ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់បានបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង ចំណែកបុរស២នាក់ទៀតបានរងរបួសធ្ងន់និងស្រាល បន្ទាប់ពីជនរងគ្រោះនាំគ្នាលើកដែកទីបទល់ខ្សែភ្លើង ស្រាប់តែរលំប៉ះចំខ្សែភ្លើងស្រាត បណ្តាលឱ្យឆក់តែម្តង ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ នៅភូមិទ័ពត្បែង ឃុំពង្រ ស្រុករលាប្អៀរ ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលនៅកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះដែលបានបាត់បង់ជីវិតឈ្មោះ ចិ សុខជា ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិថ្មកែវ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ចំណែកអ្នករងរបួសធ្ងន់ឈ្មោះ ស្រី សុគន្ធ ហៅកុយ ភេទប្រុស អាយុ២១ឆ្នាំ ដោយឡែកអ្នករងរបួសស្រាលឈ្មោះ ហុងសុខណា ភេទប្រុស អាយុ២៤ឆ្នាំ ។ ជនរងគ្រោះទាំង៣នាក់មានទីលំនៅភូមិឃុំកើតហេតុជាមួយគ្នា ។
តាមប្រភពដដែលបានបន្តថា មុនពេលកើតហេតុ បុរសទាំងបីនាក់បានយកដែកបំពង់ទីបក្នុងគោលបំណងទល់ខ្សែភ្លើងរបស់ខ្លួន ស្រាប់តែដែកនោះក៏ដួលប៉ះចំខ្សែភ្លើងស្រាត ដែលមានចរន្តអគ្គិសនីរាប់ពាន់វ៉ុល បណ្ដាលឲ្យឆក់បាត់បង់ជីវិតម្នាក់ និងរបួសធ្ងន់ស្រាល២នាក់តែម្ដង ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យនិងធ្វើកោសល្យវិច្ច័យរួចបានបញ្ជាក់ថាបុរសខាងលើពិតជាបាត់បង់ជីវិតដោយសារឆក់ខ្សែភ្លើងពិតប្រាកដមែន រួចក៏បានប្រគល់សពជនរងគ្រោះទៅឱ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី រីឯជនរងគ្រោះដែលរងរបួសធ្ងន់ស្រាលត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