ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានភាព​ទីក្រុង​បាត់ដំបង និង​ទីផ្សារ​នានា ស្ថិត​ក្នុង​សភាព​ស្ងប់ស្ងាត់ (​វី​ដេ​អូ)

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ស្ទើរតែ​គ្មាន​មនុស្ស​ធ្វើ​ដំណើរ​នៅ​តាម​ដង​វិ​ថី​នានា លំនៅ​ឋាន ហាង​លក់ទំនិញ​មួយ​ចំនួន និង​តូប​លក់ដូរ​ភាគច្រើន​នៅ​តាម​បណ្ដា​ផ្សារ​ធំ​ៗ ត្រូវ​បង្ខំ​បិទទ្វារ​យ៉ាង​ស្ងាត់ជ្រងំ ខណៈ​អ្នកតស៊ូ​លក់​ចំណីអាហារ ត្រី សាច់…

ខេត្តបាត់ដំបង ៖ ស្ទើរតែ​គ្មាន​មនុស្ស​ធ្វើ​ដំណើរ​នៅ​តាម​ដង​វិ​ថី​នានា លំនៅ​ឋាន ហាង​លក់ទំនិញ​មួយ​ចំនួន និង​តូប​លក់ដូរ​ភាគច្រើន​នៅ​តាម​បណ្ដា​ផ្សារ​ធំ​ៗ ត្រូវ​បង្ខំ​បិទទ្វារ​យ៉ាង​ស្ងាត់ជ្រងំ ខណៈ​អ្នកតស៊ូ​លក់​ចំណីអាហារ ត្រី សាច់ បន្លែ បាន​ត្អូញត្អែរ​ពី​ការ​ខាតបង់ ព្រោះ​គ្មាន​អតិថិជន​ទិញ​។ នេះ​ជា​ការ​ពិពណ៌នា​អំពី​ទិដ្ឋភាព​ក្នុង​ក្រុង​បាត់ដំបង ដែល​ធ្លាប់តែ​អ៊ូអរ ស្រាប់តែ​ពេល​នេះ​បែរជា​ស្ថិត​ក្នុង​ស្ថានភាព​ស្ងប់ស្ងាត់ ស្រប​ពេល​ដែល​ជំងឺ «​វីរុស​កូ​រ៉ូ​ណា​ថ្មី ឬ​កូ​វី​ដ​.១៩» កំពុង​ផ្ទុះ​ឡើង​យ៉ាង​កក្រើក​។

ស្ថិត​ក្នុង​កាលៈទេសៈ​បែប​នេះ ប្រជាពលរដ្ឋ​ស្ទើរ​គ្រប់​ទីកន្លែង បាន​បង្ហាញ​ហេតុផល​ប្រហាក់​ប្រហែល​គ្នា​អំពី​មូលហេតុ​ដែល​នាំ​ឲ្យ​មានការ​បិទទ្វារ​សម្ងំ​នៅ​ក្នុងផ្ទះ បិទទ្វារ​ហាង​លក់ទំនិញ ឬ​បិទ​តូប​លក់ដូរ​នៅ​ក្នុង​ផ្សារ​នានា​ក្នុង​ក្រុង​បាត់ដំបង​។ បើ​តាម​ហេតុផល​ពលរដ្ឋ ឬ​អាជីវករ​បាន​លើក​ឡើង គឺ​គ្មាន​អ្វី​ក្រៅពី​ខ្លាច​មេរោគ «​វីរុស​កូ​រ៉ូ​ណា​ថ្មី ឬ កូ​វី​ដ​.១៩» ដែល​ជា​ជំងឺឆ្លង​យ៉ាង​សាហាវ​នោះ​ទេ​។

