ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពាន​ក្រោម​ដី​អតីត​រង្វង់​មូល​ចោម​ចៅ​ដំណើរការ​បាន​៤០​ភាគរយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ អះអាង​ថា សំណង់​ស្ពាន​ថ្នល់​នៅ​ផ្លូវបំបែក​អតីត​រង្វង់​មូល​ចោម​ចៅ​ដំណើរការ​សាង់សង់​បាន​៤០​ភាគរយ​ហើយ ខណៈ​ក្នុង​គម្រោង​អាច​នឹង​បញ្ចប់​មុន​ចុងឆ្នាំ​២០២១​។ លោក សាំ ពិសិដ្ឋ…

រាជធានី​ភ្នំពេញ ៖ មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ អះអាង​ថា សំណង់​ស្ពាន​ថ្នល់​នៅ​ផ្លូវបំបែក​អតីត​រង្វង់​មូល​ចោម​ចៅ​ដំណើរការ​សាង់សង់​បាន​៤០​ភាគរយ​ហើយ ខណៈ​ក្នុង​គម្រោង​អាច​នឹង​បញ្ចប់​មុន​ចុងឆ្នាំ​២០២១​។

លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បានអោយ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ មីនា​នេះ​ថា មក​ដល់​ពេល​នេះ សំណង់​ស្ពាន​ថ្នល់​នៅ​ផ្លូវបំបែក​ចោម​ចៅ ត្រូវ​បាន​ដំណើរ​សាងសង់​ស្ទើរតែ​រួចរាល់​នូវ​អាង​ក្រោម​ដី​ចំនួន​២ ផ្លូវ​ក្រោម​ដី​ចំនួន​២ និង​ការ​ពង្រីក​ផ្លូវ​សងខាង​នៅ​ត្រង់​ចំណុច​គម្រោង​ដែល​ត្រូវ​អភិវឌ្ឍន៍​។ លោក​បន្ត​ថា ក្រុម​ជំនាញ​កំពុង​មមាញឹក​ក្នុង​ការ​ស្ថាបនា​សំណង់​ស្ពាន​ថ្នល់​នេះ ឲ្យ​បាន​សម្រេច​តាម​ផែនការ​ដែល​បាន​គ្រោងទុក​។

មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានអោយ​ដឹង​ថា សំណង់​ស្ពាន​ថ្នល់​នៅ​ផ្លូវបំបែក​ចោម​ចៅ​នេះ ត្រូវ​បាន​បើក​ការដ្ឋាន​សាងសង់ ក្រោម​អធិបតីភាព​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា នៅ​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០១៨ ក្នុង​គម្រោង​ចំណាយ​ថវិកា​ប្រមាណ​២២​លាន​ដុល្លា​អា​មេ​រិ​ក ដែល​អនុវត្ត​ដោយ​ក្រុមហ៊ុន​ម៉ៅ​ការ OCIC របស់​លោក​ឧកញ៉ា ពង់ ឃៀវ​សែ​។

មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានអោយ​ដឹង​ថា សំណង់​នេះ មាន​ស្ពាន​អាកាស​ចំនួន​៣​ខ្សែ និង​ផ្លូវ​ក្រោម​ដី​ចំនួន​១​ខ្សែ ដែល​មាន​ស្ពាន​អាកាស​មេ​ទី​១ ត​ភ្ជាប់​ចរាចរណ៍​ពី​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី និង​ផ្លូវជាតិ​លេខ​៣ ដោយ​មាន​ប្រវែង​សរុប​៤០៨ ម៉ែត្រ ទទឹង​១៥,៨​ម៉ែត្រ មាន​ចរាចរ​ចំនួន​ពីរ​គន្លង​ទៅ និង​ចំនួន​ពីរ​គន្លង​មក​។

ស្ពាន​អាកាស​ទី​២-​គឺ​បំបែក​ចេញពី​ស្ពាន​អាកាស​មេ​ទី​១ បត់​ឆ្វេង​ត​ភ្ជាប់​ចរាចរណ៍​ពី​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី​ឆ្ពោះទៅ​ផ្លូវ​វេ​ង​ស្រេង សម្រាប់​តែ​ចរាចរណ៍​មួយ​ទិស​ប៉ុ​ណ្ណះ ដោយ​មួយ​គន្លង​សម្រាប់​ថ​យន្ត និង​មួយ​គន្លង​ទោចក្រយានយន្ត មាន​ប្រវែង​សរុប​២០២​ម៉ែត្រ និង​មាន​ទទឹង​៥,២៥​ម៉ែត្រ​។

ស្ពាន​ទី​៣-​ជា​ស្ពាន​កោង​បត់​ឆ្វេង​ត​ភ្ជាប់​ចរាចរ​ពី​ផ្លូវ​វេ​ង​ស្រេង មក​ផ្លូវជាតិ​លេខ​៣ មាន​ប្រវែង​សរុប ២០៦​ម៉ែត្រ មាន​ទទឹង​៥,២៥​ម៉ែត្រ សម្រាប់​ចរាចរ​មួយ​ទិស ដែល​មាន​មួយ​គន្លង​រថយន្ត និង​មួយ​គន្លង​ទោចក្រយានយន្ត​។

មន្ត្រី​ដដែល​ដ​ដែរ​បាន​បញ្ជាក់​ថា ចំណែក​ផ្លូវ​ក្រោម​ដី គឺជា​ផ្លូវ​កោង​ត​ភ្ជាប់​ចរាចរណ៍​ពី​ផ្លូវ​វេ​ង​ស្រេង មក​ផ្លូវជាតិ​លេខ​៤ មាន​ប្រវែង​សរុប ១៣០​ម៉ែត្រ មាន​ទទឹង​៨,៥​ម៉ែត្រ សម្រាប់​ចរាចរ​មួយ​ទិស ដែល​មាន​ពីរ​គន្លង រថយន្ត និង​មួយ​គន្លង​ទោចក្រយានយន្ត ចំណែក​ផ្លូវ​ក្រោម​ដី​មួយទៀត ជា​ផ្លូវ​ត​ភ្ជាប់​ចរាចរណ៍​ពី​ផ្លូវជាតិ​លេខ​៤ មក​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ដែល​មាន​ប្រវែង​សរុប​៤៧០​ម៉ែត្រ មាន​ទទឹង​៨,៥​ម៉ែត្រ សម្រាប់​ចរាចរណ៍​មួយ​ទិស ដែល​មាន​ពីរ​គន្លង​រថយន្ត និង​មួយ​គន្លង​ទោចក្រយានយន្ត​។

ជាមួយ​គ្នា​នេះ ក៏​មាន​ផ្លូវ​លើ​ផ្ទៃដី ដែល​ត​ភ្ជាប់​ចរាចរណ៍​ពី​ផ្លូវជាតិ​លេខ​៤ មក​ផ្លូវ​វេ​ង​ស្រេង មាន​ប្រវែង​សរុប​២៣៥​ម៉ែត្រ មាន​ទទឹង​៨,៥​ម៉ែត្រ សម្រាប់​ចរាចរណ៍​មួយ​ទិស ដែល​មាន​ពីរ​គន្លង​រថយន្ត និង​មួយ​គន្លង​ទោចក្រយានយន្ត​ផង​ដែរ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