ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភោជនីយដ្ឋាន និង​ហាង​អាហារ​មួយ​ចំនួន​ចាប់ផ្ដើម​បិទទ្វារ ​ក្រោយ​រក​ឃើញ​ករណី​ឆ្លងកូ​វី​ដ​-១៩

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ បន្ទាប់​ពី​កម្ពុជារ រក​ឃើញ​ករណី​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ កាន់តែ​កើនឡើង បណ្ដា​អាជីវកម្ម​មួយ​ចំនួន​បាន​ផ្អាក​បណ្ដើរ​ៗ​ហើយ ជាក់ស្ដែង​ផ្សារ​ទំនើប ភោជនីយដ្ឋាន ហាង​អាហារ​តូច​ៗ​ជាដើម ដើម្បី​ទប់ស្កាត់ ឬ​ដោយសារ​តែ​ខ្លាច​ការ​ឆ្លង​រាលដាល…

រាជធានី​ភ្នំពេញ​៖ បន្ទាប់​ពី​កម្ពុជារ រក​ឃើញ​ករណី​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ កាន់តែ​កើនឡើង បណ្ដា​អាជីវកម្ម​មួយ​ចំនួន​បាន​ផ្អាក​បណ្ដើរ​ៗ​ហើយ ជាក់ស្ដែង​ផ្សារ​ទំនើប ភោជនីយដ្ឋាន ហាង​អាហារ​តូច​ៗ​ជាដើម ដើម្បី​ទប់ស្កាត់ ឬ​ដោយសារ​តែ​ខ្លាច​ការ​ឆ្លង​រាលដាល បន្តបន្ទាប់ ទៀត ។

បុគ្គលិក​ធ្វើការ​តាម​ក្រុមហ៊ុន​នានា បាន​និយាយ​ពី​ផល​លំបាក​របស់​ខ្លួន ដោយសារ​តែ​ស្វែង រក​ហាង​អាហារ​សម្រាប់​ទទួលទាន​ដូច​សព្វដង​មិន​បាន ព្រោះតែ​គេ​បាន​បិទ​បណ្ដើរ​ៗ​ហើយ ជាក់ស្ដែង​ហាង​មាតុភូមិ​មួយ​កន្លែង​នៅ​តាម​បណ្ដោយ​ផ្លូវ ៣៦០​សង្កាត់​បឹង​កេងកង​បី បាន បិទទ្វារ​ដោយ​មិន​បញ្ជាក់​ពី​មូលហេតុ ហើយ​ភោជនីយដ្ឋាន​ផ្សេង​ទៀត ក៏​បាន​បិទទ្វារ​ដូច​គ្នា គឺ​ប្រៀប​បីដូច​ជា​រដូវ​ចូល​ឆ្នាំ ឬ​ភ្ជុំបិណ្ឌ​រាល់​ឆ្នាំ ព្រោះ​រដូវ​ទាំង​ពីរ​នេះ ពលរដ្ឋ​នៅ​ភ្នំពេញ​បាន បិទ​អាជីវកម្ម​របស់​ខ្លួន រួច​ហើយ​ទៅ​លេង​ស្រុក​កំណើត​របស់​ខ្លួន ឬ​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ តំបន់​ទេសចរណ៍​នានា​ជាដើម តែ​នេះ​មិន​ទាន់​ដល់​រដូវ​ចូល​ឆ្នាំ ផង​ក៏​បិទទ្វារ​បណ្ដើរ​ៗ​ទៅ ហើយ ។

ភោជនីយដ្ឋាន​មួយ​កន្លែង​ទៀត​ឈ្មោះ សម្ផស្ស​បុកល្ហុង នៅ​ម្ដុំ​ទួល​ស្វាយព្រៃ រាជធានី ភ្នំពេញ មិន​បាន​បិទទ្វារ​ទេ គឺ​នៅ​ចំអិន​អាហារ​ជូន​ភ្ញៀវ​ធម្មតា គ្រាន់តែ​មិន​បម្រើភ្ញៀវ នៅ​ក្នុង ហាង​ប៉ុណ្ណោះ ពោល​គឺ​ភ្ញៀវ​អាច​កុម្ម៉ង់​អាហារ​ខ្ចប់​យក​ទៅ​ទទួលទាន​នៅ​គេហដ្ឋាន ឬ​នៅ ការិយាល័យ​របស់​ពួក​គាត់​បាន តែ​មិន​ឱ្យ​ភ្ញៀវ​ចូល​បរិភោគ​ក្នុង​ហាង​ដូច​មុន​ៗ​ឡើយ និង ធ្វើ​ឱ្យ​បាត់បង់​ភ្ញៀវ​កាន់តែ​ច្រើន ។

