ខេត្តកណ្តាល ៖ អគ្គីភ័យបានឆាបឆេះសន្ធោសន្ធៅនៅអគារស្តុកកំណាត់នៃរោងចក្រកាត់ដេរមួយឈ្មោះរីវើរិច បង្កឱ្យមានការភ្ញាក់ផ្អើល និងតក់ស្លុតពីសំណាក់អ្នកឃើញហេតុការណ៍ និងអ្នកនៅក្បែរខាង កាលពីវេលាម៉ោង៥និង១៥នាទីល្ងាច ថ្ងៃទី៣០ មីនា ២០១១ តាមបណ្តោយផ្លូវជាតិលេខ២១A ប្របមាត់ទន្លេបាសាក់ ស្ថិតក្នុងភូមិព្រែកតាព្រីង ឃុំសិត្បូ ស្រុកស្អាង ។ អគ្គីភ័យនេះបានប្រើអំណាចលេបត្របាក់កំណាត់ប្រមាណ៥តោន និងសម្ភារផ្សេងៗជាច្រើនអស់រយៈពេលជាង២ម៉ោង ទើបធ្លាក់ថមថយមកវិញ បន្ទាប់ពីកងកម្លាំងពន្លត់អគ្គីភ័យបានចល័តរថយន្តបាញ់ទឹក៣គ្រឿងផ្លាស់ប្តូរគ្នា ពីម្ខាងទៅម្ខាង ចេញមួយ-ចូលមួយយ៉ាងសកម្ម…វានៅសល់ហុយផ្សែងទីនេះមួយដុប ទីនោះមួយដុបរហូតដល់ម៉ោងប្រហែល៩យប់ ទើបភ្លើងរលត់អស់អំណាចទាំងស្រុង។
មូលហេតុនៃការឆេះនេះត្រូវបានប្រភពព័ត៌មានជំហានដំបូងប្រាប់ថា បណ្តាលមកពីទុស្សេខ្សែភ្លើង…អគារស្តុកកំណាត់រាប់ពាន់កីនេះត្រូវឆេះទាំងស្រុង ប៉ុន្តែមិនបណ្តាលឱ្យមនុស្សណាម្នាក់រងរបួស និងស្លាប់បាត់បង់ជីវិតទេ ព្រោះការឆេះនេះ គឺចំពេលដែលកម្មករ-កម្មការិនី ចេញពីធ្វើការផុតបន្តិច នៅសល់កន្ទុយហ្វូងតិចតួចគ្រាន់តែផ្អើលរត់ចេញទៅក្រៅតាមសម្រួលប៉ុណ្ណោះ មិនជាន់គ្នាបង្កគ្រោះថ្នាក់ឡើយ ។ ចំណែកឯការឆេះរាលដាលទៅលើផ្ទះប្រជាពលរដ្ឋក្បែរខាងក៏មិនមានដែរ ព្រោះផ្ទះនីមួយៗហាក់សង់នៅឃ្លាតឆ្ងាយពីគ្នាបន្តិច…ម្យ៉ាងកងពន្លត់អគ្គីភ័យបាញ់ទឹកទប់ស្កាត់ជាប់លាប់ ។ ព័ត៌មានលម្អិតនឹងផ្សាយជូននៅពេលក្រោយ និងនៅលើទំព័រកាសែតកោះសន្តិភាព .
ចែករំលែកព័តមាននេះ