ខេត្តបន្ទាយមានជ័យ ៖ កម្ពុជាបានបដិសេធភ្លាមៗខណៈភាគីសៀមគ្រោងសាងសង់ស្នាក់ការគយនិងប៉ុស្តិ៍តម្រួតនៅច្រកស្រុកតាប្យា ខេត្តស្រះកែវ ឈមនឹងច្រកបឹងត្រកួន ស្ថិតក្នុងភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ ការបដិសេធរបស់កម្ពុជាបានបង្ហាញយ៉ាងច្បាស់ថា ចំណុចព្រំដែនមិនទាន់ច្បាស់លាស់ គឺមិនអាចឱ្យមានការសាងសង់ ដោយទុកឱ្យជំនាញបច្ចេកទេសរបស់គណៈកម្មការព្រំដែនចុះសិក្សាពិនិត្យមើលសិន ។ ភាគីសៀមបានអញ្ជើញអាជ្ញាធរនិងសមត្ថកិច្ចកម្ពុជាពិនិត្យមើលទីតាំងដែលពួកគេមានគម្រោងសាងសង់។
នៅព្រឹកថ្ងៃទី៣ មីនា គណៈកម្មការមួយក្រុមរបស់កម្ពុជាដឹកនាំដោយលោកអ៊ឹម ភ័ណសុផល អភិបាលរងខេត្ត ក្នុងនោះមានវត្តមានលោកឧត្តមសេនីយ៍ត្រីឌី ផេន នាយករងទីចាត់ការការងារព្រំដែននៃអគ្គបញ្ជាការនិងជាប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ព្រមទាំងសមត្ថកិច្ចជាច្រើននាក់បានចូលទៅទឹកដីសៀមតាមការអញ្ជើញពីភាគីសៀមដើម្បីទៅពិនិត្យមើលទីតាំងដែលភាគីសៀមគ្រោងសាងសង់ស្នាក់ការគយ និងរដ្ឋាករ ព្រមទាំងប៉ុស្តិ៍តម្រួត។
ក្រោយការវិលត្រឡប់មកដល់ទឹកដីកម្ពុជាវិញ លោកអ៊ឹម ភ័ណសុផល អភិបាលរងខេត្តបានប្រាប់ថា ដោយមានសំណូមពរពីអភិបាលខេត្តស្រះកែវសុំសាងសង់ស្នាក់ការគយនិងរដ្ឋាករ ព្រមទាំងប៉ុស្តិ៍តម្រួតរបស់គេនៅក្នុងស្រុកតាប្យា ដែលនៅទល់មុខច្រកតំបន់បឹងត្រកួនរបស់កម្ពុជា ខាងភាគីសៀមក៏បានអញ្ជើញអាជ្ញាធរនិងសមត្ថកិច្ចកម្ពុជាទៅពិនិត្យមើលទីតាំងដែលគ្រោងសាងសង់នោះ ។ ប៉ុន្តែក្រុមការងាររបស់លោកបានប្រាប់ទៅភាគីសៀមវិញថា មិនមានសិទ្ធិសម្រេចទេ និងបានសុំពេលមួយរយៈសិនដើម្បីធ្វើរបាយការណ៍ដាក់ជូនគណៈកម្មការព្រំដែនថ្នាក់ជាតិនិងឱ្យជំនាញបច្ចេកទេសមកពិនិត្យមើលសិន។ ចំណុចដែលភាគីសៀមគ្រោងសាងសង់នោះ ត្រូវបានអភិបាលរងខេត្តប្រាប់ថា មានចម្ងាយប្រហែល២២០ម៉ែត្រពីបង្គោលឡាក់លេខ៣៦ ។
លោកអភិបាលរងខេត្តបន្តទៀតថា ខាងលោកបានប្រាប់ភាគីសៀមថា លោកគ្មានសិទ្ធិសម្រេចទេ ហើយខាងអាជ្ញាធរសៀមគឺលោកអភិបាលខេត្តស្រះកែវបានអះអាងថា កន្លែងដែលត្រូវសាងសង់នោះមិនប៉ះពាល់ចំណុចដែលមានការប្រទាំងប្រទើសគ្នាឡើយ ។
ចំណែកលោកឧត្តមសេនីយ៍ត្រីឌី ផេន បានប្រាប់តាមទូរស័ព្ទថា ការអញ្ជើញទៅចូលរួមពិនិត្យទីតាំងដែលខាងភាគីសៀមគ្រោងសាងសង់នោះ មិនមែនជាការអញ្ជើញផ្លូវការទេ ហើយលោកប្រាប់ថា ក្រោយការពិនិត្យទីតាំងក៏មានការជួបប្រជុំគ្នាមួយផងដែរ និងក្រោយកិច្ចប្រជុំបានទទួលទានអាហាររួមគ្នាក្នុងទឹកដីសៀម ។ បើគេចាំមិនភ្លេចទេ កាលពីឆ្នាំទៅមិញ ភាគីសៀមបានយកគ្រឿងចក្រមកធ្វើការឈូសឆាយនៅចំណុចនោះម្តងហើយ ដោយមិនបានប្រាប់ភាគីកម្ពុជាទេ ហើយក៏មានការរារាំងសកម្មភាពនោះម្តងហើយដែរព្រោះតែចំណុចនោះជាតំបន់ប្រទាញប្រទង់មិនទាន់ច្បាស់លាស់ពីបន្ទាត់ព្រំដែន ៕
ចែករំលែកព័តមាននេះ