ខេត្តពោធិ៍សាត់ ៖ ឈើទាលដ៏ធំមួយដើមដែលមានអាយុកាលរាប់រយឆ្នាំមកហើយ និងមានអង្កត់ផ្ចិតប្រហែល២ម៉ែត្រ ស្ថិតនៅក្នុងភូមិឈើទាលខ្ពស់ ឃុំក្បាលត្រាច ស្រុកក្រគរ បានត្រូវគេកាប់រំលំដើម្បីពង្រីកផ្លូវជាតិលេខ៥ កាលពីថ្ងៃ២១ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង១០ព្រឹក ។
ឈើទាលមួយដើមនេះ ជានិមិត្តរូបរបស់ឈ្មោះភូមិឈើទាលខ្ពស់សព្វថ្ងៃ ដែលត្រូវបានអ្នកស្រុកមានជំនឿនិងគោរពបូជាថាជាដើមឈើផ្តល់សេចក្តីសុខ សុវត្ថិភាពដល់អ្នកភូមិនៅទីនោះ និងអ្នកធ្វើដំណើរឆ្លងកាត់ផងដែរ ។
ប្រជាជនដែលធ្លាប់ឃើញនិងស្គាល់ដើមឈើទាលនេះ បានសម្តែងអារម្មណ៍សោកស្តាយជាពន់ពេក ព្រោះពួកគាត់ធ្លាប់ឃើញធ្លាប់ឮ(ឈើទាលខ្ពស់ៗ) តាំងតែកើតពីពោះម៉ែមក ប៉ុន្តែចាប់ ពីថ្ងៃនេះតទៅនឹងបាត់រូបរាងជារៀងរហូតហើយ បន្សល់ទុកតែឈ្មោះប៉ុណ្ណោះ ។
បន្ទាប់ពីកាប់ដើមឈើទាលមួយដើមនេះទៅ អ្នកខ្លះបានបញ្ចេញមតិក្នុងបណ្ដាញសង្គមថា គួរតែរិះរកមធ្យោបាយណាមួយដើម្បីរក្សាទុកឲ្យនៅគង់វង្សជារៀងរហូត ដើម្បីជានិមិត្តរូបរបស់ឈ្មោះភូមិឈើទាលខ្ពស់ និងដើម្បីឲ្យកូនចៅជំនាន់ក្រោយបានដឹងផងដែរ ។ នៅប្រទេសគេ បើធ្វើផ្លូវប៉ះដើមឈើធំបែបនេះ គេមិនកាប់ចោលទេសុខចិត្តធ្វើផ្លូវវាង ព្រោះដើមឈើនេះមានអាយុកាលរាប់រយឆ្នាំមកហើយ ។
អ្នកខ្លះថា ពេលធ្វើដំណើរឆ្លងកាត់មកដល់ដើមឈើទាលមួយដើមនេះ ដឹងថាដល់ទឹកដីស្រុកក្រគរហើយ តែពីថ្ងៃនេះទៅលែងបានឃើញទៀតហើយ គាត់មានអារម្មណ៍សោកស្ដាយខ្លាំងណាស់ តែគាត់ចងចាំជានិច្ច មិនបន្ទោសការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលនោះទេ ។ អ្នកខ្លះថា បាត់ទីកន្លែងធ្លាប់ហក់ទឹកលេងក្បែរនោះ កន្លែងគោរពអ្នកតា កន្លែងជ្រកម្លប់ ជ្រកភ្លៀង ឃ្វាលគោឃ្វាលក្របី និងអនុស្សាវរីយ៍កាលវ័យកុមារជាច្រើនរាប់មិនអស់ទៀត ។
ជាមួយគ្នានេះ ក៏មានអ្នកខ្លះនិយាយថា ត្រូវតែកាប់ព្រោះតម្រូវការអភិវឌ្ឍន៍ប្រទេស បើទុកប្រាកដជាមានគ្រោះថ្នាក់ដល់អ្នកដំណើរជាក់ជាមិនខាន ។ សូមកុំមើលតែឈើមួយដើម ត្រូវមើលព្រៃទាំងមូលទើបល្អ ៕
ចែករំលែកព័តមាននេះ