បើ​ពិនិត្យ​លើ​ទិដ្ឋភាព​ជាក់ស្ដែង នៅ​ត្រឹម​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០២០​នេះ នៅ​លើ​ដងផ្លូវ​នានា ក្នុង​ក្រុង​បាត់ដំបង ហាក់​ស្ថិត​ក្នុង​ស្ថានភាព​ស្ងប់ស្ងាត់​បំផុត​។ គេ​ឃើញ​មាន​អ្នកដំណើរ​តិច​ទូច​បំផុត ពលរដ្ឋ​មួយ​ចំនួន​សម្ងំ​នៅ​លំនៅ​ឋាន ហាង​លក់ទំនិញ​ខ្លះ​បិទទ្វារ និង​ខ្លះ​ទៀត​បើកទ្វារ​តែ​គ្មាន​អតិថិជន​។ រីឯ​តូប​លក់ដូរ​ភាគច្រើន​នៅ​តាម​បណ្ដា​ផ្សារ​ធំ​ៗ នៃ​ទីក្រុង​បុរាណ​មួយ​នេះ ក៏​ត្រូវ​បង្ខំចិត្ត​បិទ​បណ្ដោះអាសន្ន​ស្ងាត់ជ្រៀប​ដែរ លើក​លេង​តែ​អ្នក​លក់ដូរ​ចំណីអាហារ ត្រី សាច់ បន្លែ មួយ​ចំនួន​ប៉ុណ្ណោះ ដែល​តស៊ូ​បង្ខំចិត្ត​ដាក់​លក់​ទាំង​ត្អូញត្អែរ​លក់​មិន​ដាច់ ប្រឈម​នឹង​ការ​ខាតបង់ ព្រោះ​គ្មាន​អ្នកទិញ​។ នៅ​តាម​បណ្ដា​សាលារៀន ក្លឹ​ប​កំសាន្ត​រាត្រី​នានា និង​តាម​បណ្ដា​អាហារ​ដ្ឋា​ន ឬ​ភោជនីយដ្ឋាន​មួយ​ចំនួន​ក៏​ត្រូវ​បង្ខំ​បិទទ្វារ​យ៉ាង​ស្ងាត់ជ្រងំ​ផង​ដែរ ព្រោះតែ​ខ្លាច «​កូ​វី​ដ​.១៩» យាយី​ដល់​អាយុជីវិត​។

យើង​ក្រឡេក​ទៅ​មើល​ផ្សារ​ធំ​បាត់ដំបង (​ផ្សារណាត់​) ដែល​ជាទី​ផ្សារ​ធ្លាប់តែ​មមាញឹក​បំផុត ស្ថិត​ចំ​កណ្ដាល​បេះដូង​នៃ​ខេត្ត​នេះ ពេល​នេះ​កំពុង​ក្លាយជា​ទីផ្សារ​ដ៏​ស្ងាត់ជ្រងំ​។ គេ​ឃើញ​មាន​អាជីវ​ករ​តិចតួច​ណាស់​ដែល​បាន​បើក​តូប​លក់ តែ​ហាក់​គ្មាន​អតិថិជន​ចូល​ទិញ​ឡើយ ខណៈ​តូប​លក់​ភាគច្រើន​បាន​បិទទ្វារ​។ អាជីវករ​លក់​មាស និង​ប្ដូរ​ប្រាក់​នៅ​ក្នុង​ផ្សារ​នេះ​ម្នាក់ បាន​ថ្លែងប្រាប់​កោះសន្តិភាព​ថា អ្នកលក់​មួយ​ចំនួន​នៅ​តែ​បន្ត​បើក​តូប​លក់ដូរ តែ​មិន​សំបូរ​អ្នកទិញ​ទេ​។

អាជីវករ​រូប​នេះ បាន​និយាយ​ដូច្នេះ​ថា «​ខ្ញុំ​នៅ​តែ​មក​បើក​កន្លែង​លក់​មាស និង​ប្ដូរ​ប្រាក់ តែ​ខ្ញុំ​លក់​មិន​ដាច់​ទេ​។ គ្មាន​អ្នកទិញ​គ្រឿងអលង្ការ ឬ​ប្ដូរ​ប្រាក់​ទេ តែ​សំបូរ​អ្នក​យក​មាស​មក​លក់ ដើម្បី​យក​ប្រាក់​ទៅ​ទិញ​គ្រឿង​បរិភោគ ឧបភោគ​នានា​សម្រាប់​ទុក​នៅផ្ទះ​»​។ ស្ថិត​ក្នុង​ស្ថានភាព​បែប​នេះ គាត់​បាន​ប្រាប់​ថា អាជីវករ​ភាគច្រើន​បាន​បង្ខំចិត្ត​បិទទ្វារ​តូប​លក់ដូរ អាច​បណ្ដាល​មក​ពី​ពួក​គេ​ខ្លាច​ជំងឺ «​កូ​វី​ដ ១៩» នេះឯង ហើយ​បើ​បើក​តូប​លក់ដូរ​ក៏​គ្មាន​អ្នកទិញ​ដែរ ព្រោះ​អ្នកទិញ​ក៏​ខ្លាច​ជំងឺ​នេះ​ដូច​គ្នា​។

