ខេត្តប៉ៃលិន ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ប្រជាពលរដ្ឋរស់នៅក្នុងខេត្តប៉ៃលិន ជាច្រើននាក់ បាននិយាយខ្សឹបខ្សៀវគ្នានៅតាមតុក្នុងហាងបាយ កាហ្វេ គុយទាវ ក្នុងក្រុងប៉ៃលិន រហូតដល់អ្នកខ្លះទៀត ធ្វើប្រជាពលរដ្ឋនៅក្នុងខេត្តប៉ៃលិនមានការភ័យបារម្ភគ្រប់ៗគ្នា ខណៈដែលមានការដាក់តាំងពិព័រណ៍នៅមុខសាលាខេត្តយ៉ាងរំភើយ ហាក់ដូចជាមិនខ្វល់ពីបញ្ហាវីរុស COVID-19 ដែលកំពុងតែវាយលុកអ្វីបន្តិចទាល់តែសោះ ។ ពិព័រណ៍ដែលគេចាប់ផ្តើមសង់រោងរួចរាល់ ដើម្បីនឹងដាក់តាំងពិព័រណ៍ ស្ថិតនៅសួនកុមារ មុខសាលាខេត្តប៉ៃលិន ក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ។
បើតាមប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងខេត្តប៉ៃលិន បានឱ្យដឹងថា បន្ទាប់ពីប្រទេសកម្ពុជាមានករណីមនុស្សឆ្លងវីរុស COVID-19 នេះ ហើយប្រទេសនានាជាច្រើនកំពុងតែកើតជំងឺនេះតៗគ្នា បណ្តាលឱ្យមានការបាត់បង់ជីវិតជាច្រើននាក់ និងអ្នកខ្លះទៀតកំពុងដេកសម្រាកព្យាបាលនៅកន្លែងដាច់ដោយឡែកក្នុងមន្ទីរពេទ្យ ។
ចំណែកឯសាលារៀននៅទូទាំងប្រទេសកម្ពុជា ត្រូវបានក្រសួងអប់រំយុវជន និងកីឡា ចេញលិខិតបិទទ្វារ ហើយឱ្យសិស្សានុស្សទាំងអស់ឈប់សម្រាកវិស្សមកាលរយ:ពេលខ្លីមុនពេលកំណត់ ដោយក្រសួងបានចេញសេចក្តីប្រកាសកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០កន្លងទៅ ។ ស្រាប់តែរហូតមកដល់ពេលនេះ បែរជាគេឃើញមានការអនុញ្ញាតិឱ្យដាក់តាំងពិព័រណ៍នៅមុខបរិវេណសាលាខេត្តទៅវិញ មិនដឹងជាគេយល់ឃើញយ៉ាងម៉េច ព្រោះជំងឺនេះ អាចនឹងឆ្លង ខណៈពេលដែលប្រជាពលរដ្ឋនាំគ្នាដើរទិញឥវ៉ាន់ ឬបើមានភ្ញៀវដែលមានជំងឺមួយនេះ អាចនឹងឆ្លងបន្តគ្នាជាក់ជាមិនខាន ។
ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ លោក អ៊ុន ប៊ុនលី នាយករដ្ឋបាលសាលាខេត្ត បានឱ្យដឹងកាលពីម៉ោង៩និង៣៤នាទីព្រឹក ថ្ងៃទី១៧ ខែមីនា នេះថា ការងារនេះ ខាងខេត្តអត់ទាន់ដឹងទេ ដោយលោកក្តាប់អត់ទាន់បាននៅឡើយទេ បើចង់ដឹងច្បាស់ សូមទាក់ទងទៅខាងប្រធានមន្ទីរពាណិជ្ជកម្មខេត្ត ព្រោះគាត់ជាអ្នកនាំចូលមក ។
ចំណែកលោក សុខ សាធីម ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត បានឱ្យដឹងដែរថា ខាងវិស័យឯកជន គឺជាអ្នករៀបចំធ្វើពិធីនេះឡើងដោយមានរយ:ពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៧-២១ ខែមីនា ។ ហើយភាគច្រើនគេបើកលក់ដូរនៅពេលយប់ ព្រោះពេលថ្ងៃអ្នកលក់ដូរគេសម្រាកបិទតូប ក៏មានការលក់ដូរពេលថ្ងៃខ្លះៗដែរ ។
លោកបន្តទៀតថា ចំពោះការដាក់តាំងពិព័រណ៍នេះ គឺខ្មែរយើង អ្នកមកពីខេត្តបាត់ដំបង ដោយមើលទៅដូចជាមិនមានអ្វីកើតឡើងគួរឱ្យព្រួយបារម្ភនោះទេ ណាមួយគេធ្វើមិនគ្រប់ផែនការផងដែរ ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