ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ហ៊ុន ម៉ា​ណែ​ត ណែនាំ​ពល​ទាហាន​​ថ្មី​ឲ្យ​យកចិត្តទុកដាក់​ក្នុង​ការ​ហ្វឹក​​​ហាត់ និង​រក្សា​សុវត្ថិភាព

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តស្ទឹងត្រែង និង​ខេត្ត​សៀមរាប ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង នៃ​កង​យោធ ពល​ខេមរភូមិន្ទ មេបញ្ជាការ…

ខេត្តស្ទឹងត្រែង និង​ខេត្ត​សៀមរាប ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង នៃ​កង​យោធ ពល​ខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ជួប​សំណេះ​សំណាល ជាមួយ​ពល​ទាហាន​ថ្មី ដែល​ទើបត្រូវ​បាន​ជ្រើសរើស​បំពេញ​ក្រប​ខណ្ឌ​ឱ្យ​កងទ័ព​ជើង​គោក ឆ្នាំ​២០២០ ក្នុង​ឱកាស​នៃ​ដំណើរ​ទស្សនកិច្ច​នៅ​សាលា​ពល​ទាហាន​ទី​១ យោធភូមិ​ភាគ​ទី​១ និង​នៅ​សាលា​ពល​ទាហាន ទី​៤ យោធភូមិ​ភាគ​ទី​៤​នៃ​ខេត្តស្ទឹងត្រែង និង​ខេត្តសៀមរាប​, ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០២០​។

ទន្ទឹម​នឹង​ការ​អបអរសាទរ និង​កោតសរសើរ​ចំពោះ​វត្តមាន​នៃ​ពល​ទាហាន​ថ្មី​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត ក៏​បាន​ផ្តាំផ្ញើ​ដល់​ពល​ទាហាន​ថ្មី​ឲ្យ​យកចិត្តទុកដាក់​ស្តាប់​ការ​ណែនាំ​របស់​យោធា​ចា​រ្យពេល​អំឡុង​ហ្វិ​ក​ហាត់​លើ​ទីលាន ដើម្បី​រក្សា​សុវត្ថិភាព​ជា​ចម្បង ហើយ​តស៊ូ​ព្យាយាម​ក្នុង​ការ​រៀនសូត្រ​ឲ្យ​បាន​ល្អ​ទាំង​ការ​ខិតខំ​ខ្លួនឯង និង​ជួយ​សហការ​គ្នា ដើម្បី​ឈាន​ទៅ​បញ្ចប់​វគ្គ​ទាំងអស់​គ្នា ។

ឧត្តមសេនីយឯក ហ៊ុន ម៉ា​ណែ​ត បាន​លើក​ឡើង​ថា ការ​ហ្វឹកហ្វឺន​រយៈពេល ០៣ ខែ​នេះ ពិតជា​មាន​សារសំខាន់​ណាស់ ព្រោះ​នឹង​បម្រើ​ឱ្យ​អនាគត​នៃ​ការ​បំពេញការងារ​ក្នុង​រយៈ ពេល​យូរអង្វែង​តទៅ​មុខ​ទៀត​។ ទន្ទឹម​នឹង​នេះ គឺជា​ឱកាស​នៃ​អាជីព​មួយ ដែល​ទទួល​បាន​ដោយ​លំបាក ពីព្រោះ​ការ​ជ្រើសរើស​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​សំរិតសម្រាំង​ហ្មត់ចត់​ក្នុង​ចំណោម​បេក្ខជន​រាប់​ពាន់​នាក់ តាម​រយៈ​ការ​ត្រួតពិនិត្យ​វាយតម្លៃ​ច្បាស់លាស់​របស់​គណៈកម្មការ​។

