ប្រទេសកម្ពុជា បានដាក់ចេញផែនការលម្អិត និងស៊ីជម្រៅ ដើម្បីឆ្លើយបតបនឹងការរាលដាលនៃមេរោគកូវីដ១៩ ដើម្បីទប់ស្កាត់ការឆ្លង និងការស្លាប់ដោយសារមេរោគកូវីដ១៩។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសវិធានការចាំបាច់ជាច្រើននៅក្នុងយុទ្ធនាការប្រយុទ្ធនឹងសត្រូវគ្មានរូបមួយនេះ នៅពេលដែលសម្តេចជួបជាមួយគ្រូពេទ្យ និងនិស្សិតពេទ្យចំនួន៤២០នាក់ នៅវិមានសន្តិភាពនៅថ្ងៃទី២៥ ខែមីនា។
យុទ្ធសាស្ត្រធំ ៣ ដាក់ចេញ គឺការទប់ស្កាត់ការឆ្លងមេរោគពីខាងក្រៅ ការទប់ស្កាត់ការឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតនៅក្នុងប្រទេសកម្ពុជា និងការព្យាបាលអ្នកមានផ្ទុកមេរោគកូវីដ១៩ ឱ្យជាសះស្បើយ និងផុតពីការស្លាប់។
ដើម្បីទប់ស្កាត់ការឆ្លងមេរោគកូវីដ១៩ ពីខាងក្រៅនោះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីភាពចាំបាច់នៃការរឹតបន្តឹងតាមច្រកព្រំដែន ដើម្បីទប់ស្កាត់ពលរដ្ឋមកពីប្រទេសដែលមានអ្នកឆ្លងមេរោគច្រើនចូលក្នុងប្រទេសកម្ពុជា។ ទន្ទឹមជាមួយគ្នានោះ កម្ពុជាក៏ត្រូវផ្អាកកិច្ចប្រជុំអន្តរជាតិ ក៏ដូចជាការហាមឃាត់មិនឱ្យមន្ត្រីរដ្ឋទៅចូលរួមកិច្ចប្រជុំនៅក្រៅប្រទេសផងដែរ។
នៅក្នុងប្រទេសវិញ ការទប់ការចម្លងមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ក៏ត្រូវតែដើរទន្ទឹមនឹងការរឹតបន្តឹងការចម្លងពីខាងក្រៅផងដែរ។
ខណៈដែលពលករកម្ពុជាប្រមាណជា១៥០០០នាក់ ដែលធ្វើការនៅប្រទេសថៃបានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ គឺជាបារម្ភមួយនៅក្នុងការអាចនឹងនាំឱ្យមានការចម្លងមេរោគកូវីដ១៩។
ការជួបជាមួយនិស្សិត និងគ្រូពេទ្យចំនួន៤២០នាក់នៅវិមានសន្តិភាព គឺជាផ្នែកមួយនៃការបញ្ចេញកម្លាំងធ្វើការងារទូទាំងប្រទេស ដើម្បីទប់ស្កាត់ការរាលដាលមេរោគកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។ ការងារសំខាន់នោះ គឺដើម្បីដាក់នៅកម្មករទាំងនោះឱ្យនៅដោយឡែក និងធ្វើតេស្តពួកគេ ដើម្បីទប់ស្កាត់ការចម្លងណាមួយដែលអាចកើតមាន។
ការព្យាបាលអ្នកជំឱ្អោយបានជាសះស្បើ យនិងរួចផុតពីការស្លាប់ក៏ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រកាសផងដែរ ដោយមានការត្រៀមទាំងគ្រូពេទ្យស៊ីវិល គ្រូពេទ្យនគរបាល និងគ្រូពេទ្យយោធាផងដែរ។
នៅពេលដែលរដ្ឋាភិបាលដាក់ចេញផែនការលម្អិតអំពីការប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩ ប្រជាជនកម្ពុជាមានកាតព្វកិច្ចចូលរួមពេញទំហឹង ដើម្បីរួមគ្នាជាមួយរដ្ឋាភិបាល ក្រសួងសុខាភិបាល គ្រូពេទ្យកម្ពុជា និងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីធ្វើយ៉ាងណាឱ្យយុទ្ធនាការប្រឆាំងនឹងមេរោគកូវីដ១៩ មានប្រសិទ្ធភាពខ្លាំងបំផុតដែលអាចធ្វើទៅបាន។
