ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សារ​​ធំៗ​​ក្នុង​រាជធានី​​ស្ងាត់​ខ្លាំង ​មាន​តែ​អ្នកលក់ ​អត់​​អ្នកទិញ ក្រោយ​ផ្ទុះ​កូវីដ-​១៩

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រោយ​ពី​ក្នុង​ប្រទេស​កម្ពុជា​​រកឃើញ​អ្នក​ផ្ទុក​​វីរុសកូវីដ​-19 នោះ មាន​​ប្រជា​ពលរដ្ឋ​​ជា​ច្រើន​បាន​នាំ​គ្នា​ដើរ​ទិញ​អង្ករ ទឹកត្រី ទឹកស៊ីអុី​វ និង​របស់របរ​ហូប​ចុក​​ក្រៀមៗស្តុក​ទុក​ហូប​នៅផ្ទះ​រៀង​ៗ​ខ្លួន ដោយសារ​តែ​មានការ​ភ័យ​ខ្លាច​ចំពោះ​ការ​ឆ្លង​នូវ​​ជំងឺ​រលាក​ផ្លូវដង្ហើម(COVID-19)​ ​។…

រាជធានីភ្នំពេញ ៖ ក្រោយ​ពី​ក្នុង​ប្រទេស​កម្ពុជា​​រកឃើញ​អ្នក​ផ្ទុក​​វីរុសកូវីដ​-19 នោះ មាន​​ប្រជា​ពលរដ្ឋ​​ជា​ច្រើន​បាន​នាំ​គ្នា​ដើរ​ទិញ​អង្ករ ទឹកត្រី ទឹកស៊ីអុី​វ និង​របស់របរ​ហូប​ចុក​​ក្រៀមៗស្តុក​ទុក​ហូប​នៅផ្ទះ​រៀង​ៗ​ខ្លួន ដោយសារ​តែ​មានការ​ភ័យ​ខ្លាច​ចំពោះ​ការ​ឆ្លង​នូវ​​ជំងឺ​រលាក​ផ្លូវដង្ហើម(COVID-19)​ ​។ ដោយ​ហេតុ​នេះ បាន​ធ្វើ​អោយ​ផ្សារ​មួយ​ចំនួន​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដូច​ជា​ផ្សារ​អូ​ឡាំ​ពិ​ក ផ្សារ​ទួល​ទំពូង ផ្សា​របឹង​កេងកង មាន​សភាព​ស្ងាត់​យ៉ាង​ខ្លាំង ​គឺ​មាន​តែ​អ្នក​លក់ មិន​មាន​អ្នក​មក​រក​ទិញនោះទេ​ ហើយ​ទៅ​តាម​ផ្សារ​នីមួយៗ​អាជីវករ​មួយ​ចំនួន​នាំ​គ្នា​បិទ​តូប​ចាប់ពី​២០% ទៅ​៣០%​ មិនបើក​លក់ ដោយ​សារ​តែ​លក់​មិន​ដាច់​។

លោក យ៉​ន យ៉ា​ន អនុ​គណៈកម្មាធិការ​ផ្សារ​អូ​ឡាំ​ពិ​កបាន​ប្រាប់​ឱ្យ​ដឹង​ថា ក្នុង​ពេល​​ផ្ទុះ​វីរុស COVID-19 នេះ​មក អតិថិជន​ដើរ​ផ្សារ​គឺ​មានការ​ថយ​ចុះ​ច្រើន​ណាស់ ដោយ​អាជីវករ​នៅ​តែ​មក​បើក​តូប​លក់​ជា​រៀង រាល់ថ្ងៃ ជា​ធម្មតា​ទេ ដោយ​ភាគច្រើន​នៅ​ផ្សារ​នេះ​មាន​លក់​សម្លៀក​បំពាក់​ខោអាវ បោះ​ដុំ និង​រាយ​។

​លោកអនុគណៈកម្មាធិការ​ផ្សារ​អូឡាំពិក​បាន​បន្ត​ថា ​ជា​រៀងរាល់ថ្ងៃ​មាន​តូប​ប្រមាណ​ជា​៨០% ទៅ​៨៥% បាន​បើក​​លក់​ជា​​ប្រចាំ​ តែ​តូប​មួយ​ចំនួន​តូច​ប្រមាណ​ពី​១៥​% ទៅ​២០%​បាន​បិទ ដោយ​សារ​តែ​ការ​លក់ មិន​ដាច់ និង​មិន​មាន​អ្នក​ដើរ​ផ្សារ​រក​ទិញ​ហូរហែ​ដូច​កាល​ពី​​មិន​ទាន់​​ផ្ទុះ​ជំងឺប្រភេទនេះ ​។

