ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីក​ប្រឡាយ​១​ខ្សែ​សម្រួល​​ចរាចរណ៍​តាម​ផ្លូវទឹក​​ដល់​ប្រជាពលរដ្ឋ​បន្លាស់​ទី​ឡើង​គោក

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ដើម្បី​សម្រួល​ចរាចរណ៍​តាម​ផ្លូវទឹក ក៍​ដូច​ជា​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ដែល​បាន​បន្លាស់​ទី​ផ្ទះ​បណ្ដែត​ទឹក​មក​រស់នៅ​លើគោក ក្នុងភូមិ​កំពង់ព្រះ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ អាជ្ញាធរ​ឃុំ​ឆ្នុកទ្រូ បាន​ចំណាយ​ថវិកា​របស់​សាលាឃុំ​សម្រាប់​ឆ្នាំ​២០២០ ជីក​ប្រឡាយ​មួយ​ខ្សែ​ដែល​មាន​ប្រវែង​ពី​ជាង​២​គីឡូម៉ែត្រ​ដោយ​ចំណាយ​ទឹកប្រាក់​ប្រមាណ…

ខេត្តកំពង់ឆ្នាំង ៖ ដើម្បី​សម្រួល​ចរាចរណ៍​តាម​ផ្លូវទឹក ក៍​ដូច​ជា​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ដែល​បាន​បន្លាស់​ទី​ផ្ទះ​បណ្ដែត​ទឹក​មក​រស់នៅ​លើគោក ក្នុងភូមិ​កំពង់ព្រះ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ អាជ្ញាធរ​ឃុំ​ឆ្នុកទ្រូ បាន​ចំណាយ​ថវិកា​របស់​សាលាឃុំ​សម្រាប់​ឆ្នាំ​២០២០ ជីក​ប្រឡាយ​មួយ​ខ្សែ​ដែល​មាន​ប្រវែង​ពី​ជាង​២​គីឡូម៉ែត្រ​ដោយ​ចំណាយ​ទឹកប្រាក់​ប្រមាណ ជាង​១៥០​លាន​រៀល ។ នេះ​ជា​ការ​អះអាង​របស់​លោក សាំង គឹ​ម​ស៊ន មេឃុំ​ឆ្នុកទ្រូ ដែល​បាន​បញ្ជាក់​ប្រាប់​កាលពី​ថ្ងៃអាទិត្យ​ចុង​ស​ប្តា​ហ៍​កន្លង​ទៅ​នេះ ។

លោក សាំង គី​ម​ស៊ន មេឃុំ​ឆ្នុកទ្រូ បាន​បញ្ជាក់​ថា ប្រឡាយ​ទឹក​ដែល​គ្រឿងចក្រ​កំពុង​ជីក​មួយ​ខ្សែ​នេះ​មាន​បាត​ក្រោម​៨​ម៉ែត្រ មាត់​លើ​២០​ម៉ែត្រ និង​ជម្រៅ​៤​ម៉ែត្រ​កន្លះ ដោយ​ជីក​យក​ទឹក​ពី​បឹង​ទន្លេសាប ចូល​មក​កាន់​វត្ត​កំពង់ព្រះ មាន​ប្រវែង​ជាង​២​គីឡូម៉ែត្រ ដោយ​ភ្ជាប់​និង​ទីកន្លែង​ដែល​ប្រជាពលរដ្ឋ​បាន​បន្លាស់​ទី​ផ្ទះ​បណ្ដែត​ទឹក​មក​រស់នៅ​លើគោក ។ ការ​ចំណាយ​ថវិកា​នេះ​គឺជា​ថវិកា​របស់​សាលាឃុំ​សម្រាប់​ឆ្នាំ​២០២០ មាន​ទឹកប្រាក់​ប្រមាណ​ជាង​១៥០ លាន​រៀល ។

លោក​មេឃុំ​ឆ្នុកទ្រូ​បាន​បន្ត​ថា ការ​ជីក​ប្រឡាយ​នេះ​ដែរ គឺ​តប​តាម​សំណូមពរ​របស់​ប្រជា​ព​រដ្ឋ​ដែល​ចង់បាន​ប្រឡាយ​ដើម្បី​ឲ្យ​ពួក​គាត់​បាន​ចរាចរណ៍​ផ្លូវទឹក​មក​កាន់​លំនៅ​ដ្ឋា​ន​របស់​ពួក​គាត់ ព្រោះ​បច្ចុប្បន្ន​នេះ​ប្រជាពលរដ្ឋ ដែល​បន្លាស់​ទី​ផ្ទះ​បណ្ដែត​ទឹក ពួក​គាត់​ដែល​មាន​មធ្យោបាយ​ទូក​កាណូត ត្រូវ​ចត​នៅ​ឯ​មាត់ទន្លេ គ្មាន​សុវត្ថិភាព​នោះ​ទេ ហើយ​ដើម្បី​សុវត្ថិភាព ពួក​គាត់​ត្រូវ​ផ្ញើ​គេ​គឺ​អស់​ថ្លៃ​មួយ​លើក ហើយ​ពេល​ដែល​គាត់​ត្រូវ​ចុះ​ទៅ​នេសាទ​ពួក​គាត់​ត្រូវ​ចំណាយ​ការ​ជិះ​ម៉ូតូឌុប​អស់​ថ្លៃ​មួយ​សារ​ទៀត ។ ដោយឡែក​សម្រាប់​ប្រជាពលរដ្ឋ​ដែល​មាន​កូនចៅ​ត្រូវ​បែក​គ្រួសារ​អនាគត​ទៅ​មុខ លោក​នឹង​ចាត់ចែង​ឱ្យ​ដី​មក​រស់នៅ​តាម​មាត់​ប្រឡាយ​នេះ​ដែរ ព្រោះថា​មនុស្ស​ចេះ​តែ​កើត ប៉ុន្តែ​ដី​មិន​បាន​កើត​នោះ​ទេ ។

សូម​បញ្ជាក់​ដែរ​ថា​៖ ក្រោយ​ពី​មានការ​បន្លាស់​ទី​ផ្ទះ​បណ្ដែត​ទឹក​ឲ្យ​ឡើង​លើគោក អាជ្ញាធរ​ឃុំ​ឆ្នូ​ក​ទ្រូ បាន​រៀបចំ​ប្រព័ន្ធ ប្រឡាយ​ធ្វើ​ជា​ផ្លូវ​ទឹកជា​ច្រើន​កន្លែង ដោយ​ភ្ជាប់​ជាមួយ​ទំនប់​ធ្វើ​ជា​ផ្លូវគោក ដើម្បី​សម្រួល​ដំណើរ​របស់ បងប្អូន​ប្រជាពលរដ្ឋ ដែល​បច្ចុប្បន្ន​ការ​បន្លាស់​ទី​ផ្ទះ​បណ្ដែត​ទឹក​ឃើញ​ថា​បាន​លទ្ធផល​១០០%​នៅ​សល់​តែ​បែ​ចិញ្ចឹម​ត្រី​តែ​ប៉ុណ្ណោះ ប៉ុន្តែ​គ្មាន​ផ្ទះ​នៅ​ពីលើ​ដូច​មុន​ទៀត​ទៀត​ឡើយ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