ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីប្រជុំជន​ក្រុង​ព្រះ​វិហារ​​ស្ងប់ស្ងាត់ ក្រោយ​រកឃើញមនុស្ស​២​នាក់​ផ្ទុក​វីរុស​កូ​វី​ដ​-១៩

4 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្ត​ព្រះ​វិហារ​ ៖ គិត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០២០​នេះ គេ​សង្កេត​ឃើញ​ថា ទីប្រជុំជន​ក្រុង​ព្រះ​វិហារ​មាន​សភាព​ស្ងប់ស្ងាត់​បន្តិច រីឯ​ផ្លូវ​មួយ​ចំនួន​ក្នុង​ក្រុង​ដែល​តែងតែ​មានការ​ធ្វើ​ចរាចរណ៍​ច្រើន​ក៏​មាន​សភាព​ស្ងប់ស្ងាត់​ជាង​មុន​ដែរ បន្ទាប់​ពី​រក​ឃើញ​មនុស្ស​ចំនួន​២​នាក់​មាន​ផ្ទុក​វីរុស​កូ​វី​ដ​-១៩ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ…

ខេត្ត​ព្រះ​វិហារ​ ៖ គិត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០២០​នេះ គេ​សង្កេត​ឃើញ​ថា ទីប្រជុំជន​ក្រុង​ព្រះ​វិហារ​មាន​សភាព​ស្ងប់ស្ងាត់​បន្តិច រីឯ​ផ្លូវ​មួយ​ចំនួន​ក្នុង​ក្រុង​ដែល​តែងតែ​មានការ​ធ្វើ​ចរាចរណ៍​ច្រើន​ក៏​មាន​សភាព​ស្ងប់ស្ងាត់​ជាង​មុន​ដែរ បន្ទាប់​ពី​រក​ឃើញ​មនុស្ស​ចំនួន​២​នាក់​មាន​ផ្ទុក​វីរុស​កូ​វី​ដ​-១៩ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ ។

ថ្លែងប្រាប់​អ្នក​យក​ព័ត៌មាន លោក សា​រ៉ា​យ ចាន់​នី ជា​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ក្រុង​ព្រះ​វិហារ​បាន​សម្តែង​នូវ​ការ​ព្រួយបារម្ភ បន្ទាប់​ពី​មាន​រក​ឃើញ​មនុស្ស​២​នាក់​មាន​ផ្ទុក​វីរុស​កូ​វី​ដ​-១៩​នៅ​ក្នុង​ក្រុង​ព្រះ​វិហារ ។ លោក​បន្ត​ថា បន្ទាប់​ពី​រក​ឃើញ​ភ្លាម ធ្វើ​ឲ្យ​គាត់​ក៏​ដូច​ជា​ពលរដ្ឋ មួយ​ចំនួន​នៅ​ក្នុង​ក្រុង​ព្រះ​វិហារ​មានការ​ភ័យ​ខ្លាច មិនសូវ​ហ៊ាន​ចេញ​មក​ខាងក្រៅ​ផ្ទះ​ទេ ម្យ៉ាងវិញទៀត ពួក​គាត់​នៅ​តែ​ក្នុងផ្ទះ​រក្សា​អនាម័យ​ជា​ប្រចាំ ។

ទោះជា​បែប​នេះ​ក្តី លោក​សំណូមពរ​ដល់​អាជ្ញាធរ​ធ្វើ​យ៉ាងណា​មាន​វិធានការ​ទប់ស្កាត់​នឹង​ការពារ​វីរុស​នេះ​កុំ​ឲ្យ​មានការ​ឆ្លង​រាលដាល​ជា​បន្ត​ទៀត ដើម្បី​ការពារ​សុខភាព សុវត្ថិភាព ប្រជាពលរដ្ឋ​ទាំងអស់ ចៀស​ឱ្យ​ផុត​ពី​ជំងឺ​ដ៏​កាច​សាហាវ​នេះ ។

ជាមួយ​គ្នា​នេះ លោក​វេជ្ជបណ្ឌិត សុក វាសនា ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​១៦​មក​រា​ក្រុង​ព្រះ​វិហារ បាន​ឲ្យ​ដឹង​ថា ស្ថានភាព​អ្នក​ផ្ទុក​វីរុស​កូ​វី​ដ​១៩​ទាំង​២​នាក់​កំពុង​ស្ថិត​ក្នុង​ការ​ថែទាំ នៅ​បន្ទប់​ដាច់​ដោយឡែក​យ៉ាង​យកចិត្តទុកដាក់​ពី​ក្រុម​គ្រូពេទ្យ ម្យ៉ាងវិញទៀត បើ​ទោះបី ជា​ពួក​គាត់​ទាំង​២​នាក់​មាន​ផ្ទុក​វីរុស​កូ​វី​ដ​-១៩​ក៏​ពិតមែន ប៉ុន្តែ​មក​ដល់​ពេល​នេះ​សុខភាព​របស់​ពួក​គាត់​មាន​ភាពល្អ​ប្រសើរ​ជា​ធម្មតា ពុំ​មាន​រោគ​សញ្ញា​ណាមួយ​គួរ​ឱ្យ​កត់សម្គាល់​ឡើយ ។ ទោះបីជា​យ៉ាងនេះ​ក្តី ក្រុម​គ្រូពេទ្យ​បាន​ណែនាំ​ឲ្យ​ពួក​គាត់​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ និង​អាល់កុល ឬ​ជែ​ល ឲ្យ​បាន​ញឹកញាប់ នឹង​ធ្វើ​លំ​ហាត់ប្រាណ​ជា​ប្រចាំ​ផង​ដែរ ។

សូម​បញ្ជាក់​ថា គិត​មក​ដល់​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០២០​នេះ ខេត្តព្រះវិហារ​មាន​ករណី​ឆ្លង​វីរុស​កូ​វី​ដ​-១៩​ចំនួន​២​ករណី​ប៉ុណ្ណោះ គឺ​បុរស​២​នាក់ ក្នុង​នោះ​ម្នាក់​អាយុ​៣៥​ឆ្នាំ និង​ម្នាក់​ទៀត​អាយុ​៣៩​ឆ្នាំ ពួក​គេ​ទាំង​២​នាក់​ស្ថិត​ក្នុង​ចំណោម​មនុស្ស​៧៩​នាក់ ដែល​បាន​ត្រឡប់​មក​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី​វិញ កាលពី​ថ្ងៃ​ទី​៣ ខែមីនា ឆ្នាំ​២០២០​កន្លង​ទៅ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