ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនធម្មតា​! ឈ្មួញ​នាំ​​មេតា​ណុ​ល​រាប់​ពាន់​លី​ត្រមក​ច្នៃ​ធ្វើ​អាកុល​​លក់​​ឱ្យ​​ពល​រដ្ឋ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា នា​រសៀល​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០២០ កម្លាំង​សមត្ថកិច្ច​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ក្រោម​ការ​ដឹកនាំ​បញ្ជា​ដោយ​លោក​ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បាន​ចុះ​បង្ក្រាប​បទ​ល្មើស​ករណី​នាំ​ចូល​ស្ដុក និង​ចែកចាយ​មេតា​ណុ​ល…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា នា​រសៀល​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០២០ កម្លាំង​សមត្ថកិច្ច​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ក្រោម​ការ​ដឹកនាំ​បញ្ជា​ដោយ​លោក​ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បាន​ចុះ​បង្ក្រាប​បទ​ល្មើស​ករណី​នាំ​ចូល​ស្ដុក និង​ចែកចាយ​មេតា​ណុ​ល (​ផលិត​ជា​អាកុល​) ប្រមាណ​៤ ២០០ លី​ត្រ នៅ​ចំណុច​ទីតាំង​មួយ​កន្លែង ស្ថិត​តាម​បណ្តោយ​ផ្លូវ​៣២៨ សង្កាត់​ទួល​ស្វាយព្រៃ​១ ខណ្ឌ​បឹង​កេងកង ។

សេចក្តីរាយការណ៍​បន្ត​ថា កិច្ច​ប្រតិបត្តិការ​បង្ក្រាប​នោះ​ដោយ​មានការ​ចូល​ពី​មន្ដ្រី​ក្រសួងសុខា​ភិបាល និង​មន្ដ្រី​ស្ដង់ដា​ជាតិ​កម្ពុជា នៃ​ក្រសួង​ឧស្សាហ៍កម្ម និង​សិប្បកម្ម រួម​ទាំង​មន្ដ្រី​អាជ្ញាធរ​មូលដ្ឋាន ក្រោម​ការ​សម្របសម្រួល​ពី​លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។

ទាក់ទិន​ករណី​ខាងលើ​នេះ លោក​ឧត្តមសេនីយ៍ទោ ឡុ​ង ស្រេង អនុប្រធាន​នាយកដ្ឋាន​នគរ​បាល​​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​បាន​ឲ្យ​ដឹង​ថា កម្លាំង​ជំនាញ​នៃ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទ​ល្មើស​សេដ្ឋកិច្ច បាន​ទទួល​ព័ត៌មាន​ថា មាន​ឈ្មួញ​ទុច្ចរិត​មួយ​ក្រុម​បាន​និង​កំពុង​ដឹក​ជញ្ជូន​នាំ​ចូល​នូវ​សារធាតុ (​មេតា​ណុ​ល​) ពី​ក្រៅប្រទេស​មក​ស្តុក​ទុក ដើម្បី​លក់​ចែកចាយ​លើ​ទីផ្សារសេរី ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​គ្មាន​ច្បាប់​អនុញ្ញាតិ​ពី​ក្រសួងសុខាភិបាល ។ ជា​ពិសេស​ឈ្មួញ​បាន​និង​កំពុង​នាំ​ចូល​មេតា​ណុ​ល​ពី​ប្រទេស​ជិតខាង​សម្រាប់​យក​មក​កែ​ឆ្នៃ​ធ្វើ​ជា​អាកុល​ដោយ​ខុស​បច្ចេកទេស ដើម្បី​លក់​ចេញ​យកចំណេញ​កប់​ពពក ខណៈ​ប្រទេស​ជាតិ​លើ​សកលលោក​កំពុង​ជួប​បញ្ហា​វីរុស​កូ​វី​ដ​.១៩ នេះ ។

លោក ឡុ​ង ស្រេង បន្ត​ថា (​មេតា​ណុ​ល​) គឺជា​ថ្នាំពុល មេតា​ណុ​ល ហើយ​ក៏​ជា​សារធាតុ​គីមី​ដែល​បម្រើ​ឲ្យ​វិស័យ​ឧ​ស្សហ៍កម្ម (​អេតាណុល​) នឹង​ជា​អាកុល​បម្រើ​ឲ្យ​វិស័យ​សុខាភិបាល​។ អ៊ីចឹង​ហើយ​​ជនខិលខូច ឬ​ក៏​ជន​ឈ្លៀតឱកាស​បាន​យក​មេតា​ណុ​ល​នេះ ទៅ​ផលិត​ទៅ​ជា​អាកុល ដោយ​សារ​ប្រទេស​យើង​កំពុង ឬ​ក៏​ពិភពលោក​ជួប​បញ្ហា​នូវ​មេរោគ​កូ​វី​ដ ១៩ ដែល​រាលដាល​ឆ្លង​ដ៍​កាច​សាហាវ​បំផុត​នេះ ។

ប្រភព​ដដែល​បន្ត​ថា ប៉ុន្តែ​ជនខិលខូច​ទាំងនោះ មិន​បាន​យក អេតាណុល នោះ​មក​លក់​ឲ្យ​ប្រជា​ពលរដ្ឋ​នោះ​ទេ គឺ​ពួក​គេ​បែរជា​យក មេតា​ណុ​ល នេះ ម​កលាយជា​ទឹក​បន្លំ​ជា​អាកុល មក​លក់​ឱ្យ​ប្រជាពលរដ្ឋ​វិញ អ​ញ្ចឹ​ង​មេតា​ណុ​លវា​អត់​មាន​សារធាតុ​សកម្ម​ណា​ទៅ​សម្លាប់​មេរោគ​បាន​នោះ​ទេ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ដើម្បី​ទប់ស្កាត់​ការ​នាំ​ចូល​មេតា​ណុ​ល​ដោយ​គ្មាន​ច្បាប់​អនុញ្ញាតិ​នេះ នាយក​ដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច តម្រូវ​ឲ្យ​មានការ​ចុះ​បង្ក្រាប​ឈ្មួញ​ទុច្ចរិត​នោះ​ជា​បន្ទាន់ ។ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់ ដើម្បី​សុខភាព ពី​ព្រោះ មេតា​ណុ​ល គឺជា​ថ្នាំពុល​ទេ ។ ហើយ​ចំពោះ​វត្ថុ​តាង​មេតា​ណុ​ល​ចំនួន​៤ ២០០ លី​ត្រ​នេះ ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