រីឯ​អ្នកលក់​មាន់​ម្នាក់​នៅ «​ផ្សារណាត់​» នេះ​ដែរ បាន​ប្រាប់​ថា ស្ថានភាព​ស្ងប់ស្ងាត់​នេះ បាន​កើត​ឡើង​ជាង​មួ​យស​ប្ដា​ហ៍​កន្លង​មក​ហើយ​។ ស្ត្រី​រូប​នេះ​បាន​ត្អូញត្អែរ​បែប​នេះ​ថា «​កន្លង​ទៅ ខ្ញុំ​ធ្លាប់​លក់​មាន់​ក្នុង​មួយ​ថ្ងៃ​ៗ​អស់​រាប់​សិប​ក្បាល តែ​ពេល​នេះ​បាត់​ម៉ូយ​អស់​..​។ ម្សិល​ម៉ិ​ញ​ខ្ញុំ​លក់​អស់​តែ​១​ក្បាល​គត់ ហើយ​ថ្ងៃនេះ​មិន​ទាន់​លក់ដាច់​១​ក្បាល​ទេ​។ មិនមែន​មាន​តែ​ខ្ញុំ​ទេ ដែល​លក់​មិន​ដាច់ អ្នកលក់​បន្លែ ត្រី សាច់ ដទៃ​ទៀត ក៏​ជួប​បញ្ហា​នេះ​ដូច​គ្នា​ដែរ​។ មួយ​ថ្ងៃ​ៗ​មាន​តែ​ការ​ខាតបង់ មើលទៅ​ដាច់​បាយ​ហើយ​..»​។

ដោយឡែក​បើ​ពិនិត្យ​មើល​ទិដ្ឋភាព​នៅ​ឯ «​ផ្សា​របឹង​ឈូក​» ឯណោះ​វិញ ដែល​ជាទី​ផ្សារ​បន្ដុំ​ទៅ​ដោយ​ទំនិញ​គ្រប់មុខ ក៏​មិន​ខុស​ពី​ផ្សារណាត់​នេះ​ដែរ​។ តូប​លក់ដូរ​ភាគច្រើន​នៅ​ក្នុង​ផ្សារ​នេះ ក៏​ត្រូវ​បាន​បិទ​ផង ដែរ ប៉ុន្តែ​អ្នកលក់​បន្លែ ត្រី សាច់ មួយ​ចំនួន នៅ​តែ​បន្ត​ដាក់​លក់​នៅ​ជុំវិញ​ផ្សារ​នេះ ស្ងាត់​តែ​អតិថិជន​ទេ ដែល​មិនឃើញ​ដើរ​ទិញ​។

អាជីវករ​ផ្សារ​នេះ បាន​ប្រាប់​ថា បើ​តាម​ការ​កត់​សម្គាល់ មាន​តែ​ទំនិញ​ម្ហូបអាហារ ត្រី សាច់ ឬ បន្លែ​ប៉ុណ្ណោះ​ដែល​លក់ដាច់​ខ្លះ​ៗ ព្រោះ​ជា​តម្រូវ​ការ​ចាំបាច់​រាល់ថ្ងៃ តែ​ទំនិញ​ក្រៅពី​នេះ គ្មាន​អ្នក​ចូល​ទិញ​ទេ​។ ម្យ៉ាង​ទាំង​អ្នកលក់ ទាំង​អ្នកទិញ​សុទ្ធតែ​កំពុង​ភ័យ​ខ្លាច​មេរោគ «​កូ​វី​ដ ១៩» នេះ​ដូច​គ្នា ដូច្នេះ​ហើយ​ទើប​នាំ​គ្នា​បង្ខំចិត្ត​បិទ​តូប សម្ងំ​នៅ​តាម​ផ្ទះ​រៀង​ៗ​ខ្លួន​។

