភ​ជា​ប្រាក់​សំរាប់​ការព្យាបាល​ដល់​រូបលោក​ឱ្យ​ធូរ​ស្បើយ មួយកំរិត​​ ខណៈ​ដែល​រូប​លោក​បាន​រង​គ្រោះ​ដោយ​ជំងឺ​ដាច់​សរសៃ​ឈាម​ក្នុងខួរក្បាល ក្រោយ​ពេលដែល​រូបលោក​បាន​ដួល​សន្លប់​ក្នុង​បន្ទប់​ទឹកសណ្ឋាគារ​នៅ​ខេត្ត​ព្រះសីហនុ​កន្លងមក ពេលទៅ​បំពេញការងារ​នៅ​ទីនោះ ហើយ​ត្រូវ​បាន​បញ្ជូនទៅព្យាបាល​នៅប្រទេស​វៀត​ណាម ។ រហូត​មក​ដល់​ពេល​នេះ រូប​លោក​បានធូរ​ស្រាល​អាច​និយាយ​បាន​ខ្លះៗ​ និងអង្គុយ​បាន ប៉ុន្តែ​លោក​ស្ថិត​ក្នុង​ភាព​ឯកោ​ជា​ពន់​ពេក ។

លោក​គ្រី​ អូន ​អាយុ​៥០​ឆ្នាំ ដែល​ត្រូវ​ជា​ប្អូន​បង្កើត​​លោកសុខ សំណាង ​បាន​រៀប​រាប់​អំពី​ទុក្ខ​លំបាក​​ឯកោ​របស់​លោក​សុខ សំណាង ដែល​កំពុង​ជួប​​ប្រទះ​សព្វ​ថ្ងៃ ។ ​​លោក​គ្រី អូន រៀប​រាប់​​ថា បង​ប្រុស​របស់​លោក មានអាយុ​៥៧​ឆ្នាំ ហើយ​មានប្រពន្ធ​ឈ្មោះ​ឈុន កេត​សារ៉ា និង​មានកូនប្រុស​​ម្នាក់ ស្រី​ម្នាក់​ក្នុង​បន្ទុក ។ លោក​​សុខ សំណាង ​កាលពី​អតីត​ ធ្វើ​ការ​នៅ​អង្គ​ភាព​ AKP បន្ទាប់​មក​ធ្វើ​ជា​ចាងហ្វាង​កាសែត​ដំណឹង​ថ្មី ។ ប៉ុន្តែ​​ជា​អកុសល​​​កាលពី​​ពេល​កន្លងមក​​​នេះ ខណៈ​លោក​​​ទៅបំពេញ​ការ​ងារ​នៅ​ខេត្ត​ព្រះ​សីហនុ ក៏​​ជួប​​គ្រោះថ្នាក់​ដួល​ក្នុង​បន្ទប់​ទឹក​ ហើយ​ដាច់​សរសៃ​​ឈាម​ក្នុង​ខួរ​ក្បាល​ ត្រូវ​ក្រុម​គ្រួសារ​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯ​ប្រទេស​វៀត​ណាម ។ ក្នុងពេល​​បញ្ជូនទៅ​ប្រទេស​វៀត​ណាម​​ភ្លាមនោះ ក៏​មាន​ការ​ឧបត្ថម្ភ​ប្រាក់​៥០០​ដុល្លារ ​ភ្លាមៗ​​ពីលោក​ឧកញ៉ា​ថុង អ៊ុយ​ប៉ាង មុន​គេបង្អស់​ផងដែរ ។

