កាលីហ្វ័រញ៉ា ៖ លោក ហ្គាវិន ញ៉ូស៊ុម Gavin Newsom អភិបាលរដ្ឋកាលីហ្វ័រញ៉ា បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយកាលពីល្ងាចថ្ងៃព្រហស្បតិ៍នេះ អោយដឹងថា លោកបានចេញបទបញ្ជាឲ្យពលរដ្ឋអាមេរិកនៅទូទាំងរដ្ឋ ត្រូវស្នាក់នៅផ្ទះមួយកន្លែង ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងការឆ្លងរីករាលដាល នៃវីរុសនេះ បើតាម NBC newsចេញផ្សាយនៅថ្ងៃទី២០ មីនា ២០២០ ។
បទបញ្ជា នឹងចូលជាធរមាន នៅយប់ថ្ងៃព្រហស្បតិ៍ដដែលនេះ ទោះជាយ៉ាងណា ពលរដ្ឋអាមេរិកអាចចាកចេញពីផ្ទះរបស់ពួកគេបាន នៅពេលដែលចាំបាច់ប៉ុណ្ណោះ ។ បទបញ្ជានេះ មានសុពលភាពរហូតទាល់តែមានការជូនដំណឹងបន្ថែមជាថ្មី ។
ការប្រកាសរបស់អភិបាលរដ្ឋកាលីហ្វ័រញ៉ានេះ បានកើតឡើងប្រហែលមួយម៉ោង បន្ទាប់ពីអភិបាលរដ្ឋ Los Angeles បានបញ្ជាឱ្យប្រជាជនស្នាក់នៅផ្ទះ លើកលែងតែតម្រូវការចាំបាច់ ចេញទៅផ្សារទំនើប ទៅហាងទំនិញ និងកន្លែងលក់របស់របរដែលត្រូវការប្រើប្រាស់ជាចាំបាច់ ។ សាន់ហ្វ្រាន់ស៊ីស្កូ និងតំបន់ជុំវិញនានា ក៏បានចេញបទបញ្ជាឱ្យស្នាក់នៅក្នុងផ្ទះដែរ ដើម្បីបញ្ឈប់ការរីករាលដាល នៃជំងឺឆ្លងនេះ ។
លោក ហ្គាវិន ញ៉ូស៊ុម បាននិយាយទៀតថា ការចេញបទបញ្ជាទូទាំងរដ្ឋ គឺស្របនឹងបទបញ្ជា នៅក្នុងសហរដ្ឋអាមេរិកដែរ ។ កន្លែងដូចជា ហាងលក់គ្រឿងទេស និងហាងអាហារដឹកជញ្ជូន ភោជនីយដ្ឋាន ស្ថានីយប្រេងឥន្ធនៈ ឱសថស្ថាន ធនាគារ និងកន្លែងបោកគក់ នឹងនៅតែបើកដំណើរការជាដដែល ។
បារ ក្លឹបរាត្រី រោងកុន កន្លែងហាត់ប្រាណ និងមជ្ឈមណ្ឌលសន្និបាត ត្រូវបញ្ជាឲ្យបិទទ្វារ ទាំងអស់ ។
លោកអភិបាល បានមានប្រសាសន៍ថា លោកសង្ឃឹមថា ពលរដ្ឋអាមេរិកនឹងស្ម័គ្រចិត្ត ចូលរួមទាំងអស់គ្នា គោរពបទបញ្ជាឲ្យស្នាក់នៅតែក្នុងផ្ទះ ប្រសិនបើអាចធ្វើទៅបាន ។
សូមជម្រាបថា រដ្ឋកាលីហ្វ័រញ៉ា ដែលមានប្រជាជនរស់នៅសរុបប្រហែល៤០លាននាក់ គឺជារដ្ឋដំបូងគេហើយ ដែលមានបទបញ្ជាឲ្យរឹតត្បិតទូទាំងរដ្ឋនេះ ។ កាលពីដើមសប្តាហ៍នេះ អភិបាលរដ្ឋ Nevada បាននិយាយថា រាល់អាជីវកម្មដែលមិនចាំបាច់ទាំងអស់ គួរតែបិទរយៈពេល៣០ថ្ងៃ ។
ត្រឹមព្រឹកថ្ងៃទី២០ មីនានេះ នៅទូទាំងរដ្ឋកាលីហ្វ័រញ៉ា មានអ្នកឆ្លងវីរុសកូវីដ-១៩នេះ សរុបចំនួន ១,០៦០ករណី និងអ្នកស្លាប់ ១៩នាក់ហើយ ខណៈចំនួនអ្នកឆ្លងទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ១៤,៣៦៦ ករណី និងស្លាប់ សរុប២១៧នាក់ ៕
ចែករំលែកព័តមាននេះ