ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករ​​​​ត្អូញ​​ថា៖ ​លក់រាល់ថ្ងៃ​​​ តែអត់អ្នក​ទិញ​ អាចផ្អាកបណ្តោះអាសន្នហើយ

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ​ក្រោយ​ពី​មានហេតុការណ៍​ផ្ទុះ​ជំងឺកូវីដ-១៩ បាន​ធ្វើ​ឱ្យ​អាជីវករ​លក់ដូរ​នៅ​ផ្សារ​ធំ​កំពង់​ចាម ​និង​ផ្សា​របឹង​កុក ក្នុង​ក្រុង​កំពង់ចាម​​ នាំ​គ្នា​ត្អូញត្អែ​ថា រាល់​ថ្ងៃនេះ​លក់​មិនសូវ​ដាច់​នោះ​ទេ​ ​ព្រោះ​មនុស្ស​ម្នា​ក្មេង​ចាស់​ប្រុស​ស្រី ក៏​មិនសូវ​នាំ​គ្នា​មក​ផ្សារទិញទំនិញ…

ខេត្តកំពង់ចាម ៖ ​ក្រោយ​ពី​មានហេតុការណ៍​ផ្ទុះ​ជំងឺកូវីដ-១៩ បាន​ធ្វើ​ឱ្យ​អាជីវករ​លក់ដូរ​នៅ​ផ្សារ​ធំ​កំពង់​ចាម ​និង​ផ្សា​របឹង​កុក ក្នុង​ក្រុង​កំពង់ចាម​​ នាំ​គ្នា​ត្អូញត្អែ​ថា រាល់​ថ្ងៃនេះ​លក់​មិនសូវ​ដាច់​នោះ​ទេ​ ​ព្រោះ​មនុស្ស​ម្នា​ក្មេង​ចាស់​ប្រុស​ស្រី ក៏​មិនសូវ​នាំ​គ្នា​មក​ផ្សារទិញទំនិញ ដូច​កាលពីមុនទៀតហើយ​ ។ ហើយបើនៅតែស្ងាត់​បែប​នេះ ពួកគាត់សម្រេចចិត្តផ្អាក​លក់ជាបណ្តោះអាសន្ន​ ។

ជួបជាមួយកោះសន្តិភាព បុរស​វ័យ​ជាង​២០​ឆ្នាំ​ម្នាក់ ជាអ្នក​លក់​ផ្លែ​ឈើ​បាន​​ឱ្យដឹងថា ​​ដំបូង​ឡើយ​ខ្លួន​បាន​ជួយ​លក់​ផ្លែ​ឈើ​ឱ្យ​ម្ដាយមីង​ ដែល​គាត់​បាន​ឲ្យ​កម្រៃ​ខ្លះ​សម្រាប់​ចាយវាយ ក្រោយមក​ទៀត ខ្លួន​ក៏​បាន​ចេះ​ពី​របៀប​លក់ដូរ​យល់​កាន់តែ​ច្បាស់ ក៏​ចាប់ផ្ដើម​បើក​របរ​លក់​ផ្លែ​ឈើ​ដោយ​ខ្លួនឯង​ក្នុង​មួយ​ថ្ងៃ ​គេ​អាច​លក់​បាន​រហូត​ទៅ​ដល់​៥០​ម៉ឺន​រៀល ​ចាប់តាំងពី​ពេល​ព្រឹក​រហូត​ដល់​ម៉ោងជាង​៨​យប់​ ទើប​សម្រាក ​។​ ប៉ុន្តែ​ក្រោយ​ពី​មានការ​ភ្ញាក់ផ្អើល​ជំងឺ​កូវីដ-១៩នេះមក ​ធ្វើ​ឱ្យប្រាក់​ចំណូល​នៃ​ការ​លក់ដូរ​ផ្លែ​ឈើ​បាន​ធ្លាក់​ចុះ​ប្រមាណ​ជា​៣០​ភាគរយ ​។

