ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មង្គលការ​នៅ​ភ្នំពេញ​លុប​ចោល​50%​ ព្រោះ​តែ​ខ្លាច​កូ​វី​ដ​-19

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចុងខែ​មីនា​នេះ ​ចំ​ពេល​ផ្ទុះមេរោគ​កូ​វី​ដ​-១៩ ធ្វើ​ឱ្យ​មង្គលការ​ស្មើនឹង​៥០% ​បានពន្យារ​ពេល​​ទាំង​បង្ខំ ​ដោយសារ​តែ​ការ​បារម្ភ​ពី​ជំងឺឆ្លង​នេះ​ ទាំង​នៅ​ក្នុង​រាជធានី ​ក៏​ដូច​នៅ​តាម​បណ្តា​ខេត្ត​នានា​ដែរ។ មន្ត្រី​អត្រានុកូលដ្ឋាន​របស់​រដ្ឋបាល​រាជធានីវិធានការ​នានា…

រាជធានី​ភ្នំពេញ ៖ ចុងខែ​មីនា​នេះ ​ចំ​ពេល​ផ្ទុះមេរោគ​កូ​វី​ដ​-១៩ ធ្វើ​ឱ្យ​មង្គលការ​ស្មើនឹង​៥០% ​បានពន្យារ​ពេល​​ទាំង​បង្ខំ ​ដោយសារ​តែ​ការ​បារម្ភ​ពី​ជំងឺឆ្លង​នេះ​ ទាំង​នៅ​ក្នុង​រាជធានី ​ក៏​ដូច​នៅ​តាម​បណ្តា​ខេត្ត​នានា​ដែរ។ មន្ត្រី​អត្រានុកូលដ្ឋាន​របស់​រដ្ឋបាល​រាជធានីវិធានការ​នានា ដើម្បី​ទប់ស្កាត់ ។ ដោយ​មានការ​បញ្ជា​ឱ្យ​បិទ​ក្លិប​កម្សាន្ត KTV រោង​ភាពយន្ត ការ​ប្រគំ​តន្ត្រី និង​ការ​ជួបជុំ​បែប​សាសនា​ជាមួយនឹង​វិធានការ​ខាងលើ​ស្រាប់​តែ​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​ក៏​មានការ​ប្រកាស​ពី​ការ​រំសាយ​មង្គលការ​ជា​បន្តបន្ទាប់ ព្រោះ​តែ​ការ​បារម្ភ​ពី​ជំងឺឆ្លង​នេះ ។

ពិធីជប់លៀង​មង្គលការ ក៏​ដូច​ជា​ការ​ជួបជុំ​គ្នា​សម្រាប់​ពិធីសូត្រមន្ត និង​បុណ្យ​សព មិន​ត្រូវ​បាន​អនុញ្ញាត​ក្នុង​កំឡុង​ពេល​២​ស​ប្តា​ហ៍​នៃ​ការ​ហាមឃាត់ ឱ្យ​មាន​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​១៨ ខែមីនា​ដល់​ថ្ងៃ​ទី​៣១ ខែមីនា​នោះ ។ ចំណែក​នៅ​ប្រទេស​កម្ពុជា​យើង​វិញ​ដោយសារ​វីរុស​កូ​វី​ដ​-១៩ ក៏​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ថ្ងៃ​មង្គល​សិរី​របស់​គូ​ស្វាមី​-​ភរិយា​ថ្មីថ្មោង​ប្រមាណ​ជាង​ពាក់កណ្តាល​ផង​ដែរ ។ ជាក់ស្តែង​ពិធី​មង្គលការ​ដែល​គ្រោង​ធ្វើ​ឡើង​រាប់​ខែ​មក​ហើយ​នោះ ត្រូវ​រំសាយ​ចោល​ជា​បន្តបន្ទាប់ ខណៈ​ជំងឺ​កូ​វី​ដ​-១៩​កំពុង​វាយលុក​កាន់តែ​ខ្លាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១៨ មីនា​នេះ​គឺ​កម្ពុជា​បាន​រក​ឃើញ​អ្នក​ផ្ទុក​ថ្មី​ៗ​ជា​បន្តបន្ទាប់​រហូត ដល់​ទៅ ៣៥ ករណី ហើយ​ដែល​សុទ្ធ​ជា​ករណី​នាំ​ចូល​ពី​ក្រៅប្រទេស ។

អ្នកគ្រប់គ្រង​នៅ​កន្លែង​ប្រារព្ធ​ពិធី​មង្គលការ​នៅ​រាជធានី​ភ្នំពេញ​បាន​បង្ហើប​ឲ្យ​ដឹង​ថាបើ​ទោះបីជា​ខែមីនា ជា​ខែ​ដែល​ពេញ​និយម​ពិធី​មង្គលការ​កូនប្រុស​-​ស្រី​យ៉ាងណា​ក៏​ដោយ តែ​ការ​កក់​រោង​ជ័យ​ត្រូវ​បាន​ផ្អាក​ជា​បន្តបន្ទាប់ ដោយសារ​តែ​ការ​ភ័យ​ខ្លាច​នៃ​ការ​ប្រមូលផ្តុំ​ក្រុម​មនុស្ស​ច្រើន​នៅ​ក្នុង​ពិធី ដែល​អាច​បង្ក​ហានិភ័យ​នៃ​ការ​ឆ្លង​នូវ​ជំងឺ​រលាក​សួត​ថ្មី​បង្ក​ឡើង​ដោយ​វីរុស​កូ​វី​ដ​១៩ នោះ​ឯង ។ខណៈ​ពិធី​មង្គលការ​និង​ពិធីជប់លៀង​ផ្សេង​ៗ​ទៀត ត្រូវ​បាន​រំសាយ​ចោល​ជា​បន្តបន្ទាប់ ម្ចាស់​កម្មវិធី​មួយ​ចំនួន​បាន​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា​មង្គលការ​មួយ​ចំនួន​ដែល​បាន​រៀបចំ​កាលពី​ចុងខែ​កុ​ម្ភះ​និង​ដើមខែ​មីនា​នេះ គឺ​មិន​មាន​អ្នកចូលរួម ឬ​មាន​អ្នកចូលរួម​ដែរ តែ​ក្នុង​កម្រិត​តិច​បំផុត ដែល​ធ្វើ​ឱ្យ​ម្ចាស់​ដើមការ​ដែល​ចំណាយ​ច្រើន បាន​ធ្វើ​ឱ្យ​ខាត​កាន់តែ​ខ្លាំង ។

យោង​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​កមួយ​ឃើញ​ថា​ម្ចាស់​ដើមការ​មួយ​ចំនួន​ទាំង​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​នានា បាន​ប្រកាស​រំសាយ​និង​លុប​ចោល​ពិធី​របស់​ខ្លួន ដោយ​ហេតុផល​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ទៅ​កាន់​ភ្ញៀវ​កិត្តិយស​ចូលរួម ក្នុង​ករណី​មាន​អ្នក​ណា​ម្នាក់​ក្នុង​ចំណោម​ភ្ញៀវ​ទាំងអស់​មាន​ផ្ទុកមេរោគ​នេះ ។ជាក់ស្តែង​លោក តុ​ប ឈៀង​ហៀ​ង ដែល​គ្រោង​នឹង​រៀបចំ​ពិធី​មង្គល​ការកូន នៅ​ថ្ងៃ​ទី​៣០ ខែមីនា ២០២០​នៅ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ក៏​បាន​រំសាយ​ពិធី​មង្គលការ​នេះ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​-១៩​ទៅ​កាន់​ប្រជាពលរដ្ឋ​ចូលរួម​ក្នុង​ពិធី​នោះ និង​ខ្លាច​គ្មាន​អ្នកចូលរួម ។ លោក​បាន​និយាយ​ថា «​ដោយសារ​តែ​វង់​តន្ត្រី រោង ភ្លេង​ការ​ជាដើម សុទ្ធតែ​អ្នក​ស្គាល់គ្នា ដូច្នេះ​នៅ​ពេល​ដែល​យើង​រំសាយ​ពិធី​នេះ ពួក​គេ​ក៏​មិន​បាន​ខឹងសម្បា ឬ​ទាមទារ​លុយ​ពី​យើង​ដែរ ព្រោះ​ពួក​គេ​ក៏​យោគយល់​ហើយ​ក៏​មិន​ចង់​ចូលរួម​មាន​មនុស្ស​ច្រើន​ដែរ ដោយសារ​តែ​ពួក​គេ​បាន​មើល​ប្រកាស​នានា​របស់​រដ្ឋាភិបាល ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​នេះ » ។

គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​ថា Lim Seng ដែល​គ្រោង​នឹង​រៀបចំ​ពិធី​មង្គលការ​អោយ​ប្អូនប្រុស​ស្រី ក៏​បាន​បង្ហោះ​ពី​ការ​ផ្អាក​រៀបចំ​ពិធី​មង្គលការ​ប្អូនប្រុស​ស្រី​របស់​ខ្លួន​ផង​ដែរ ដោយសារ​ជំងឺ​កូ​វី​ដ​១៩ ។ ពិធី​មង្គលការ​នេះ បាន​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៨ និង​២៩ ខែមីនា ២០២០​ខាង​មុខ​នេះ​ហើយ ។ លោក​ថា​៖«​ការ​ផ្អាក​ពិធី​មង្គលការ​នេះ គឺ​ដើម្បី​ចូល​ជាមួយ​រដ្ឋាភិបាល​ក្នុង​ការ​ទប់ស្កាត់​ការ​ចម្លង​ទៅ​កាន់​សហគមន៍ ជា​ពិសេស​នោះ​រដ្ឋាភិបាល​ក៏​បាន​ប្រកាស​មិន​ឱ្យ​មានការ​ជួបជុំ​ក្នុង​ពិធី​សាសនា​នានា ហើយ​ពិធី​មង្គលការ​នេះ ក៏​ជា​ការ​ជួបជុំ​មួយ​មាន​មនុស្ស​ច្រើន​កុះករ​ផង​ដែរ​» ។

ចំណែក​លោក អ៊ូច ចិត្រ ដែល​គ្រោង​នឹង​រៀបចំ​ពិធីបុណ្យ​គម្រប់​ខួប​៣​ឆ្នាំ​ជូន​លោកឪពុក​ដែល​បាន​ចែក​ឋាន ក៏​បាន​ប្រកាស​រំសាយ​ពិធី​ផង​ដែរ ដើម្បី​កុំឱ្យ​មានការ​ភ័យ​ខ្លាច​ជួបជុំ​ក្នុង​ពិធីបុណ្យ​ទាំងនោះ ។
លោក អ៊ូច ចិត្រ បាន​និយាយ​ថា «​រាល់​ការ​ចំណាយ​ដែល​បាន​ចំណាយ​ទៅ​ហើយ ដូច​ជា​កក់​រោង កក់​អីវ៉ាន់​នានា គឺ​ត្រូវ​ចោល​ទាំងអស់ តែ​ពេល​នេះ យើង​កំពុង​ចរចា​សង​បន្ថែម​ទៅ​កាន់​ម្ចាស់​អីវ៉ាន់ ដោយ​មិន​ទាន់​ដឹង​ថា គេ​យក​ប៉ុន្មាន​នោះ​ទេ ឬ​ក៏​មិន​យក​ក៏​មិន​ទាន់​ដឹង » ។ ការ​ប្រកាស​រំសាយ​ពិធី​ជួបជុំ​ជប់លៀង​នានា នឹង​ធ្វើ​ឱ្យ​ខាតបង់​ទៅ​លើ​ចុងភៅ រោងការ សេវាកម្ម​បម្រើ​នានា ក្នុង​ពេល​មង្គលការ​នោះ​មាន​ភេសជ្ជៈ និង​ម្ហូបអាហារ​ជាដើម ។ អ្នកបម្រើ​សេវាកម្ម​ទាំងនេះ នឹង​ត្រូវ​ខាតបង់​បាត់បង់​ចំណូល​កាន់តែ​ច្រើន ក្នុង​ពេល​ការ​រំសាយ​កាន់តែ​ច្រើន ដើម្បី​ទប់​នឹង​ការ​រាលដាល​ជំងឺ​កូ​វី​ដ​នេះ ។

សូម​បញ្ជាក់​ថា ក្នុង​ពេល​កម្ពុជា​រក​ឃើញ​អ្នក​ផ្ទុក​ជំងឺ​កូ​វី​ដ​-១៩ កាន់តែ​ច្រើន​ឡើង រដ្ឋាភិបាល​បាន​សម្រេច​បិទ​មិន​ឱ្យ​មានការ​ជួបជុំ​សាសនា​ណាមួយ​ឡើយ ហើយ​ក៏​បាន​ប្រកាស​សាលារៀន​ទូ​ទាំង​ប្រទេស​ឈប់​សម្រាក​វិស្សមកាល​តូច មុន​កាលកំណត់ និង​ប្រកាស​បិទ​កន្លែង​កម្សាន្ត​នានា ដូច​ជា​ក្លិប កម្សាន្ត ខារ៉ាអូខេ និង​រោងកុន​ទូ​ទាំង​ប្រទេស ដើម្បី​ទប់ទល់​ការ​ចម្លង​កាន់តែ​ច្រើន​ថែម​ទៀត ។ បើ​តាម​របាយការណ៍​ធ្វើតេស្ត​បង្ហាញ​ដោយ​ក្រសួងសុខាភិបាល បានឱ្យ​ដឹង​ថា​ជនជាតិ​ខ្មែរ​ដែល​ផ្ទុក​ជំងឺ​កូ​វី​ដ​-១៩​នេះ គឺ​ភាគច្រើន​ជា​ជនជាតិ​ខ្មែរ​កាន់សាសនា​អ៊ិ​ស្លា​ម ដែល​ទើប​ត្រលប់​មក​ពី​ចូលរួម​ពិធី​សាសនា​អ៊ិ​ស្លា​ម​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ។

លោក​ជំទាវ កុយ ពិសី ពន្យារពេល​មង្គលការ
ពិធី​មង្គល​សិរី​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​មួយ​ហើយ​ត្រូវ​បាន​ប្រកាស​ពន្យារពេល​ចូល​រោង​ជ័យ​នោះ​គឺ​លោក​ជំទាវ​កុយ ពិសី ដ៏​ស្រស់​ស្អាត ។ លោក​ជំទាវ​ក៏​បាន​លើក​ពេល​ដែរ ដោយ​លោក​ជំទាវ​សរសេរ​លើ​ហ្វេ​ស​ប៊ុ​កថា «​បើ​យើង​ចេះ​តែ​អាត្មា​និយម​គ្រប់​គ្នា គិតតែ​ប្រយោជន៍​ផ្ទាល់ខ្លួន មិន​លះបង់​សម្រាប់​សង្គម​ជាតិ​ខ្លះ​នោះ តើ​ស្រុក​ទេស​យើង​សង្ឃឹម​អី ? យើង​គួរ​រួម​គ្នា​ទៅ​តាម​ល​ទ្ឋ​ភាព​ដែល​យើង​អាច​ធ្វើ​បាន ដើម្បី​បង្ក្រាប​វា​កុំ​ឲ្យ​ជំងឺ Covid-19 នេះ​បានចិត្ត​ខ្លាំង​ពេក »​។

លោក​ជំទាវ​កុយ ពិសី រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​គណៈកម្មការ​ព្រំដែន​កម្ពុជា បាន​សម្រេច​លើក​ពេល​រៀប​អាពាហ៍ពិពាហ៍ ដើម្បី​ចូលរួម​កាត់​បន្ថយ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ ។ តាម​រយៈ​ការ​លើក​ពេល​ចូល​រោង​ជ័យ​នេះ នាំ​ឱ្យ​គេ​មើលឃើញ​ពី​កាយវិការ​ទទួលខុសត្រូវ​លើក​សុខទុក្ខ មើលឃើញ​ពី​បញ្ហា​រួម ជា​ជាង​មើល​តែ​តម្រូវការ​ផ្ទាល់ខ្លួន​របស់​លោក​ជំទាវ ។

បន្ទាប់​ពី​បាន​រង់ចាំ​អស់​រយៈពេល​យ៉ាង​យូរ​លោក​ជំទាវ​កុយ ពិសី គ្រោង​ចូល​រោង​ជ័យ​ក្រាប​សំពះ​ផ្ទឹម​នៅ​ថ្ងៃ​ទី​២៤ និង​២៥ ខែមីនា ឆ្នាំ​២០២០ តែ​ពេលវេលា​ដ៏​មាន​អត្ថន័យ​សម្រាប់​ជីវិត​របស់​លោក​ជំទាវ ត្រូវ​បាន​ពន្យារពេល​ទៅ​វិញ ហើយ​រង់ចាំ​រហូត​ដល់​ស្ថានភាព​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ បាន​ស្ងប់ស្ងាត់​ទៅ​វិញ ។
លោក​ជំទាវ​កុយ ពិសី បាន​បញ្ជាក់​លើ​ទំព័រ​Facebook នៅ​ថ្ងៃ​ទី​១៧ ខែមីនា ថា «​ដើម្បី​សុវត្ថិភាព​រួម និង​ដើម្បី​កាត់​បន្ថយ​ការ​រីក​រាតត្បាត​ជំងឺ Covid-19 យើងខ្ញុំ និង​ក្រុម​គ្រួសារ​សូម​ពន្យារពេល​ពិធី​ថ្ងៃ​២៤ និង​២៥ ខែមីនា​នេះ ទៅ​ធ្វើ​នៅ​ពេល​ក្រោយ​វិញ​»​។

លោក​ជំទាវ​បាន​សូម​អភ័យទោស​ដល់​ភ្ញៀវ​កិត្តិយស​ទាំងអស់ ចំពោះ​ការ​លើក​ពេល​នេះ​ផង​ដែរ ។
តាម​រយៈ​កាយវិការ​នេះ​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​លះបង់​នូវ​សេចក្តីសុខ​ផ្ទាល់ខ្លួន​របស់​លោក​ជំទាវ ដើម្បី​ធានា​ទៅ​ដល់​សុវត្ថិភាព​របស់​ភ្ញៀវ​ដែល​ត្រូវ​ចូលរួម​ក្នុង​ពិធី​មង្គល​របស់​លោកស្រី​នោះ ។ មួយវិញទៀត​ដោយសារ​លោក​ជំទាវ​កុយ ពិសី ជា​មន្ត្រីជាន់ខ្ពស់​ក្នុង​ជួរ​រាជរដ្ឋាភិបាល ដូច្នេះ​ភ្ញៀវ​ចូលរួម​ក្នុង​ពិធី​ច្បាស់​ណាស់​ថា នឹង​ជា​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល ក្រសួង​ស្ថាប័ន និង​ជា​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ភាគច្រើន​។ ការ​សម្រេច​ផ្អាក​នេះ​ក៏​ជា​ការ​កាត់​បន្ថយ​នូវ​ការ​លំបាក​របស់​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ​តាម​ក្រសួង ស្ថាប័ន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ដែល​កំពុង​ជាប់ដៃ​រួម​គ្នា​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​១៩ ក៏​ដូច​ជា​ដោះស្រាយ​ទុក្ខ​លំបាក​ទាំងឡាយ​បង្ក​ឡើ​ដោយ​ជំងឺ​កូ​វី​ដ​១៩​នេះ ៕​

អត្ថបទសរសេរ ដោយ