ដូច្នេះ ត្រូវ​តស៊ូ​អំណត់​ព្យាយាម​កុំ​បោះបង់​, មាន​ស្មារតី​ម្ចាស់​ការ​, សាមគ្គី​គ្នា​, គោរព​វិន័យ និង​ខិតខំ​យកចិត្តទុកដាក់​ហ្វឹកហ្វឺន​រៀនសូត្រ ដើម្បី​នៅ​ក្រោយ​ពេល​បញ្ចប់​វគ្គ អាច​ប្រែក្លាយ​ខ្លួន ជា​យោធិន​ម្នាក់​ពេញ​លក្ខណៈ ប្រកបដោយ​សមត្ថភាព ជា​មោទនភាព​សម្រាប់​ក្រុម​គ្រួសារ​។

មេ​ទ័ពជើងគោក​រូប​នោះ​ក៏​បាន​មាន​ប្រសាសន៍​ថា ក្នុង​ដំណាក់កាល​នៃ​សុខ​សន្តិភាព ស្ថិរភាព​ដូច​សព្វថ្ងៃ ពល​ទាហាន​ថ្មី​ទាំងអស់​ដែល​បាន សម្រេចចិត្ត​ចូល​បម្រើកងទ័ព ហើយ​កំពុង​ឆ្លង​វគ្គ​ហ្វឹក​ហ្វឺន​នេះ ទោះបី​មក​ពី​ប្រភព​ណា​ក៏​ដោយ គឺ​យើង​ទាំងអស់​គ្នា​ស្ថិត​នៅ​ក្នុង​ជួរ​កង​យោ ធ​ពល​ខេមរភូមិន្ទ​តែ​មួយ មានច្បាប់​វិន័យ​តែ​មួយ ដែល​បង្ក​លក្ខណៈ​គ្រប់​បែប​យ៉ាង​ឱ្យ​យោធិន យើង​មានឱកាស​ពង្រឹង​ខ្លួនឯង ពង្រឹង​កងទ័ព​យើង ។

លោក​ក៏​បាន​ណែនាំ​បន្ថែម​ឲ្យ​ពល​ទាហាន​ទាំងអស់​ត្រូវ​ខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់​ឱ្យ​បាន​ម៉ឺងម៉ាត់​ស្រូប​យកចំណេះ​ដឹង និង​ជំនាញ​យោធា ផ្តល់​ដោយ​វគ្គ​ហ្វឹកហ្វឺន​នេះ ដើម្បី​ធានា​បាន​នូវ​មូលដ្ឋាន​នៃ​ការ​បំពេញ​ភារ កិច្ច​ក្នុង​នាម​ជា​កងទ័ព ដូច​ជា​៖

ទី​១- គឺ​ការ​យល់​ដឹង​អំពី​ជីវិត​កង ទ័ព​, របៀបរបប​ការងារ​កងទ័ព ដែល​មិន​ត្រឹមតែ​ជា​ការ​ពាក់​ឯក​សណ្ឋាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺជា​ការ​លះបង់​ភាព​ជា​បុគ្គល​, រួម​គ្នា​ធ្វើ​ការងារ​ជា​ក្រុម​, សហការ​គ្នា​, ជួយ​យកអាសារ​គ្នា​, រស់នៅ​ដោយ​មាន​វិន័យ​រួម​, និង​មានការ​កំណត់​ពេលវេលា​ត្រឹមត្រូវ​។

ទី​២- គឺ​ការ​ទទួលខុសត្រូវ​ខ្ពស់ ទាំង​លក្ខណៈ​រួម និង​លក្ខណៈ​បុគ្គល ដោយ​ផ្តើម​ចេញពី​ការ​យល់​ដឹង​អំពី​តួនាទី​ភារកិច្ច​ជា​យោធិន​, វិន័យ​សណ្តាប់ធ្នាប់​ជួរ​ទ័ព និង​ការ​អនុវត្ត​តាម​ច្បាប់​, ក្រឹ​ត្រ​ក្រម និង​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់ ដើម្បី​លត់​ដំ​ខ្លួន​ឱ្យ​មាន​ភាព​ម្ចាស់​ការ និង​ការ​អនុវត្ត​ឯកភាព​គ្នា​ពី​ថ្នាក់លើ​ដល់​ថ្នាក់​ក្រោម​។

