ខេត្តស្ទឹងត្រែង ៖ រថយន្ត២គ្រឿងដឹកឈើប្រណីតត្រូវបានកម្លាំងជំនាញរដ្ឋបាលព្រៃឈើសង្កាត់អូរពងមាន់ និងសង្កាត់សេសាន សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសេសាន ចាប់នៅលើកំណាត់ផ្លូវជាតិលេខ៧A ចំណុចអូរពងមាន់ និងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង នៅវេលាម៉ោង៥និង៣០នាទី និងមួយគ្រឿងទៀតនៅចន្លោះម៉ោង៦និង២០នាទីព្រឹក ថ្ងៃទី១៥ មីនា។ ប្រភពព័ត៌មានឱ្យដឹងថា រថយន្តចំនួន២គ្រឿងផ្ទុកឈើប្រណីតលោតឆត្រចេញពីខេត្តស្ទឹងត្រែង ឆ្ពោះទៅខេត្តក្រចេះ និងមួយគ្រឿងទៀតឆ្ពោះទៅរាជធានីភ្នំពេញ។
លោកអនុសេនីយ៍ឯក យ៉ា យឿន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកសេសានបានឱ្យដឹងថា នៅវេលាម៉ោង៥និង៣០នាទីភ្លឺ រថយន្តទួរីស ពណ៌លឿង បានដឹកឈើប្រណីតប្រភេទបេង និងលាយគ្រឿងសង្ហារិមចេញពីខេត្តស្ទឹងត្រែង ឆ្ពោះទៅរាជធានីភ្នំពេញ ត្រូវកម្លាំងមូលដ្ឋានចាប់បាននៅចំណុចផ្លូវបំបែកចំការម៉ៃសាក់ ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង។ បន្ទាប់មកនៅវេលាម៉ោង៦និង២០នាទីព្រឹក ថ្ងៃដដែល រថយន្តកាមរី ស៊េរី៩១ ពណ៌ឈាមជ្រូក ផ្ទុកឈើគ្រញូងពេញ ចេញពីភូមិស្តៅ ឃុំស្តៅ ស្រុកសេសាន ឆ្ពោះទៅស្រុយកស្នូល ខេត្តក្រចេះ ត្រូវកម្លាំងមូលដ្ឋានសហការជាមួយសង្កាត់រដ្ឋបាលព្រៃឈើអូរពងមាន់ និងសង្កាត់រដ្ឋបាលព្រៃឈើសេសាន ចាប់បាននៅចំណុចអូរពងមាន់ សង្កាត់ស្ទឹងត្រែង។
លោកអនុសេនីយ៍ឯករូបនេះបន្តទៀតថា ក្រោយពីបង្ក្រាបរថយន្តល្មើសទាំងនេះមក រថយន្តដឹកឈើគ្រញូងត្រូវអូសយកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើ ចំណែករថយន្តទួរីសពណ៌លឿង ដឹកឈើប្រណីតបេង ដែលកម្លាំងមូលដ្ឋានបង្ក្រាបបាន ខណៈដែលកំពុងបង្ក្រាបរថយន្តដឹកឈើគ្រញូងនោះក៏ត្រូវកម្លាំងប៉ូលិសសេដ្ឋកិច្ចខេត្តយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តដែរ។
លោកម៉ែន សុខា នាយរងសង្កាត់រដ្ឋបាលព្រៃឈើស្រុកសេសានបានឱ្យដឹងថា ក្រោយពីបង្ក្រាប និងរឹបអូសមក ខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ជំនាញរដ្ឋបាលយើងបានធ្វើកំណត់ហេតុ និងវាស់វែងទៅឃើញប្រភេទឈើគ្រញូងចំនួន៤៥ដុំ ស្មើ០,៥ម៉ែត្រគូប ត្រូវបានឃាត់រក្សាទុកជាភស្តុតាងរង់ចាំម្ចាស់ចូលខ្លួនមកដើម្បីផាកពិន័យតាមច្បាប់។ រីឯឧបករណ៍សម្រាប់ដឹកជញ្ជូនរថយន្តកាមរី ត្រូវបានរក្សាទុកក្នុងខណ្ឌរដ្ឋបាលព្រៃឈើ។ ដោយឡែករថយន្តទួរីសពណ៌លឿង ត្រូវលោកហែម ឌឹម អង្គារិទ្ធ នាយរងសង្កាត់អូរពងឱ្យដឹងតួលេខមានប្រភេទឈើបេងចំនួន១៥ដុំ ស្មើ០,៥២០ម៉ែត្រគូប ត្រូវរក្សាទុកក្នុងសង្កាត់រដ្ឋបាលព្រៃឈើអូរពងមាន់ រង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយ៕
ចែករំលែកព័តមាននេះ