អ្នកស្រី​ហន សំណាង វ័យ​៤២ ឆ្នាំ​រស់នៅ​សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ជាអ្នក​លក់​ផ្លែឈើ​គ្រប់មុខ​នៅ​ ផ្សា​រ​បឹង​កុក ​បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃ​ទី​២៤​ មីនា​ នេះថា មុន​ពេល​ដែល​មាន​ហេតុការណ៍​ជំងឺ​កូវីដ-​១៩​ផ្ទុះ​ឡើង ​ក្នុង​មួយ​ថ្ងៃ​គាត់​អាច​រក​ចំណូល​បាន​ក្នុង​ចន្លោះ​ពី​៤០​ទៅ​៥០ម៉ឺន​រៀល ។ ​​តែ​ក្រោយ​ពី​មាន​ជំងឺ​នេះ​ផ្ទុះ​ឡើង​ ប្រជាពលរដ្ឋ​មានការ​ខ្លាចរអា​មិនសូវ​មាន​អ្នក​ដើរមក​ផ្សារ​ប៉ុន្មាន​នោះ​ទេ​ ជាក់ស្ដែង​នៅ​ថ្ងៃ​ទី​២៣​ មីនា​ គាត់​លក់​បាន​តែ​ជាង​២០​ម៉ឺន​រៀល​ប៉ុណ្ណោះ​ ។ ប្រសិន​ពេល​ខាងមុខ ​មាន​សភាព​ស្ងាត់​មនុស្ស​កាន់​តែ​មានការ​ថមថយ​ដូច្នេះ​ ការ​លក់ដូរ​របស់​គាត់​ក៏​នឹង​ត្រូវ​ផ្អាក​ជា​បណ្ដោះអាសន្ន​មួយ​រយៈ​ ។ ​

ដោយឡែក ​អ្នកលក់​ភេសជ្ជៈ​នៅ​ក្រោម​ស្ពាន​គី​ហ្សុណា​បាន​ឲ្យ​ដឹង​ដែរ​ថា កាលពីមុន​អ្នក​លក់ដូរ​មាន​ជា​ច្រើន​កន្លែង ​នៅ​ក្រោម​ស្ពាន​ជាប់មាត់​ទន្លេមេគង្គ​នា​ពេល​ល្ងាច ហើយ​ថែម​ទាំង​សម្បូរ​មនុស្ស​ក្មេង​ចាស់​ប្រុស​ស្រី​បាន​នាំ​គ្នា​ធ្វើ​ដំណើរ​កម្សាន្ត​លេង​ស្រូប​យក​ខ្យល់ អាកាស​តាម​ម៉ូតូ​និង​រថយន្ត​ជា​ច្រើន​ហើយ​ការ​លក់ដូរ​ក៏​ដាច់​ទៀត​ផង​។​ តែ​ក្នុង​រយៈ​ពេល​១០​ថ្ងៃ​ចុង​ក្រោយ​នេះ​ ប្រជាពលរដ្ឋ​មានការ​ភ្ញាក់ផ្អើល​និង​ខ្លាចរអា​រពី​ជំងឺ​ខាងលើ ពេល​ល្ងាច​ៗ​មាន​មនុស្ស​ដើរ​ចំនួន​តិច​ ហើយ​អ្នកលក់​ក៏​លក់​មិន​ដាច់ មួយ​ចំនួន​ធំ​បាន​នាំ​គ្នា​ផ្អាក​លក់​ជា​បណ្ដោះអាសន្ន​ ។

ដោយឡែក ​នៅ​ខាងត្បូង​ផ្សារ​ធំ​សម្បូរ​មនុស្ស​លក់​បាយ​សម្ល តែ​នៅ​ថ្ងៃ​ទី ២៣​មីនា​មាន​អ្នក​លក់​តិច​ ។​កន្លែង​ចំណតរថយន្ត​ក្រុង​កំពង់ចាម នៅ​យប់​ថ្ងៃ​ទី២៣ ​មីនា ឃើញ​មាន​តែ​តុ​នឹង​ជើងម៉ា​មិន​បានឃើញ​មនុស្ស​ចូល​ហូប​នោះ​ទេ ដោយឡែក​នៅ​ផ្សារ​រាត្រី​ក្រុង​កំពង់ចាម​សំបូរ​តែ​អ្នកលក់​តែ​អ្នកទិញ​មាន​តិចតួច​ ។ សូម​បញ្ជាក់​ថា​ ចាប់តាំងពី​ពេល​ដែល​មានការ​ភ្ញាក់ផ្អើល​ផ្ទុះ​ជំងឺ​កូវីដ-១៩ មាន​ហាង​លក់ដូរ​មួយ​ចំនួន​នៅ​មាត់ទន្លេ​ក្រុង​កំពង់ចាម បាន​បិទទ្វារ​ផ្អាក​លក់​ជា​បណ្ដោះអាសន្ន​ ហើយ​ហាង​មួយ​ចំនួន​ទៀត​ ដែល​លក់ដូរ​រាល់ថ្ងៃ​ក៏​មិនសូវ​មាន​ភ្ញៀវ​ចូល​ហូប​ប៉ុន្មាន​ទេ។

អត្ថបទសរសេរ ដោយ