ទី​៣- គឺ​ការ​ទទួល​បាន​នូវ​ចំណេះដឹង​យោធា​, ឋានលេខា​, លំ​ហាត់​របៀប​, និង​យុទ្ធវិធី​ផ្សេង​ៗ រួម​ទាំង​ការ​លត់​ដំ​កាយសម្បទា និង​អារម្មណ៍​ស្មារតី​ឱ្យ​រឹង​មាំ តាម​រយៈ​ការ​ខិតខំ​ជំរុញ​ខ្លួនឯង និង​ការ​ជំរុញ​ពី​យោធា​ចា​រ្យ​។

ឧត្តមសេនីយឯក​ក៏​បាន​លើក​ឡើង​ដែរ​ថា វគ្គ​ហ្វឹកហ្វឺន​មាន​រយៈពេល​វែង ឬ​ខ្លី មិនមែន​ជា​បញ្ហា ចម្បង​នោះ​ឡើយ អ្វី​ដែល​សំខាន់ គឺ​ខ្លួន​យើង​ត្រូវ​យកចិត្តទុកដាក់​រៀនសូត្រ​ឱ្យ​បាន​ម៉ឺងម៉ាត់​។ ទន្ទឹម​នឹង​នេះ ក៏​ត្រូវ​យក​ឱកាស កសាង​មិត្ត និង​បង្កើត​អនុស្សាវរីយ៍​រួម​ជំនាន់​ឱ្យ​បាន​ច្រើន ហើយ​បន្ត​រក្សា​ប្រពៃណី​ចំណង សាមគ្គីភាព​ឱ្យ​បាន​ស្ថិតស្ថេរ​ក្រោយ​ពេល​បញ្ចប់​វគ្គ ព្រោះ​យើង ជា​កងទ័ព​តែ​មួយ មាន​ភារកិច្ច តែ​មួយ គឺ​ការ​រួបរួម​សហការ​ថែរក្សា​សុខ​សន្តិភាព​, សន្តិសុខ និង​បូរណភាព​ទឹកដី​។

ទន្ទឹម​នោះ លោក​ក៏​បាន​សម្តែង​អរគុណ​ចំពោះ​ការ​យកចិត្តទុកដាក់​របស់​ប្រមុខ​រាជរដ្ឋាភិបាល​, ថ្នាក់​ដឹកនាំ​ក្រសួង ការពារ​ជាតិ​, ថ្នាក់ដឹកនាំ​អគ្គ​បញ្ជាការដ្ឋាន និង​ថ្នាក់ដឹកនាំ​កងទ័ពជើងគោក លើ​ការ​ធានា ការ​ផ្គត់ផ្គង់​បម្រើ​ឱ្យ​វគ្គ​ហ្វឹកហ្វឺន​នេះ និង​សូម​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ថ្នាក់ដឹកនាំ យោធភូមិ​ភាគ​ទី​១, គណៈ​គ្រប់គ្រង​សាលា​ពល​ទាហាន​ទី​១, ថ្នាក់ដឹកនាំ យោធភូមិ​ភាគ​​ទី​៤, គណៈ​គ្រប់គ្រង​សាលា​ពល​ទាហាន​ទី​៤, ក្រុម​យោធា​ចា​រ្យ និង​គ្រប់​ស្ថាប័ន ជំនាញ​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​ដឹកនាំ​, គ្រប់គ្រង​, សម្របសម្រួល និង​អនុវត្ត​រៀបចំ ដំណើរការ​នៃ​វគ្គ​ហ្វឹកហ្វឺន​នេះ​បាន​យ៉ាង​ល្អ រហូត​មក​ដល់​ពេល​នេះ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