លោក​គ្រី អូន ​​បាន​​​បង្ហាញ​​បញ្ជីឈ្មោះ​សប្បុ​រស​​ជន​ដែលមាន​សប្បុរស​ធម៌​​ជួយ​ឧបត្ថម្ភ​ប្រាក់​សំរាប់​​ការ​ព្យាបាល​ ហើយ​​ក្នុងនោះ​ក៏មាន​អំណោយ​ដ៏​ថ្លៃ​ថ្លា​បំផុត​មិនអាច​​កាត់​ថ្លៃ​បាន​ពី លោក​ជំទាវ​បណ្ឌិតប៊ុន រ៉ា​នី ហ៊ុន សែន ​ដែល​លោក​ជំទាវ​តែង​តែ​យក​ចិត្ត​ទុកដាក់​មិន​ថា​ឡើយ​តែចា​ងហ្វាង​កាសែត ឬ​អ្នក​សិល្បៈ​​នោះទេ សូម្បី​តែ​​ប្រជា​ពលរដ្ឋ​ជួប​ប្រទះ​នូវ​ទុក្ខ​លំបាក​គ្រោះ​ទុរភិក្ស​ ឬ​មហន្តរាយ​ផ្សេងៗ ក៏​លោក​ជំទាវ​ជួយ​ដោយ​មិន​រើសអើង​ មិន​ប្រកាន់​និន្នា​ការ​ ឬ​​គណ​បក្ស​នយោ​បាយ​ឡើយ ។ ​ក្រៅ​ពីនោះ ក៏នៅ​មាន​​​សប្បុរស​ជន​​ជា​ច្រើន​ទៀត​មាន​ ១-លោក​ជំទាវ​នាយ​ឧត្តមសេនីយ៍​ម៉ែន សំអន ឧបនាយក​រដ្ឋ​មន្ត្រី​ប្រចាំ​ការ តាម​រយៈ​លោក​យូ តារាវុធ ២-ឯកឧត្តម​​ទៀ បាញ់​ ឧប​នាយក​​រដ្ឋ​មន្ត្រី​ ​​រដ្ឋ​មន្ត្រី​ក្រសួង​ការ​ពារជាតិ និង​លោកជំទាវ​ ៣-​ឯក​ឧត្តម​​ស៊ូ ភិរិន្ទ អភិ​បាល​ខេត្ត​សៀម​រាប ៤-​ឯក​ឧត្តម​​គន់ គីម និង​លោកជំទាវ ៥-​ឯក​ឧត្តម​​ស៊ុំ សំណាង និង​លោក​ជំទាវ ៦-​ឯ​កឧត្តម​ប៉ុល សារឿន និង​លោក​ជំទាវ ៧-​ឯក​ឧត្តម​​សូរ​ ឃុន និង​លោកជំទាវ ៨-​ឯក​ឧត្តម​ប៉ែន សំអាត ៩-​ឯក​ឧត្តម​​ខៀវ កញា​​រីទ្ធ រដ្ឋ​មន្ត្រី​ក្រសួង​​ព័ត៌មាន ១០-​ឯក​ឧត្តម​​​ច័ន្ទ សារុន រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម ១១-​មេ​បញ្ជា​ការ​ប៉េអឹម​ខេត្ត​ព្រះសីហនុ ១២-មេ​បញ្ជា​ការ​ប៉េអឹម ខេត្ត​សៀម​រាប ១៣-​លោក​ជំទាវ​ម្ចាស់​​​ភោជនីយដ្ឋាន​សូរិយា (រាជធានី​ភ្នំពេញ) ។

លោក​​សុខ សំណាង​​ ក៏​បាន​ថ្លែង​អំណរ​គុណ​​តាមរយៈ​លិខិត​ដល់​សប្បុរស​ជន​ទាំង​អស់​ដែល​បាន​ជួយ​ឧបត្ថម្ភ​ជា​ប្រាក់ និង​ជួយយកចិត្ត​​ទុក​ដាក់​អស់​ពីកំលាំងកាយ​ចិត្ត​ ។ ​លោក​មិន​អាច​បំភ្លេច​​បាន​នូវ​គុណូ​បការៈ​​ដ៏​ថ្លៃ​ថ្លា​របស់​​​សប្បុរស​ជន និង​សូម​ជូនពរ​បវរសួ​ស្តី​ជូន​ចំពោះ​​ឯកឧត្តម​ លោកជំទាវ អស់​លោក ​លោកស្រី អ្នក​នាង កញ្ញា ​ជា​ពិសេស​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន និង​​​លោកជំទាវបណ្ឌិត​​ប៊ុន រ៉ានី ហ៊ុន សែន សូម​មាន​ជន្មាយុ​យ៉ឺនយូរ និង​​កំលាំង​ពំលំ​ខ្លាំង​ក្លា​ ដើម្បី​ដឹក​នាំ​ប្រទេស​កម្ពុជា​ឆ្ពោះ​ទៅ​រក​ការ​អភិវឌ្ឍរុង​រឿង ។

ចំពោះ​ស្ថាន​ភាពជំងឺ​របស់​លោក​សុខ សំណាង​ ​​បច្ចុប្បន្ន​ត្រូវបាន​លោក​គ្រី អូន រៀប​រាប់​ថា ដោយសារ​បាន​ការ​ឧបត្ថម្ភ​ជា​ប្រាក់ពី​សប្បុរស​ជន​ទាំង​អស់​នោះ​ហើយ ទើបលោក​បាន​ធូរស្រាលបន្តិច​ ប៉ុន្តែ​​នៅ​​មិន​អាច​ដើរ​បាន​ ឬ​កាន់​របស់​អ្វី​មួយ ព្រមទាំង​និយាយ​ស្តី​បានច្រើន​នោះទេ ដោយសារ​ជើង​ស្តាំ​​មិន​អាច​​កំរើក​បាន ជា​ពិសេស​ខួរក្បាល​មិន​អាច​ចងចាំ​អ្វី​បានច្រើន​ឡើយ​ ។ មិនតែប៉ុណ្ណោះ ​ជា​មួយនឹង​ការ​​​ធ្លាក់​ខ្លួន​មានជំងឺ​នេះ​ ថែមទាំង​មាន​ភាព​ឯកោ​​ថែមទៀត​ ដោយ​សារ​តែ​ភរិយា​ និង​កូន​ដែល​ជា​ទី​ស្រលាញ់​របស់​លោក​មិន​បាន​នៅថែ​រក្សា​​រូប​លោក​នោះទេ ។ ប្រពន្ធ និងកូន​របស់​លោក​សុខ សំណាង ក្នុងពេលដែល​ឪពុក និង​ប្តីមាន​ជំងឺ​បែបនេះ ក៏​​នាំ​គ្នា​ប្រមែ​ប្រមូល​ទ្រព្យ​សម្បត្តិ​ផ្ទាល់ខ្លួន​មួយ​ចំនួន​​ទៅ​រស់នៅឯ​​ប្រទេស​កាណាដា​បាត់ ដោយពុំ​បាន​ប្រាប់​​​ប្តី​ និង​សាច់​ញាតិ​ខាង​ប្តីដឹង​​ឡើយ ​ដោយ​បន្សល់ទុក​​រូប​លោក​សុខ សំណាង ឱ្យរ​ស់​នៅ​ឯកោ​ជាមួយ និង​ម្តាយ​ជរា​អាយុ​៨៤​ឆ្នាំ និង​ប្អូនស្រី​ជា​អ្នក​មើល​ថែ​បញ្ចុក​បាយ និង​បោក​គក់​ទៅវិញ ។

លោកសុខ សំណាង សព្វ​ថ្ងៃ​កំពុង​សំរាក​នៅ​​ផ្ទះ​ម្តាយ​បង្កើត​ស្ថិត​នៅ​ក្នុងភូមិ​ព្រែក​តាគង់ ផ្ទះលេខ​១៣៤៣ ក្នុង​សង្កាត់​ចាក់អង្រែង​លើ ខណ្ឌ​មាន​ជ័យ រាជធានី​ភ្នំពេញ រួច​ក៏​កំពុង​ដង្ហោយ​រក​សប្បុរស​​ជន​បន្ថែម​​ដើម្បី​ជួយរំលែក​ក្នុងការ​ព្យា​បាលជំងឺ​របស់ខ្លួន​បន្តទៀត​ឱ្យ​បានធូរ​ស្បើយ ក្រែង​មាន​​ជីវិត​រស់នៅ​បន្តទៀត​ ។​ ជីវិតចុងក្រោយមានរសជាតិបែបនេះ ពិតជាភាពទារុណមួយ ៕