ខេត្តព្រះវិហារ ៖ ស្ថានការណ៍យោធានៅសមរភូមិជួរមុខតំបន់ប្រាសាទព្រះវិហារ ហាក់ដូចជាមានការឡើងកំដៅភ្លាមៗកាលពីរសៀលថ្ងៃទី៧ មីនា និងព្រឹកថ្ងៃទី៨ មីនា ប៉ុន្តែស្ថានការណ៍បានធ្លាក់មកធូរស្រាលវិញ នៅវេលា រសៀលថ្ងៃដដែលនេះ ។ នេះជាការតានតឹងមួយឈុតទៀតដែលចុងកាណុងរបស់កងទ័ពយើងត្រូវបានត្រៀមសម្រាប់ព្រួសពិសប្រឆាំងនឹងសត្រូវឈ្លានពាន បន្ទាប់ពីមានការឈប់បាញ់គ្នាកាលពីថ្ងៃទី៨ កុម្ភៈ កន្លងមក ។ សភាពការណ៍ក្តៅគួរឱ្យកត់សម្គាល់នៅសមរភូមិប្រាសាទព្រះវិហារជាថ្មីនេះ តាមមន្ត្រីយោធាកម្ពុជាប្រចាំខ្សែ ត្រៀមជួរមុខបានឱ្យដឹងថា ចាប់តាំងពីក្រោយពេលដែលក្រុមអនុព័ន្ធយោធា១៣ប្រទេសចូលទៅធ្វើទស្សនកិច្ចនៅលើប្រាសាទព្រះវិហារមកភាគីសៀមបានបង្កើនកម្លាំងទ័ពយ៉ាងច្រើនចូលមកកាន់ជួរមុខក្នុងដីរបស់ពួកគេទល់មុខតំបន់ប្រសាទព្រះវិហារ កន្លែងដែលពួកគេប៉ុនប៉ងធ្វើផ្លូវតម្រង់ចូលមកកាន់ចំណុចសំបុកឃ្មុំក្នុងទឹកដីកម្ពុជា ។
តំបន់ប្រាសាទព្រះវិហារដែលមានការប្រយុទ្ធគ្នាដ៏ខ្លាំងមួយកាលពីដើមខែកុម្ភៈបានស្ងប់ស្ងាត់ក៏ពិតមែន តែចំពោះកងទ័ពទាំងពីរភាគីនៅ តែបង្កើនការប្រុងប្រយ័ត្នរៀងៗខ្លួនរហូតមកទល់ពេលនេះ ។ មន្ត្រីយោធាខ្មែរប្រចាំចំណុចខ្សែត្រៀមជួរមុខក្បែរច្រកទ្វារដែកមុខគោបុរៈទី៥ បានឱ្យដឹងថា នៅវេលាម៉ោងប្រមាណ៨ព្រឹក ថ្ងៃទី៨ មីនា កងទ័ពសៀមបានដឹកជញ្ជូនឈើដែក ស៊ីម៉ង់ត៍ និងសំភារជាច្រើនរថយន្ត ព្រមទាំងគ្រឿងចក្រមកដាក់នៅចំណុចស្រះត្រាវក្បែរច្រកទ្វារដែកក្នុងទឹកដីពួកគេ និងសាងសង់លេណដ្ឋានជាច្រើន ។
មន្ត្រីយោធាកម្ពុជាដដែលបានកត់សម្គាល់ថា នៅព្រឹកថ្ងៃដដែលនេះដែរ កងទ័ពសៀមចំនួន៥នាក់ដែលប្រចាំការជាមួយកងទ័ពកម្ពុជាក្បែរច្រកទ្វារដែក ក៏បានចូលទៅក្នុងទឹកដីរបស់គេវិញ ដោយទាហានសៀម ទាំង៥នាក់នោះមុនពេលចាកចេញ ពួកគេបានប្រាប់ទ័ពកម្ពុជាថា ពួកគេទៅទទួលអំណោយពីប្រជាពលរដ្ឋដែលយកមកឱ្យនៅក្នុងដីរបស់គេ ។ ទោះបីបែបណាសម្រាប់កងទ័ពកម្ពុជាបានគិតផ្សេងថា ពួកសៀមអាចមានសកម្មភាពអ្វីមួយថ្មីទៀត ទើបហៅពួកគេត្រឡប់ទៅវិញបែបនេះ។
ជាមួយគ្នានេះ ប្រភពព័ត៌មានដែលទ័ពកម្ពុជាទទួលបាននៅព្រឹកថ្ងៃទី៨ មីនា ថា មានមន្ត្រីក្រសួងការបរទេស និងមន្ត្រីយោធាជាន់ខ្ពស់សៀមជាច្រើនរូបបានធ្វើដំណើរតាមឧទ្ធម្ភាគចក្រពីទីក្រុងបាងកកមកចុះនៅភូមិស្រល់ចម្ងាយប្រមាណ១២គីឡូម៉ែត្រ ពីមុខប្រាសាទព្រះវិហារខ្មែរនៅម៉ោង៩ព្រឹក ហើយធ្វើដំណើរចូលទៅកាន់ផ្ទះក្រហម រហូតដល់ម៉ោងប្រមាណ១២ និង១៩នាទីថ្ងៃត្រង់ ទើបត្រឡប់ទៅវិញ ។
មន្ត្រីយោធាកម្ពុជាដដែលបានឱ្យដឹងទៀតថា នៅព្រឹកថ្ងៃទី៨ មីនា នោះ ស្ថានការណ៍យោធានៅតំបន់ប្រាសាទព្រះវិហារមានសភាពតានតឹងដោយមានការត្រៀមលក្ខណៈការពារទឹកដីយ៉ាងហ្មឺងម៉ាត់បំផុត រហូតដល់ម៉ោងជាង១២ថ្ងៃត្រង់ទើបធូរស្រាលវិញ ព្រោះកងទ័ពកម្ពុជាបានដឹងយ៉ាងច្បាស់នូវគំនិតអមិត្តរបស់ទាហានសៀម ។ កន្លងមកពេលស៊ីបាយជុំគ្នាសៀមនិយាយថា ស្រឡាញ់គ្នា និងមិនធ្វើអ្វីឱ្យប៉ះទង្គិចគ្នាទេ តែពេលស៊ីបាយហើយ មិនទាន់ស្រកពោះផង សៀមបាញ់ខ្មែរប្រាវ ដែលកាយវិការទាំងអស់ខាងលើនេះហើយធ្វើឱ្យទាហានខ្មែរចាំមិនភ្លេច។ ទោះជាយ៉ាងណា ពេលនេះស្ថានការណ៍យោធានៅប្រាសាទព្រះវិហារ មានសភាពស្ងប់ស្ងាត់វិញហើយ គិតត្រឹមម៉ោង៥ល្ងាចថ្ងៃដដែល ក្រោយពេលមន្ត្រីជាន់ខ្ពស់របស់ពួកគេបានមកជួបកាលពីពេលព្រឹក ។
- ប្រធានអាស៊ានស្នើបើកកិច្ចប្រជុំគណៈកម្មាធិការព្រំដែនកម្ពុជា-ថៃថ្ងៃទី២៤ និង ២៥ មីនា
យោងតាមប្រភពព័ត៌មានពីទីភ្នាក់ងារព័ត៌មានផ្លូវការចិនស៊ីនហួ ថ្ងៃទី៨ មីនា បានដកស្រង់សម្តីលោកកុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ដែលថ្លែងនៅថ្ងៃទី៨ មីនា នេះថា ប្រទេសឥណ្ឌូណេស៊ីដែលជាប្រធាន អាស៊ានផ្លាស់ប្តូរវេនបានស្នើឱ្យមានកិច្ចប្រជុំរដ្ឋមន្ត្រីការពារប្រទេសកម្ពុជា-ថៃ និងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ មីនា ខាងមុខនេះ នៅក្នុងទីក្រុងបូហ្គ័រ ប្រទេសឥណ្ឌូនេស៊ី ។ លោកកុយ គួង ថ្លែងឱ្យដឹងទៀតថា រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី លោកម៉ាធី ណាតា ឡេហ្គាវ៉ា កាលពីថ្ងៃទី៧ មីនា កន្លងមក បានផ្ញើលិខិតមួយច្បាប់មកកម្ពុជាស្នើរៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) និងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនចម្រុះ (JBC) ទទួលបន្ទុកកំណត់ព្រំដែនគោករវាងប្រទេសកម្ពុជា និងប្រទេសថៃ នៅក្នុងទីក្រុងបូហ្គ័រ ។
ទីភ្នាក់ងារព័ត៌មានស៊ីនហួ បានដកស្រង់សម្តីលោកកុយ គួង ដែលថ្លែងទៀតថា «កាលពីព្រឹកមិញនេះ (ថ្ងៃទី៨ មីនា) លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានឆ្លើយតបរួចហើយចំពោះសំណើនេះគឺកម្ពុជាឯកភាពចំពោះកាលបរិច្ឆេទនៃកិច្ចប្រជុំនោះ ។ លោកកុយ គួង ថ្លែងបន្តទៀតថា «នៅក្នុងលិខិតមួយច្បាប់ផ្ញើជូនលោកណាតាឡេហ្គាវ៉ា លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង បានសរសេរថា កិច្ចប្រជុំនោះត្រូវតែរៀបចំឡើងដោយមានការចូលរួមពីប្រធានអាស៊ាន ឬតំណាងអាស៊ានយ៉ាងហោចណាស់ក៏បានចូលរួមក្នុងពិធីបើកកិច្ចប្រជុំដែរ ។ រួចនៅពេលកិច្ចប្រជុំចប់ កម្ពុជា និងថៃត្រូវតែរាយការណ៍ពីលទ្ធផលនៃការប្រជុំជូនទៅប្រធានអាស៊ាន» ។ កម្ពុជាសង្ឃឹមថា ថៃនឹងឯកភាពចំពោះសំណើបើកកិច្ចប្រជុំនោះដែរ ។ ទោះបីជាបែបណា ខាងភាគីថៃមិនទាន់ឆ្លើយតបយ៉ាងណាចំពោះសំណើរបស់ប្រធានអាស៊ាននោះនៅឡើយទេ ។ អ្នកសង្កេតការណ៍កំពុងតាមឃ្លាំមើលឥរិយាបថរបស់ថៃ ៕
ចែករំលែកព័តមាននេះ