រាជធានីភ្នំពេញ ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០នេះ បានស្នើសុំបងប្អូនប្រជាពលរដ្ឋទាំងអស់ផ្តល់ទំនុកចិត្តលេីក្រុមគ្រូពេទ្យ នៅថ្នាក់ជាតិ និងក្រោមជាតិ ដែលកំពុងតែសកម្មក្នុងការស្វែងរកអ្នកប៉ះពាល់ផ្ទាល់ ឬប្រយោល និងសូមឲ្យមានការចូលរួមសហការស្ម័គ្រចិត្តបង្ហាញខ្លួន ប្រសិនបេីបានដឹងថា លោកអ្នកធ្លាប់បានប៉ះពាល់ជាមួយអ្នកវិជ្ជមានវីរុសកូវីដ១៩ ដេីម្បីពិនិត្យសុខភាពលោកអ្នក ប្រសិនបេីអ្នកប៉ះពាល់ផ្ទាល់មិនមានបញ្ហាទេ អ្នកប៉ះពាល់ប្រយោលដែលរកឃេីញនឹងចាត់ចែងឲ្យមានការតាមដានបន្ត ដោយខ្លួនឯងក្នុង រយ:ពេល ១៤ ថ្ងៃ។
លោកជំទាវអ្នកនាំពាក្យរូបនេះបានបន្តថា អ្វីដែលជាការរកឃេីញមកដល់ពេលនេះ គឺមានអ្នកវិជ្ជមាន វីរុសកូវីដ១៩ សរុបចំនួន ៥៣នាក់ (អ្នកជាសះស្បើយ២នាក់ អ្នកឆ្លងផ្ទាល់បន្តមានតែ៣ករណី (បុរសអាយុ៣៨ឆ្នាំនៅខេត្តសៀមរាប និងស្ត្រីជាភរិយា ២នាក់) ប៉ុណ្ណោះ។ មិនទាន់មានការចម្លង ឬរាតត្បាតក្នុងសហគមន៍នៅឡើយ។
លោកជំទាវ ឱ វណ្ណឌីន បានបន្តថា «នេះជាចំណុចដែលបងប្អូនប្រជាពលរដ្ឋត្រូវតែខិតខំចូលរួមការពារទប់ស្កាត់ កុំឲ្យមានការចម្លងទៅក្នុងសហគមន៍ ជាកិច្ចការដែលយើងទាំងអស់គ្នាត្រូវធ្វើជាចាំបាច់។ ដូច្នេះ ខ្ញុំសូមអំពាវនាវ ហើយអំពាវនាវទៀត ខ្ញុំសុំលេីកដៃសំពះដល់បងប្អូនជនរួមជាតិយេីងទាំងអស់ សូមលោកអ្នកមេត្តាយល់លើចំណុចនេះជាចាំបាច់នៅក្នុងកាល:ទេស:នេះ ហើយសូមកុំឲ្យមានការរើសអើងឲ្យសោះ មិនមានអ្នកណាម្នាក់ចង់ឈឺ ឬចង់នាំជំងឺមកនោះឡើយ ។
តែអ្វីដែលសំខាន់នោះ ត្រូវតែរួបរួមគ្នាកាត់ផ្តាច់ឲ្យបាននូវការចម្លងពីបុគ្គលដែលមានវីរុសកូវីដ១៩ ទៅបុគ្គលផ្សេងទៀត ជាពិសេសអ្នកដែលនៅជិតស្និទ្ធ ឬក្រុមគ្រួសារ មិត្តភ័ក្ត្រគាត់ជាដើម។ ចូលរួមទាំងអស់គ្នា ការពារការចម្លងកូវីដ១៩ ទើបយើងអាចមានជ័យជនះ។ សូមជូនពរសុខភាពល្អ មិនមានការចម្លងវីរុសកូវីដ១៩នេះ ទាំងអស់គ្នា» ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