មិនមែន​មាន​តែ​អាជីវករ ឬ​អ្នកលក់​ចំណីអាហារ​ទេ ដែល​រអ៊ូរទាំ​ពី​ការ​បាត់បង់​អតិថិជន បាត់បង់​ចំ​ណួ​ល​ប្រចាំ​ថ្ងៃ សូ​ម្បី​តែ​អ្នក​រត់​ម៉ូតូឌុប ក៏​ត្អូញត្អែរ​ពី​ការ​បាត់បង់​ប្រាក់​ចំ​ណុ​ល​ដែរ ព្រោះ​គ្មាន​ម៉ូយ​ឌុ​ប​។ អ្នក​រត់​ម៉ូតូឌុប​ប្រចាំ​ផ្សារ​នេះ​ម្នាក់ បាន​និយាយ​យ៉ាង​ដូច្នេះ​ថា «​កុំ​ថា​ឡើយ​អ្នក​លក់ដូរ​បាត់​ម៉ូយ សូ​ម្បី​តែ​ខ្ញុំ​រត់​ម៉ូតូឌុប ក៏​បាត់​ម៉ូយ​អស់​ដែរ ប្រហែល​មក​ពី​អា កូ​វី​ដ ១៩ នេះ​ហើយ »​។ គាត់​គ្រវីក្បាល ហើយ​ឆ្លើយ​យ៉ាង​ខ្លី​ថា «​អត់​ទេ​» នៅ​ពេល​សួរ​ថា តើ​លោកពូ​រត់​ម៉ូតូឌុប ដាច់​ដែរ​ឬទេ ?​។ គាត់​បាន​ពោល​ថា «​ពេល​នេះ អ្នកទិញ​ទំនិញ​ក៏​គ្មាន អ្នក​ជិះ​ម៉ូតូឌុប​ក៏​គ្មាន គឺ​ចប់​ហើយ​»​។

គ្រប់​ទីកន្លែង ប្រជាពលរដ្ឋ​បាន​ចាត់​ទុក​មេរោគ «​វីរុស កូ​រ៉ូ​ណា ឬ កូ​វី​ដ​១៩» នេះ​ថា ជាស​ត្រូវ​ដ៏​ធំ​ដែល​គួរ​ឲ្យ​ភ័យ​ខ្លាច​បំផុត រហូត​ធ្វើ​ឲ្យ​មនុស្ស​មិន​ហ៊ាន​ចេញ​ក្រៅ​ផ្ទះ មិន​ហ៊ាន​ជួបជុំ​គ្នា មិន​បាន​ចេញ​ទៅ​ធ្វើ​ការងារ ប្រកប​មុខរបរ​ទទួលទាន និង​ធ្វើ​ឲ្យ​បាត់បង់​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ​យ៉ាងធ្ងន់ធ្ងរ​បំផុត​។

ពាក់ព័ន្ធ​នឹង​មេរោគ «​កូ​វី​ដ ១៩» ដ៏​កាច​សាហាវ និង​គួរ​ឲ្យ​ខ្លាច​បំផុត​នេះ បើ​តាម​ការ​ប្រកាស​ឲ្យ​ដឹង​ជាបឋម​របស់​ក្រសួងសុខាភិបាល សម្រាប់​ខេត្តបាត់ដំបង គឺ​មាន​អ្នក​ឆ្លង​មេរោគ​ដ៏​កំណាច​នេះ​បាន​កើន​ដល់​ចំនួន​០៨​នាក់​ហើយ បើ​គិត​ត្រឹម​ថ្ងៃ​ទី​២១ មីនា ២០២០ ដែល​ចំនួន​នេះ បាន​និង​កំពុង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង​នៅ​ក្នុង​ខេត្តបាត់ដំបង មានការ​ភ័យ​ខ្លាច និង​បារម្ភ​យ៉ាង​ខ្លាំង​អំពី​សុខភាព​។

ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ បច្ចុប្បន្ន​នេះ គេ​សង្កេត​ឃើញ ទាំង​អាជ្ញាធរ ទាំង​មន្ត្រី​សុខា​ភិបាល បាន​និង​កំពុង​រួមដៃគ្នា​ប្រឹងប្រែង​យ៉ាង​ខ្លាំង ក្នុង​ការ​ចាត់វិធានការ​ទប់ស្កាត់ និង​វិធាន​ការ​ព្យាបាល​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