​លោកអនុគណៈកម្មាធិការ​ផ្សារ​អូឡាំពិក​បាន​បន្ត​ថា កា​រ​​បើក​តូប​លក់​របស់​ក្រុម​អ​ជីករ​​នេះ​ដែរ គឺ​ពួក​គាត់​នាំ​គ្នា​មក​បើក​លក់​ដោយ​ថ្ងៃ គឺ​ថ្ងៃនេះពួក​គាត់​បិទ​ ប៉ុន្តែ​ថ្ងៃស្អែក​មក​បើក​លក់​វិញ​ក៏​មាន​ គឺ​មិន​ទៀងទេ​ ដោយ​ថ្ងៃ​ណា​លក់ដាច់​ពួក​គាត់​នៅ​លក់ បើ​ថ្ងៃ​ណា​មិន​ដាច់​ពួក​គាត់​បិទ​តូប​ឈប់​លក់​នាំ​គ្នា​ទៅ​ផ្ទះ​។ ​ការ​ស្ងាត់​មិន​មាន​អ្នក​មក​ដើរ​ផ្សារ​នេះ​ដែរ​គឺ​ដោយសារ​តែ​មានការ​ភ័យ​ខ្លាចឆ្លង​​ជំងឺ​ COVID-19 តែ​ខាង​គណៈកម្មាធិ​ការ​ផ្សារ​អូ​ឡាំ​ពិ​ក និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ផ្សារ ​(​ក្រុមហ៊ុន​ថៃ​ប៊ុ​ន​រ៉ុ​ង​) ក៏​បាន​ដាក់​អាល់កុល សាប៊ូ លាងដៃ នៅ​គ្រប់​ទីកន្លែង​ទៅ​តាម​ការ​ណែនាំ​របស់​ខាង​ក្រសួងសុខាភិបាល​ដែល​បាន​ណែនាំ​ផង​ដែរ​។

ស្ត្រី​ជា​អាជីវករ​លក់​ខោអាវ​នៅ​ជាន់​ផ្ទាល់​ដី​ក្នុង​ផ្សារ​អូ​ឡាំ​ពិ​កម្នា​ក់បាន​ប្រាប់​ឱ្យ​ដឹង​ថា ការ​លក់​របស់​គាត់​រាល់​ថ្ងៃនេះ​មាន​ការ​ថយ​ចុះ​ គឺ​លក់​មិន​ដាច់​រហូត​ទៅ​ដល់​៩០%​ឯ​ណោះ​ ។ ដោយ​លក់​តាំងពី​ព្រឹក​រហូត​មក​ទល់​នឹង​ពេល​នេះ គឺ​អត់​មាន​អ្នក​មក​ទិញ​​ម្នាក់​សោះ និង​គ្មាន​បាន​លុយ​​មួយ​រៀល​ឡើយ សូ​ម្បី​តែ​ម៉ូយ​នៅ​តាម​ខេត្ត​ក៏​មិន​ឡើង​មក​យក​អី​វ៉ា​ន់​ពី​គាត់​ដែរ ដោយសារ​តែ​គេ​ក៏​លក់​មិន​ដាច់​ដែរ​នោះ​។​

ស្ត្រី​ជា​អាជីវករ​​ដដែល​បាន​ប្រាប់​ឱ្យ​ដឹងបន្ត​​ថា ការ​ធ្លាក់​ចុះ​លក់​មិនសូវ​ដាច់​នេះ វា​ចាប់ផ្តើម​តាំងពី​ថ្ងៃ​បុណ្យចូលឆ្នាំ​ចិន​មក​ម្លេះ ​ប៉ុន្តែ​​នៅ​ត្រឹម​៣០%​ដែរ តែ​ចាប់ពី​ចូល​ក្នុង​ខែ​មីនា​នេះ គឺ​ការ​លក់​ខោអាវ​របស់​គាត់ គឺ​មិន​ដាច់​ទាល់តែ​សោះ ហើយ​ក៏​មិន​មាន​អ្នក​ដើរ​ផ្សារ​ដូច​មុន​ៗ​ដែរ ​។ ​អ្នក​ខ្លះមក​បើក​តូប​លក់​ដែរ តែ​លក់​មិន​ដាច់​ក៏​បិទ​តូប​ឈប់​លក់​នាំ​គ្នា​ទៅ​ផ្ទះ​វិញ ​ប៉ុន្តែ​សម្រាប់​គាត់​មានការ​ខ្វះខាត​ក្នុង​ការ​ចំណាយ​ក្នុង​គ្រួសារ​ជា​​ប្រចាំ​ថ្ងៃ និង​មិន​មាន​លុយ​បង់​ធនាគារ​នោះទេ​ ទើប​សុខចិត្ត​នៅ​តស៊ូ អង្គុយ​លក់​តាំងពី​ព្រឹក​រហូត​ដល់​ល្ងាច​ទើប​ត្រឡប់​ទៅ​ផ្ទះ​វិញ បើ​ទោះជា​មិន​មាន​អ្នក​មក​ទិញ​ក្តី​។

