ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង និង​ឥណទាន​សម្បទាន​ដល់​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា ណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ ស្តី​ពី​ការ​ផ្តល់​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​ជប៉ុន ដែល​មាន​ទឹកប្រាក់​សរុប…

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា ណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ ស្តី​ពី​ការ​ផ្តល់​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​ជប៉ុន ដែល​មាន​ទឹកប្រាក់​សរុប ៣៤.១៣៨ លាន​យ៉េន (​ប្រមាណ​៣១០​លាន​ដុល្លារ​អា​មេ​រិ​ក​) ជូន​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា នា​វេលា​ម៉ោង​០៩​និង​០០​ព្រឹក ថ្ងៃ​ទី​២៤ ខែមីនា​នេះ នៅ​វិមាន​សន្តិភាព ។ នេះបើយោងតាមផេកសម្តេចតេជោ ចេញផ្សាយមុននេះ ។

លិខិត​ប្តូរ​សារ​ដែល​នឹង​ត្រូវ​ចុះហត្ថលេខា​ដោយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ឯកឧត្តម មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា គ្របដណ្តប់​លើ​ការ​អនុវត្ត​គម្រោង​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន​៣​គម្រោង និង​ឥណទាន​សម្បទាន ចំនួន​២​គម្រោង ដូច​ខាងក្រោម ៖

ចំពោះ​ហិរញ្ញប្បទាន​ឥត​សំណង សម្រាប់​អនុវត្ត ៖ ទី​១- គម្រោងការ​ពង្រីក​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត ក្នុង​ក្រុង​តា​ខ្មៅ ដែល​មាន​ទឹកប្រាក់​ចំនួន ៣.៤២១​លាន​យ៉េន (​ប្រមាណ​៣១​លាន​ដុល្លារ​អា​មេ​រិ​ក​)

ទី​២- គម្រោង​សមាហរណកម្ម​ការ​បោសសម្អាត​មីន និង​សង្គ្រោះ​ជន​ពិការ​ដោយសារ​មីន ដែល​មាន​ទឹកប្រាក់​ចំនួន ១.០០០​លាន​យ៉េន (​ប្រមាណ ៩​លាន​ដុល្លារ​អា​មេ​រិ​ក​)
ទី​៣- គម្រោង​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម ដែល​មាន​ទឹកប្រាក់​ចំនួន ៣០០​លាន​យ៉េន (​ប្រមាណ​២,៧​លាន​ដុល្លារ​អា​មេ​រិ​ក​) ។

ចំណែក ឥណទាន​សម្បទាន សម្រាប់​អនុវត្ត ៖ ទី​១- គម្រោង​ធ្វើ​ឱ្យ​ប្រសើរ​នូវ​ផ្លូវជាតិ​លេខ​៥ ដំណាក់កាល​ទី​២ (​ធ្លា​ម្អម​-​បាត់ដំបង និង​សិរី​សោ​ភ័​ណ្ឌ​-​ប៉ោយ​ប៉ែ​ត​) ដែល​មាន​ទឹកប្រាក់ ១៧.៧០២ លាន​យ៉េន (​ប្រមាណ ១៦១​លាន​ដុល្លារ​អា​មេ​រិ​ក​)​។ ទី​២- គម្រោង​ធ្វើ​ឱ្យ​ប្រសើរ​នូវ​ផ្លូវជាតិ​លេខ​៥ ដំណាក់កាល​ទី​៣ (​ព្រែក​ក្តាម​-​ធ្លា​ម្អម​) ដែល​មាន​ទឹកប្រាក់ ១១.៧១៥​លាន​យ៉េន (​ប្រមាណ​១០៦,៥ លាន​ដុល្លារ​អា​មេ​រិ​ក​) ។

ហិរញ្ញប្បទាន​ឥត​សំណង និង​ឥណទាន​សម្បទាន ដែល​ផ្តល់​ដោយ​រដ្ឋាភិបាល​ជប៉ុន​នេះ នឹង​ជួយ​លើកកម្ពស់​បន្ថែម​ទៀត នូវ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ព្រមទាំង​ពង្រឹង​ទំនាក់ទំនង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រជាជាតិ​ទាំង​ពីរ ផង​ដែរ ៕