ខេត្តមណ្ឌលគិរី ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ព្រះសង្ឃមួយអង្គបានសុគតភ្លាមៗ ក្រោយពេលរងនូវអំពើហិង្សាពីព្រះសង្ឃដូចគ្នា ដោយចាក់នឹងកាំបិតជាច្រើនកន្លែង ក្នុងជម្លោះរឿងសង្ឃដីកា (ពាក្យសម្តី) បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែមីនា ២០២០ ឆ្នាំ២០២០ ស្ថិតនៅចំណុចវត្តដេអេ ក្នុងភូមិចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា ព្រះសង្ឃមួយអង្គដែលបានបង្កររបួសស្នាមដោយចេតនា ឈ្មោះ ធឿន នី ភេទប្រុស អាយុ៣៩ឆ្នាំ មានទីកន្លែងកំណើតភូមិត្របែក ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តកំពង់ចាម ហើយបច្ចុប្បន្នព្រះសង្ឃគង់នៅវត្តដេអេ ស្ថិតនៅភូមិចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ ចំណែកព្រះសង្ឃរងគ្រោះឈ្មោះ ថ្លាង វុធ ភេទប្រុស អាយុ២៤ឆ្នាំ មានទីកន្លែងកំណើតភូមិទឹកជ្រៅ ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តកំពង់ចាម បច្ចុប្បន្នជាព្រះអង្គគង់នៅវត្តដេអេ ស្ថិតនៅភូមិចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ។
ក្រោយកើតហេតុ ព្រះសង្ឃរងគ្រោះត្រូវគេបញ្ជូនព្រះអង្គទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យបង្អែកខេត្ត តែដោយស្ថានភាពរបួសធ្ងន់ធ្ងរពេក ព្រោះរងការចាក់ដោយកាំបិតជាច្រើនកន្លែងលើដងខ្លួន លុះពេលធ្វើដំណើរដល់ពាក់កណ្តាលផ្លូវ ព្រះអង្គត្រូវបានសុគតតែម្តង។
សមត្ថកិច្ចបន្តថា មូលហេតុដែលនាំឱ្យមានករណីខាងលើនេះ គឺផ្តើមចេញពីទំនាស់ពាក្យសំដី ដោយសង្ឃរងគ្រោះបានចោទព្រះសង្ឃជាជនសង្ស័យថា ជាមនុស្សញៀនថ្នាំ ។
បច្ចុប្បន្នព្រះសង្ឃជាជនសង្ស័យត្រូវបាននគរបាលឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