លោក ចំរើន សុខ​លី​ម ប្រធាន​ផ្សារ​ទួល​ទំពូង​បាន​ប្រាប់​ឱ្យ​ដឹង​ថា ជា​ទូទៅ​ផ្សារ​ទួល​ទំពូង​ក៏​ដូច​ជា​ផ្សារ​មួយ​ចំនួន​នៅ​ក្នុង​រាជធានី​ភ្នំពេញ គឺ​មាន​សភាព​ស្ងប់ស្ងាត់​ជាង​មុន​បន្តិច ដោយ​ក្រុម​អាជីវករ​ពួក​គាត់​មក​បើក​តូប​លក់​ជា​ធម្មតា តែ​ចំនួន​អ្នក​មក​ដើរ​ផ្សារ​មានការ​ថយ​ចុះ​​ជាង​មុន​ៗ​។​

លោក​ប្រធានផ្សារទួលទំពូងបានបន្ត​ថា សំរាប់​ផ្សារ​របស់​លោក​គឺជា​ផ្សារ​ដែល​មាន​ភ្ញៀវ​ភាគច្រើន​ជា​ភ្ញៀវ​បរទេស​ ក្នុង​មួយ​ថ្ងៃ​ៗ​ជា​ធម្មតា​មាន​ពី៨០០ ទៅ​១​០០០​នាក់​ចូល​មក​រក​ទិញ តែ​ពេល​នេះ​មានការ​ធ្លាក់​ចុះ​មក​នៅ​ត្រឹមតែ​១០០ ទៅ១០០​នាក់​ជាង​ប៉ុណ្ណោះ ​។ ​លោក​ក៏​បាន​ប្រាប់​បន្ត​ទៀត​ថា ក្នុង​ផ្សារ​ទួល​ទំពូង​ភាគច្រើន​ជា​តូប​លក់ ខោ​អាវ វត្ថុ​អនុ​ស្សាវ​រី​យ៍ និង​រូប​ចម្លាក់​ផ្សេង​ៗ ដែល​សុទ្ធតែ​ជា​របស់របរ​ដែល​មិនសូវ​ចាំបាច់ តែបើ​កន្លែង​លក់​ចំណីអាហារដូចជា​ ម្ហូប ត្រី សាច់ បន្លែ​វិញ គឺ​នៅ​លក់ដាច់​ជា​ធម្មតា និង​មាន​តូប​ចំនួន​៧០%​នៅ​បើក​លក់ និង​តូប​ចំនួន ៣០%​បាន​បិទ​​។ ដោយ​តូប​មួយ​ចំនួន​ដែល​បាន​បិទ​មិន​លក់​នោះ មាន​មួយ​ចំនួន​ជា​តូប​លក់​ខោអាវ គ្រឿង​​ចម្លាក់​ វត្ថុ​អនុស្សាវរីយ៍ ​គ្រឿងបន្លាស់ផ្សេងៗ និង​គ្រឿង​ដែក​ជាដើម ដែល​​កាលពី​ប៉ុន្មាន​ថ្ងៃ​​មុន​នេះ ពួក​គាត់​បាន​នាំ​គ្នា​ផ្អើល​រក​ទិញ​របស់​របរ​ម្ហូបអាហារ​ក្រៀមៗយក​ទៅ​ទុក​យ៉ាងច្រើន​ន​ផង​ដែរ​។

ស្ត្រី​ជា​អាជីវករ​លក់​ខោអាវ និង កាបូប​ក្នុង​ផ្សារ​ទួល​ទំពូង​ម្នាក់​បាន​ត្អូញត្អែ​ថា ស្ងាត់​អត់​មាន​អ្នកទិញ​ទាល់តែ​សោះ ​គាត់​បើក​លក់​ជា​ប្រចាំ តែ​មិន​មាន​អ្នក​មក​រក​ទិញ​ញ​ម្នាក់​ឡើយ និង​ដាច់​បាយ​ហើយ ដោយ​ក្នុង​រយៈពេល​មួយ​អាទិត្យ​នេះ គឺ​លក់​មិន​ដាច់​ទេ និង​ស្ងាត់​យ៉ាង​ខ្លាំង ​បន្ទាប់​ពី​ផ្ទុះ​វីរុស​ COVID-19​ នេះ​មក​ វា​កាន់​តែ​ស្ងាត់​អ្នក​ដើរ​ផ្សារ​ខ្លាំង​ឡើង​ៗតែ​ម្តង ទាំង​ភ្ញៀវខ្មែរ និង​ជនបរទេស​ ដោយ​​ធ្វើ​អោយ​ពួក​គាត់​ជួប​ការ​លំបាក​ផ្នែក​សេដ្ឋកិច្ច​គ្រួសារ​យ៉ាង​ខ្លាំង ។ ម្យ៉ាង​ការ​ចំណាយ​ប្រចាំ​ថ្ងៃ បង់​ទឹក បង់​ភ្លើង លុយ​បង់​តុងទីន បង់​ធនាគារ និង​លុយ​ប្រាក់ខែ​សំរាប់​បុគ្គលិក​២​ទៅ​៣​នាក់​ផង​ដែរ បើ​ក្នុង​មួយ​ថ្ងៃ​ៗ​លក់​អត់​បាន​លុយ​មួយ​រៀល​បែប​នេះ។

