ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូ​បង្រៀន សិស្ស និង​ប្រជាពលរដ្ឋ​​​៥១០​នាក់ ​ចូល​ទស្សនា​គុក​ទួលស្លែង និង​សាលា​ក្តី​​ខ្មែរក្រហម

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​លោកឌឹម​ សុវណ្ណារុំ ​អ្នក​នាំពាក្យ​​សាលាក្តី​ខ្មែរក្រហម ​បាន​ឱ្យ​​ដឹង​កាល​ពីព្រឹក​ថ្ងៃទី​​​៣ មីនា ​២០១១ ថា មានគ្រូបង្រៀន​ សិស្ស និង​ប្រជាពលរដ្ឋ​​៥១០​នាក់ មកពី​​​ឃុំ​វាល​រេញ ស្រុកព្រៃនប់ ​ខេត្តព្រះសីហនុ ​បាន​​ចូល​ទស្សនា​​គុក​ទួល​ស្លែង​ និងសាលា​ក្តីខ្មែរ​ក្រហម​​ជា​លើក​ដំបូង​នៅថ្ងៃទី​​៣ មីនា ​២០១១ ។​

លោក​ឌឹម ​សុវណ្ណារុំ បន្ត​ថា សាលាក្តី​​បាន​ទទួល​​​ពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​ប្រទេស ដើម្បី​មក​ទស្សន​កិច្ច​​​ គិត​​មក​​ដល់ថ្ងៃទី​​​៣ មីនា ​២០១១ ​​​សរុបជាង​​៧ម៉ឺននាក់​​ហើយ​។ វាជា​ជោគ​ជ័យ​​មួយរបស់​​សាលាក្តី​​ក្នុងការស្វែង​រកយុត្តិធម៌​​ដល់ជនរងគ្រោះដោយរបបខ្មែរក្រហម ។ ​ដោយ​​ឡែក ​កាលពីពេលថ្មី​​ៗ​នេះ ​មាន​ដំណើរ​ទស្សន​កិច្ច​​របស់សមាជិក​ក្រុមប្រឹក្សាឃុំ ​សង្កាត់​​ផងដែរ​ ​ត្រូវបានរៀបចំ​​​ឡើង​ដោយ​​​មាន​កិច្ច​សហ​​ការ​រវាង​សាលាក្តី​​ខ្មែរក្រហម និង​សមាគម​​ក្រុម​ប្រឹក្សា​​​ឃុំ សង្កាត់ ​ក្នុងទិសដៅ​​ផ្សព្វផ្សាយ​​ព័ត៌​មាន​​ដល់សាធារណ​​ជនអំពី​​ដំណើរការ​​ជម្រះក្តី​​អតីត​មេ​ដឹកនាំ​ខ្មែរក្រហម​​​ចំនួន​​៤រូប​ដែលកំពុង​​ជាប់​ឃុំ​ឃាំង​សព្វ​ថ្ងៃ ។​

អតីតមេ​ដឹកនាំ​​ជាន់ខ្ពស់​​ខ្មែរក្រហម​​​ចំនួន​​៤​រូប ​​រួម​មាន​​លោក​នួន ជា, ខៀវ សំផន, អៀង សារី និង​លោកស្រី​អៀង ធីរិទ្ធ ​ជាប់ចោទ​​ក្នុង​បទ​ឧក្រិដ្ឋ​​កម្ម​ប្រល័យ​ពូជ​សាសន៍​​ ឧក្រិដ្ឋ​កម្ម​​​ប្រឆាំង​មនុស្ស​​ជាតិ​ និង​ឧក្រិដ្ឋ​កម្ម​សង្គ្រាម​​​ដែល​បាន​​ប្រព្រឹត្ត​​ឡើង​ចន្លោះ​​​ពីខែ​មេសា ឆ្នាំ​​១៩៧៥ ដល់ខែ​​មករា​ ឆ្នាំ​​១៩៧៩ ។ ករណីរបស់​មេ​ដឹក​នាំ​​ជាន់ខ្ពស់​​​ខ្មែរក្រហម​​ចំនួន​​​៤រូបនេះ ​នឹង​ត្រូវ​គេ​​លើក​យកទៅ​​ជំនុំ​ជម្រះ​​នៅខែ​ឧសភា ឬ​មិថុនា ២០១១ នេះ ៕​