បុគ្គលិក​ភោជនីយដ្ឋាន​មួយ​នេះ​បាន​និយាយ​ថា ថៅកែ​មិន​ឱ្យ​ទទួលភ្ញៀវ​ទេ តែ​ភ្ញៀវ​អាច ទិញ​ម្ហូប​កុម្ម៉ង់​ទៅ​ហូប​បាន គឺ​ដើម្បី​ការពារ​សុវត្ថិភាព​ភ្ញៀវ​ផង និង​សុវត្ថិភាព​បុគ្គលិក​បម្រើ ការ​ក្នុង​ភោជនីយដ្ឋាន​ផង​ដែរ ។ តែ​បើសិនជា​នៅ​តែ​ទទួលភ្ញៀវ​ធម្មតា​នោះ ហានិភ័យ​នៃ ការ​រាលដាល​ជំងឺឆ្លង​អាច​នឹង​ខ្ពស់ ដោយសារ​តែ​ភ្ញៀវ​មក​ច្រើន ហើយ​មិនដឹង​ថា​នរណា មាន​ជំងឺ​នេះ ឬ​អត់ ។
លោក អាន់ ច័ន្ទ​ថ្លា ម្ចាស់​ភោជនីយដ្ឋាន​មួយ​កន្លែង​នៅ​ម្ដុំ​បូកគោ ក៏​បាន​និយាយ​ថា លោក បាន​បិទទ្វារ​ហាង​មួយ​រយៈ​សិន​ហើយ​ដើម្បី​ការពារ​សុវត្ថិភាព​បុគ្គលិក​ពី​ការ​ឆ្លង​ជំងឺ​មួយ​នេះ ព្រោះថា​ភោជនីយដ្ឋាន គឺជា​កន្លែង​ទទួលភ្ញៀវ​ប្លែក​ៗ​រហូត មិនមែន​ភ្ញៀវ​ដដែល​នោះ​ឡើយ ។ លោក​ថា​៖ « នៅ​ពេល​ស្ថានភាព​ស្ងប់ស្ងាត់​វិញ​យើង​នឹង​ដំណើរការ​ហាង​នេះ​ឡើង​វិញ ហើយ​បុគ្គលិក​ក៏​អាច​ចូល​ធ្វើការ​វិញ​បានជា​ធម្មតា​» ។

លោក​បន្ត​ថា មុន​ពេល​បិទ​ជា​បណ្ដោះអាសន្ន លោក​បាន​ហៅ​បុគ្គលិក​ទាំងអស់​មក​ប្រជុំ និង​សួរនាំ​ថា​គួរតែ​ធ្វើ​បន្ត ឬ​ផ្អាក ។ ភាគច្រើន​នៃ​បុគ្គលិក​ស្នើ​សុំ​ឱ្យ​ផ្អាក ដោយសារ​តែ​ខ្លាច ឆ្លង​ជំងឺ​នេះ ហើយ​ពួក​គាត់​ក៏​បាន​ព្រមព្រៀង​ថា ពួក​គាត់​យក​កម្រៃ​តែ​ថ្ងៃ​ពួក​គាត់​ធ្វើការ​ទេ ចំណែក​ពេល​ឈប់​សម្រាក​ពួក​គាត់​មិន​យក​ឡើយ ។ ម្យ៉ាងទៀត ក្នុង​ពេល​ជំងឺ​នេះ​បាន ចាប់ផ្ដើម​រក​ឃើញ​ករណី​នៅ​កម្ពុជា​ជា​បន្តបន្ទាប់ ភ្ញៀវ​ក្នុង​ហាង​ក៏​បាន​ធ្លាក់​ចុះ​បន្តបន្ទាប់​ដែរ ជាក់ស្ដែង​មុន​បិទ គឺ​ភ្ញៀវ​ធ្លាក់​ចុះ​រហូត​ដល់ ៧០​ភាគរយ​ឯណោះ ដូច្នេះ​ហើយ​ទើប​លោក សម្រេចចិត្ត​បិទ​បណ្ដោះអាសន្ន​តែ​ម្ដង​ទៅ ។ ទន្ទឹង​នឹង​ករណី​រក​ឃើញ​កូ​វី​ដ​-១៩ នេះ​ដែរ ពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​មូ​យ​ចំនួន​ធំ​ក៏​បាន ទិញ​ស្បៀង​ទុក​នៅផ្ទះ​បង្ការ​ក្រែង​អាជីវករ នៅ​តាម​ផ្សារ​បិទ​តូប ឬ​ហាង​មិន​លក់​នៅ​ពេល ដែល​រក​ឃើញ​ជំងឺ​នេះ​កាន់តែ​ច្រើន ។

កញ្ញា ល​ក្ខិ​ណា ពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​មួយ​រូប​បាន​និយាយ​ថា​កញ្ញា បាន​ទិញ​ស្បៀង ដែល​អាច​ទុក​បាន​យូរ​បាន​ខ្លះ​ៗ​ហើយ ដើម្បី​ត្រៀម​បង្ការ​ក្រែង​អត់​មាន​គេ​លក់​អី​ញ៉ាំ ហើយ ក៏​មិន​ចង់ឱ្យ​អ្នក​ផ្ទះ​ចេញ​ទៅ​ផ្សារ​រហេតរហូត​ដែរ ពោល​គឺ​មាន​ស្បៀង​នៅផ្ទះ​អាច​ធ្វើ​ម្ហូប ញ៉ាំ​នៅផ្ទះ​បាន ដូច​ជា​ត្រីងៀត សាច់​គោ​ងៀត ត្រីខកំប៉ុង និង​អង្ករ​ជាដើម ព្រោះ​ស្បៀង ទាំងនេះ អាច​ទុក​បាន​យូរ និង​ទិញ​មុន​ពេល​វា​ឡើងថ្លៃ​ផង​ដែរ ។

អាជ្ញាធរ​កម្ពុជា ក៏​បាន​ប្រកាស និង​អំពាវនាវ​ផង​ដែរ​ដល់​ពលរដ្ឋ​កម្ពុជា ដែល​មិន​ចាំបាច់ សូម​ស្នាក់​នៅ​ក្នុងផ្ទះ​មួយ​រយៈ​សិន ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល ជា​ពិសេស​ពលករ ដែល​ទើប​មក​ពី​ប្រទេស​ថៃ គួរតែ​នៅ​ដាច់​ដោយឡែក ១៤​ថ្ងៃ ដោយ​កុំ​ទាន់​ស្និទ្ធស្នាល ជាមួយ​សមាជិក​ក្នុង​គ្រួសារ ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