ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ភូមិ​ផ្តិត​មេដៃ​ប្តឹង​​​អាជ្ញាធរ​ស្រុក ចាត់​ការ​​ឈ្មួញ​បន្សល់​ជ្រូក​ងាប់​ស្អុយ​អសោចិ៍

4 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​ជាង​៦០​គ្រួសារ​នៅ​ភូមិ​ពោធិ៍​ក្រូច ឃុំ​បន្ទាយ​ក្រាំង ស្រុក​កំពង់រោទ៍ បាន​ផ្តិត​មេដៃ​ប្តឹង​ទៅ​អាជ្ញាធរ​និង​មន្ត្រីជំនាញ សូម​ឲ្យ​ធ្វើ​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​ឈ្មួញ​នាំ​ជ្រូក​រស់ សង្ស័យ​គ្មាន​ច្បាប់​យក​មក​ទម្លាក់​ក្នុងភូមិ​របស់​ពួក​គាត់ និង​សាង​ជ្រូក​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម ។…

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​ជាង​៦០​គ្រួសារ​នៅ​ភូមិ​ពោធិ៍​ក្រូច ឃុំ​បន្ទាយ​ក្រាំង ស្រុក​កំពង់រោទ៍ បាន​ផ្តិត​មេដៃ​ប្តឹង​ទៅ​អាជ្ញាធរ​និង​មន្ត្រីជំនាញ សូម​ឲ្យ​ធ្វើ​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​ឈ្មួញ​នាំ​ជ្រូក​រស់ សង្ស័យ​គ្មាន​ច្បាប់​យក​មក​ទម្លាក់​ក្នុងភូមិ​របស់​ពួក​គាត់ និង​សាង​ជ្រូក​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម ។ លុះ​ពេល​មាន​ជ្រូក​ងាប់​វៀតណាម​មិន​ទទួល​ទិញ គឺ​ពួក​ឈ្មួញ​ដឹក​យក​ទៅ​ទម្លាក់​ចោល​រាប់​សិប​ក្បាល​ពាស​វាល​ពាស​កាល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ​អំពី​ផល​ប៉ះពាល់​ដល់​សុខភាព​របស់​ពួក​គាត់ ។

ទាក់ទិន​នឹង​ករណី​ឈ្មួញ​ដឹក​ជ្រូក​ងាប់​ទៅ​ទម្លាក់​ចោល​នេះ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែមីនា ដោយទទួល​បានការ​ណែនាំ​ពី​លោក សុច ពិសី អភិបាល​ស្រុក​កំពង់​រោទ៍ បាន​ចាត់​កម្លាំង​សហការ​ជាមួយ​មន្ត្រី​ជំនាញ​ទៅ​ពិនិត្យ​ជា​បន្ទាន់ ដែល​រួម​ដំណើរ​ដោយ​លោក ឃុ​ត គី​ម នាយករង​រដ្ឋបាល​សាលាស្រុក ។

នៅ​ទីតាំង​ប្រឡាយ​បណ្ដែត ស្ថិត​ក្នុងភូមិ​ច​ន្ទ្រានិង​នៅផ្ទះ​លោក សៅ ប្រុស អាយុ​៥១​ឆ្នាំ នៅភូមិ​ពោធិ៍​ក្រូច ឃុំ​បន្ទាយ​ក្រាំង ស្រុក​កំពង់​រោទ៍ ក្រុមការងារ​បាន​សហការ​ជា​មូ​យ​លោក សុខ ពុទ្ធា​វុ​ធ អនុប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត បាន​ទៅពិនិត្យ​ដល់ទី​កន្លែង​ទម្លាក់​ចោល​ជ្រូក​ងាប់​ស្អុយ​ចំនួន​៤​បាវ​ជិត​១០​ក្បាល រួច​ដុត​និង​កប់​ចោល ។ ជាមួយ​នេះ បាន​ធ្វើការ​អប់រំ​ណែនាំ​ម្ចាស់ផ្ទះ​ស្តុកជ្រូក​ឲ្យ​ធ្វើការ​សម្អាត​បាញ់ថ្នាំ​សម្លាប់​មេរោគ​ប្រភេទ​TH.4​ជា​ប្រចាំ ហើយ​ធ្វើ​កំណត់ហេតុ​និង​កិច្ចសន្យា​ដើម្បី​ទុកជា​ឯកសារ ។ អ្នកស្រុក​ឆ្ងល់​ហេតុ​អី​មាន​ជ្រូក​រស់​ជ្រូក​ងាប់​ដឹក​ឆ្លង​ដែន​ពី​ថៃ​ចូល​ទៅ​ស្រុក​យួន​បាន ស្រួល​ម្ល៉ឹង​ៗ ? ឱ ! ខេត្តស្វាយរៀង​អើយ​…​។

ចំណែក​ប្រជាពលរដ្ឋ​លើក​ឡើង​ថា ពួក​គាត់​នៅ​តែ​ព្រួយបារម្ភ​អំពី​សុខភាព ពិសេស​អ្នក​រស់នៅ​ជិត​ទីកន្លែង​ស្តុក​ជ្រូក​មុន​ពេល​សាង​ដឹក​ចេញ និង​ប៉ះពាល់​ខូច​ផ្លូវលំ​តាម​ជនបទ ដែល​ច្បាប់​កំណត់​ឲ្យ​រថយន្ត​ដឹក​ទំនិញ​ធ្វើ​ចរាចរណ៍​បាន​ត្រឹម​ចំណុះ​១៥​តោន ។ ចំណែក​រថយន្ត​ដឹក​ជ្រូក គឺ​រថយន្ត​ភ្លៅ​៥​ឬ​ភ្លៅ​៦ ដឹក​ជ្រូក​ចាប់ពី​២៨០​ក្បាល​ទៅ​៣០០​ក្បាល​ក្នុង​១​គ្រឿង បើ​គិត​ជា​ទម្ងន់​គឺ​ចាប់​២៥​តោន​ទៅ​៣០​តោន​ឯណោះ ដែល​ជា​ហេតុ​នាំ​ឲ្យ​ខូច​ផ្លូវ​អស់ហើយ ។ អ្នកស្រុក​និយាយ​ថា រឿង​ល្មើសច្បាប់​បែប​នេះ កោត​មន្ត្រី​បិទ​ភ្នែក​អស់ ដែល​គេ​សង្ស័យ​ថា ទំនង​បាន​ទទួលផល​ប្រយោជន៍ ហើយ​មើលទៅ ៕​

អត្ថបទសរសេរ ដោយ