សមរភូមិប្រឆាំងនឹងមេរោគកូវីដ១៩ មានភាពស្មុគស្មាញ និងតម្រូឱ្អោយមនុស្សទាំង១៦លាននាក់ ចូលរួមដើម្បីភាពជោគជ័យនៅក្នុងសមរភូមិមួយនេះ។
ដោយសារតែមេរោគកូវីដ១៩នេះ វាគ្មានរូប ហើយវាខ្ចីខ្លួនមនុស្សម្នាក់ ដើម្បីចម្លងទៅមនុស្សម្នាក់ទៀតនោះ កម្ពុជានឹងមិនអាចជោគជ័យបានឡើយនៅក្នុងការប្រយុទ្ធប្រឆាំងនឹងសត្រូវគ្មានរូបកូវីដ១៩។ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាអគ្គមេបញ្ជាការដឹកនាំសមរភូមិប្រឆាំងកូវីដ១៩ បានអំពាវនាវ ហើយអំពាវនាវទៀត ឱ្យប្រជាជនកម្ពុជាទាំងអស់ចូលរួមអស់ពីចិត្តនៅក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩ ដែលបានរាលដាលដល់ប្រទេស១៩៧ទៅហើយ នៅក្នុងពិភពលោកនេះ។
ប្រជាជនកម្ពុជាទាំងអស់ អាចចូលរួមយ៉ាងសកម្មនៅក្នុងយុទ្ធនាការមួយនេះ តាមរយៈចាត់វិធាន ការផ្ទាល់ខ្លួនយ៉ាងជាក់ស្តែង ដើម្បីកុំឱ្យឆ្ល ងនិងដើម្បីកុំឱ្យចម្លងមេរោគកូវីដ៩។
មនុស្សម្នាក់ៗអាចការពារខ្លួនមិនឱ្យឆ្លងមេរោគកូវីដ១៩ ដោយមានវិធានការចំពោះ ខ្លួនឯង ដូចតទៅនេះ៖
ទី១- មិនធ្វើដំណើរទៅកាន់កន្លែងដែលមានការចម្លងមេរោគដូច ជាធ្វើដំណើរទៅកាន់ក្រៅប្រទេស ឬក៏កន្លែងដែលមានមនុស្សច្រើន។ សម្តេចក៏បានណែនាំថា បើសិនជាមិនចាំបាច់ទេ គឺនាំគ្នាស្ថិតនៅក្នុងផ្ទះ។
ទី២- នៅឱ្យឆ្ងាយពីអ្នកដែលមានផ្ទុ មេរោគកូវីដ១៩ ឬក៏អ្នកដែលសង្ស័យថា មានមេរោគនេះ ដូចជាអ្នកដែលធ្លាប់ធ្វើការ ឬរស់នៅផ្ទាល់ជាមួយនឹងអ្នកជំងឺមានមេរោគកូវីដ១៩ ឬក៏អ្នកដែលទើបតែមកពីប្រទេសដែលមានការឆ្លងមេរោគកូវីដ១៩ខ្លាំង ដូចជាពលករកម្ពុជា ដែលទើបតែមកពីប្រទេសថៃ។
ទី៣- ត្រូវលាងដៃជាមួយនឹងទឹកស្អាត និងសាប៊ូ ឬក៏ទឹកជែលសម្លាប់មេរោគយ៉ាងតិច២០វិនាទីឱ្យបានញឹកញាប់ ជាពិសេសមុនពេលយកដៃប៉ះមុខ មាត់ ច្រមុះ និងភ្នែក។
ទី៤- រស់នៅប្រកបដោយអនាម័យ ដោយសម្អាតផ្ទះ សម្អាតកន្លែងធ្វើការ និងបរិភោគអាហារមានអនាម័យ និងនាំមកនូវសុខភាព ពីព្រោះមេរោគនេះ ក៏អាចឆ្លងមកមនុស្សផងដែរតាមរយៈការប៉ះនឹងផ្ទៃខាងក្រៅ ឬក៏អ្វីមួយដែលមេរោគនោះសម្ងំនៅ។
ទន្ទឹមនឹងការពារខ្លួនមិនឱ្យឆ្លងមេរោគហើយនោះ ប្រជាជនម្នាក់ៗក៏ត្រូវមានការទទួលខុសត្រូវ ហើយអនុវត្តវិធានការនានាដែលទប់ស្កាត់ការចម្លងមេរោគកូវីដ១៩នេះ។ ករណីរកឃើញជនជាតិបារាំង៣៤នាក់មានផ្ទុកមេរោគកូវីដ១៩ និងដំណើរវិលត្រឡប់មកវិញរបស់កម្មករ១៥០០០នាក់ពីប្រទេសថៃ បាននាំឱ្យមានការបារម្ភខ្លាំងពីលទ្ធភាពនៃការចម្លងមេរោគពីមនុស្សម្នាក់ទៅមនុស្សម្នាក់។
