បន្ទាប់ពីការរញ្ជួយដីយ៉ាងខ្លាំងបំផុតពុំធ្លាប់ដែលមាននៅជប៉ុន ការព្រួយបារម្ភយ៉ាងខ្លាំងក្លាបំផុតគឺចំពោះសភាពការណ៍ក្នុងមជ្ឈមណ្ឌលនុយក្លេអ៊ែរ ២នៅហ្វូគូស៊ីម៉ា ចម្ងាយ២៥០គីឡូម៉ែត្រ ខាងជើងក្រុងតូក្យូ ។ ការផ្ទុះមួយកើតមាននៅមជ្ឈមណ្ឌលនុយក្លេអ៊ែរ ហ្វូគូស៊ីម៉ា ទីមួយ ។ ដំបូល និងជញ្ជាំងរបស់អគាររេអាក់ទ័រ នៅទីនោះបានបាក់ ។ វិទ្យុសកម្មមានខ្ពស់ជាងកម្រិតមធ្យមនៅទីតាំងនោះ ។ អាជ្ញាធរអះអាងថា គ្រោះថ្នាក់វិទ្យុសកម្មមានកម្រិត៤ ក្នុងចំណោមកម្រិត៧ ។ ចំណែករេអាក់ទ័រទី២ មានសញ្ញានៃបញ្ហាជាមួយគ្រោះថ្នាក់នៃការផ្ទុះ ។ គ្រាប់ស្ករអ៊ីយ៉ូតត្រូវបានចែកចាយដល់ប្រជាជនទាំងឡាយ ។ ពួកអ្នករស់នៅ ក្នុងរង្វង់២០គីឡូម៉ែត្រ ជុំវិញទីតាំងនុយក្លេអ៊ែរ នោះត្រូវជម្លៀសចេញ ។ មនុស្ស៣នាក់ ដែលទទួលការធ្វើតេស្តរកឃើញវិទ្យុសកម្ម ។
តុល្យការបណ្តោះអាសន្ននៃគ្រោះរញ្ជួយដីនេះអ្នកស្លាប់ និងបាត់ខ្លួនឡើងដល់១.៨០០នាក់ ។ សាកសពមនុស្សរវាងពី៣០០ទៅ៤០០នាក់ ត្រូវបានរកឃើញក្នុងកំពង់ផែមួយនាភាគឦសានជប៉ុន ។ ហើយអាជ្ញាធរបានបាត់ដំណឹងពីប្រជាជនប្រមាណជា១០.០០០នាក់នៅមីណាមីសាន់រីកូ ជាទីក្រុងកំពង់ផែមួយនៅភាគឦសាន ដែលរងការប៉ះពាល់ខ្លាំងជាងគេដោយការរញ្ជួយដី និងរលកយក្សស៊ូណាមី ។ រដ្ឋាភីបាលជប៉ុននិយាយថា នេះជាការរញ្ជួយខ្លាំងបំផុតនៅជប៉ុនចាប់តាំងពីសករាជ MEIJI (ឆ្នាំ១៨៦៨ ដល់ឆ្នាំ១៩១២) មក ហើយ គេគិតថា មនុស្សជាច្រើនពាន់នាក់ត្រូវស្លាប់ ។ កងទ័ពជប៉ុនបានរកឃើញសាកសពមនុស្សពី៣០០ទៅ៤០០នាក់ នៅកំពង់ផែរីគូ ហ្សេនតាកាតា ។ លើសពីនេះទៀត សាកសពមនុស្សរវាងពី២០០ទៅ៣០០នាក់ត្រូវបានរកឃើញនៅកន្លែងកំសាន្តមាត់សមុទ្រសេនដាយ (ក្រុងមីយ៉ាហ្ស៊ី) ក្រោយរលកយក្សស៊ូណាមី កម្ពស់១០ម៉ែត្រនៅទីនោះ ។
គ្រោះថ្នាក់នុយក្លេអ៊ែរចំបងនៅមជ្ឈមណ្ឌលនុយក្លេអ៊ែរហ្វូគូស៊ីម៉ាលេខ១ ស្ថិតនៅភាគឦសានជប៉ុនដែរ គឺការផ្ទុះកើតឡើងនាថ្ងៃទី១២ មីនា វេលាម៉ោង១៥និង៣៦នាទីម៉ោងក្នុងស្រុក ដែលតាមទូរទស្សន៍រដ្ឋ NHK ថា បណ្តាលឱ្យមនុស្សរបួសជាច្រើននាក់ក្នុងចំណោមនិយោជិត។ ក្នុងករណីមានពពកវិទ្យុសកម្ម វិទ្យុសកម្មនេះ នឹងអាចប៉ះពាល់ដល់ឧបទ្វីបកាំឆាត់ការ របស់រុស្ស៊ី យ៉ាងហោចណាស់ក៏រយៈពេល១៤ម៉ោងដែរ ។ ក្រុងមីណាមី សាន់រីគូ មានប្រជាជន១៧.០០០នាក់ អាជ្ញាធរនិយាយថា បាត់ដំណឹងពីមនុស្សប្រមាណជា១០.០០០នាក់ ។ ក្នុងទីក្រុងនេះ ហាក់ដូចជានៅសល់អគារតែ៣ប៉ុណ្ណោះ មន្ទីរពេទ្យមួយ និងទីតាំងរៀបការមួយកន្លែង ព្រមទាំងអគារមួយទៀត ក្រៅពីនោះត្រូវបំផ្លាញខ្ទេច ៕



ចែករំលែកព័តមាននេះ