លោក ឯក និមល ប្រធាន​ផ្សា​របឹង​កេងកង​បាន​ប្រាប់​ឱ្យ​ដឹង​ថា កាលពី​ពេល​កន្លង​ទៅ​នេះ ​មាន​អ្នក​មក​ផ្សារ​យ៉ាងច្រើន​ដើរ​ទើស​គ្នា តែ​ក្នុង​រយៈ​​ពេល​ជាង​១០​ថ្ងៃ​កន្លង​មកនេះ ហាក់បីដូចជា​មាន​សភាព​ស្ងាត់​ជាង​មុន​បន្តិច​ មិនសូវ​មាន​អ្នក​ដើរ​ទេ ចំណែក​ក្នុង​ផ្សារ​ទូ​លាយ​ស្រួល​ដើរ​ ​ហើយ​កាលពី​៥​ទៅ​៦​ថ្ងៃមុន​នេះ ពួក​គាត់​បាន​នាំ​គ្នា​ដើរ​រក​ទិញ​អង្ករ​ ទឹកត្រី និង​ទឹកស៊ីអ៊ីវទុក​ហូប ​ធ្វើ​អោយ​តម្លៃ​អង្ករ​ប្រភេទ​ល្អ​ៗ​មួយ​ចំនួន​ឡើងថ្លៃ​ផង​ដែរ ។ ចំណែក​ឯ​របស់របរ​មួយ​ចំនួន​ផ្សេង​ទៀត​គឺ​លក់​នៅ​តម្លៃ​ដដែល​មិន​ឡើង​ថ្ងៃ​នោះ​ទេ​ ។ ​លោក​ក៏​បាន​ប្រាប់​បន្ត​ទៀត​ថា មាន​តូប​លក់ដូរ​តិច​តួច​បំផុត​ដែល​បាន​បិទ​មិន​លក់ដូរ ដោយ​មាន​ត្រឹមតែ​១០​ទៅ ២០%​ប៉ុណ្ណោះ ចំណែកឯ​តូប​ពី​៨០​ទៅ​៨៥%​ទៀត​គេ​នៅ​បើក​លក់​ជា​ធម្មតា តែ​សំរាប់​អ្នក​ដើរ​ផ្សារ​វិញ គឺ​មានការ​ថយ​ចុះ​យ៉ាង​ខ្លាំង​គួរ​​ឱ្យកត់សម្គាល់​ បើ​ប្រៀប​ធៀប​មុន​ពេល​​ផ្ទុះវីរុស​ COVID- 19​នោះ​។

ស្ត្រី​ជា​អ្នកលក់​សាច់​ចង្កាក់​ម្នាក់​នៅ​ក្នុង​ផ្សា​របឹង​កេងកង​បាន​រៀបរាប់​ថា តាំងពី​​ផ្ទុះវីរុសកូវីដ-១៩មក ក្នុង​រយៈ​ពេល​ជិត​១​ខែ​ហើយ​គឺ​ស្ងាត់ លក់​មិន​ដាច់​តែ​ម្តង ​ដែល​កាលពី​ពេល​មុន​វិញ​តែត្រឹម​ពេល​នេះ​(ម៉ោង​​ជាង ១២​ថ្ងៃត្រង់​) គឺគាត់​លក់​ជិត​អស់ហើយ និង​លក់​ដាច់​យ៉ាង​ខ្លាំង ដោយសារ​តែ​មាន​មនុស្ស​ដើរ​ផ្សារ​ច្រើន ​។​តែ​ឥឡូវនេះ លក់​មិន​ដាច់​ទាល់តែ​សោះ មាន​តែ​អ្នកលក់ និង​តុ កៅអី​បញ្ឈរ​ចោល​មិន​មាន​អ្នក​ណា​ម្នាក់​អង្គុយ​ហូប​ឡើយ ​ភ្ញៀវ​​មានការ​ថយ​ចុះ​រហូត​ទៅ​ដល់​៧០% គឺ​ខុស​ពី​ពេល​មុន​ៗ​ឆ្ងាយ​ណាស់​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