អាស្រ័យដូច្នេះហើយ បានជាសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៥ ខែមីនានេះ បានអំពាវនាវឱ្យពលករទាំងនោះដាក់ខ្លួននៅដោយឡែកពីក្រុមគ្រួសារ និងមិត្តភក្តិ ដើម្បីតាមដាន និងធ្វើតេស្តក្រែងលមានមេរោគកូវីដ១៩។ ដូច្នេះពលករទាំងអស់ដែលបានវិលត្រឡប់មកពីប្រទេសថៃ ត្រូវតែដាក់ខ្លួនឯងឱ្ នៅដោយឡែករយៈពេល១៤ថ្ងៃ ដើម្បីតាមដាន និងបញ្ជៀសការចម្លងមេរោគគូវីដ១៩ ទៅកាន់មនុស្សជាទីស្រលាញ់របស់ខ្លួនផង និងដើម្បីសុខភាពផ្ទាល់ខ្លួនផង។ ចំណែកក្រុមគ្រួសាររបស់គាត់ក៏ត្រូវចៀសវាងការចូលគិតគាត់រយៈពេល១៤ថ្ងៃដែរ ដើម្បីចៀសវាងការឆ្លងមេរោគ។
ប្រជាជនកម្ពុជាណាដែលធ្វើដំណើរទៅក្រៅប្រទេស ពិសេសប្រទេសដែលមានការឆ្លងមេរោគកូវីដ១៩ខ្លាំង ត្រូវតែដាក់ខ្លួនឯងឱ្យនៅដោយឡែកពីគេរយៈពេល១៤ថ្ងៃផងដែរដើម្បីតាមដាន។ បើសិនជាមានរោគសញ្ញាដូចជាក្តៅខ្លួន ក្អក កណ្តាស និងពិបាកដកដង្ហើមត្រូវឆាប់ទាក់ទងគ្រូពេទ្យតាមរយៈទូរស័ព្ទ១១៥ ដើម្បីរកជំនួយ។
បើសិនជាទាំងមន្ត្រីរបស់រដ្ឋាភិបាល ក្រុមគ្រូពេទ្យ សមត្ថកិច្ចទាំងអស់ និងប្រជាជនរួមគ្នាជាធ្លុងមួយនោះ កម្ពុជាអាចនឹងសង្ឃឹមឃើញជ័យជំនះប្រឆាំងនឹងសត្រូវគ្មានរូបកូវីដ១៩ ហើយកម្ពុជាអាចបញ្ជៀសបានពីការស្លាប់មនុស្សជាច្រើន ដូចដែលមេរោគនេះបានសម្លាប់នៅក្នុងបណ្តាប្រទេសជាច្រើន។
ក្នុងន័យនេះ វាជាការចាំបាច់ដែលត្រូវសង្កត់ធ្ងន់ម្តងហើយម្តងទៀតដែលមន្ត្រី ក្រុមគ្រូពេទ្យ និងអ្នកពាក់ព័ន្ធត្រូវបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុតហើយចៀសវាងអោយបានភាពអសកម្ម ជាពិសេសការកិបកេញធនធានសម្រាប់យុទ្ធនាការដ៏មានសារសំខាន់អាយុជីវិតមួយនេះ។ ក្រុមគ្រូពេទ្យ និងនិស្សិតស្មគ្រចិត្ត ទាំងអស់សមនឹងទទួលបានការលើកទឹកចិត្ត ព្រមទាំងមានមធ្យោបាយគ្រប់យ៉ាង ដើម្បីការពារខ្លួនប្រឆាំងនឹងមេរោគកូវីដ១៩ និងដើម្បីពិនិត្យ និងព្យាបាលជំងឺជូនប្រជាជនដែលមានផ្ទុកមេរោគកូវីដ១៩នេះ ដូចដែលសម្តេចតេជោ បានប្រកាសពីការទទួលខុសត្រូវចំពោះមុខគ្រូពេទ្យ និងនិស្សិត។
ចំណែកប្រជាជនត្រូវតែអនុវត្តវិធានការការពារខ្លួនពីការឆ្លងមេរោគកូវីដ១៩ និង វិធានការបង្ការការចម្លង មេរោគកូវីដ១៩ទៅអ្នកដទៃ។
នៅពេលគ្រប់គ្នាអាចធ្វើការងារតាមការទទួលខុសត្រូវហើយនោះ បទបញ្ជាដែលដាក់ចេញដោយសម្តេចតេជោ ក្នុងនាមជាអគ្គមេបញ្ជាការដឹកនាំសមរភូមិប្រយុទ្ធនឹងមេរោគកូវីដ១៩ នឹងទទួលបានជោគជ័យ ហើយកម្ពុជានឹងគ្មានមនុស្សស្លាប់ដោយសារមេរោគនេះ។
យើងនាំគ្នាសម្លឹងមើលលទ្ធផលនៃយុទ្ធនាការទូទាំប្រទេសមួយនេះ ជាមួយនឹងការចូលរួមទាំងកម្លាំងកាយ និងចិត្តទាំងអស់គ្នា ដើម្បីភាពជោគជ័យមួយដែលយើងចង់បាន។
យើងត្រូវតែស្រឡាញ់ខ្លូនយើង ស្រឡាញ់គ្រួសារយើង ស្រឡាញ់មនុស្សនៅក្បែរយើង និងស្រឡាញ់ ប្រជាជនយើងទូទាំងប្រទេស។ បេះដូងនៃក្តីស្រឡាញ់នឹងយកឈ្នះសត្រូវគ្មានរូបកូវីដ១៩៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