ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​ប្រកាស​ផ្ទេរ និង​ចូល​កាន់​មុខ​តំណែង​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ លោក ផា​ន់ ចាន់​ធុ​ល អភិបាលខេត្ត​ប៉ៃលិន បាន​ស្នើ​សុំ​ឱ្យ​មន្ត្រី​សមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ ត្រូវ​តែ​ប្រែក្លាយ​ពី​ចៅហ្វាយ​ទៅ​ជា​អ្នកបម្រើ​ស្មោះស្ម័គ្រ​ជូន​ប្រជាពលរដ្ឋ ដើម្បី​ទទួល​បាន​នូវ​ការ​ស្រឡាញ់​រាប់អាន​ពី​សំណាក់​ពួក​គាត់​ផង​ដែរ…

ខេត្ត​ប៉ៃលិន ៖ លោក ផា​ន់ ចាន់​ធុ​ល អភិបាលខេត្ត​ប៉ៃលិន បាន​ស្នើ​សុំ​ឱ្យ​មន្ត្រី​សមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ ត្រូវ​តែ​ប្រែក្លាយ​ពី​ចៅហ្វាយ​ទៅ​ជា​អ្នកបម្រើ​ស្មោះស្ម័គ្រ​ជូន​ប្រជាពលរដ្ឋ ដើម្បី​ទទួល​បាន​នូវ​ការ​ស្រឡាញ់​រាប់អាន​ពី​សំណាក់​ពួក​គាត់​ផង​ដែរ ។

លោក​អភិបាលខេត្ត​បាន​លើក​ឡើង​បែប​នេះ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២០ នៅ សាល​ប្រជុំ​សាលាខេត្ត ក្នុង​ពិធី​ប្រកាស​ផ្ទេរ និង​ចូល​កាន់​មុខ​តំណែង​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ។

លោក​អភិបាលខេត្ត​បន្ត​ទៀត​ថា ជា​ពិសេស សូម​យក​ឱកាស​នេះ​ទាញ​យក​នូវ​ចំណាប់អារម្មណ៍​ដល់​ប្រធាន​សាលាដំបូង​ខេត្ត ព្រះរាជអាជ្ញា ព្រះរាជអាជ្ញា​រង និង​ចៅក្រម​ផង​ដែរ ព្រោះ​តុលាការ ជា​អង្គភាព​មួយ​ឯករាជ្យ សូម​ឱ្យ​ធ្វើការ​កាត់ទោស​តាម​សេចក្តី​យុត្តិធម៌ ។ ប៉ុន្តែ​នៅ​ពេល​ខ្លះ ក៏​មានការ​ថ្នាំងថ្នាក់​ពី​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែរ ដោយ​ពួក​គាត់​លើក​ឡើង​ថា មានការ​អយុត្តិធម៌​ចំពោះ​ខ្លួន ។

លោក​អភិបាលខេត្ត​បញ្ជាក់​ថា ទោះបីជា​តុលាការ​ស្ថិត​ក្នុង​ការ​ឯករាជ្យ​ក៏​ដោយ តែ​យើង​ទាំងអស់​គ្នា គឺ​ស្ថិត​នៅ​ក្រោម​ដំបូល​រាជរដ្ឋាភិបាល​តែ​មួយ ត្រូវ​តែ​រួម​សហការ​គ្នា​ធ្វើ​កិច្ចការ​ឱ្យ​បាន​ល្អ និង​គោរព​ច្បាប់រដ្ឋធម្មនុញ្ញ ។ លើស​ពី​នេះ បើ​គ្មាន​សន្តិភាព គ្មាន​គណបក្ស​ប្រជាជន​ឈរ​កាន់​តំណែង​ទេ យើង​ទាំងអស់​គ្នា ក៏​មិន​អាច​ឈរ​នៅ​ទី​នេះ ទាំង​តុលាការ ក៏​មិន​អាច​ឈរ​កាត់ក្តី​បាន​ដែរ ដូច្នេះ​ហើយ ទើប​យើង​ត្រូវការ​សន្តិភាព ត្រូវការ​គណបក្ស​ប្រជាជន​កម្ពុជា​ដឹកនាំ​ប្រទេស​បន្ត​ទៀត ។ យើង​ត្រូវ​តែ​ទទួលខុសត្រូវ​រវាង​ការងារ​បក្ស និង​ការងារ​ជូន​ប្រជាពលរដ្ឋ ដោយ​ទទួលខុសត្រូវ​ទាំង​ផ្នែក​បក្ស ផ្នែក​ក្នុង​ស្ថាប័ន​របស់​ខ្លួន ។ ម្យ៉ាងវិញទៀត ត្រូវ​ឱ្យ​ខាង​តុលាការ សហការ​ជាមួយនឹង​រដ្ឋបាល​ខេត្ត​ប៉ៃលិន សុំ​ឱ្យ​កែ​លម្អ​គ្នា​ទៅ​វិញ​ទៅ​មក ។

លោក​អភិបាល​បាន​បញ្ជាក់​ថា ស្ថាប័ន​តុលាការ​ឯករាជ្យ​បាន​តែ​នៅ​ពេល​កាន់​សំណុំរឿង​កិច្ចការ​របស់​ខ្លួន​ប៉ុណ្ណោះ តែ​ត្រូវ​ស្ថិត​នៅ​ក្រោម​ដំបូល​របស់​រាជរដ្ឋាភិបាល​តែ​មួយ ។ ដូច្នេះ​សូម​ឱ្យ​ព្រះរាជ​អាជ្ញាធរ​អម​សាលាដំបូង​ខេត្ត ដែល​ទើបនឹង​ប្តូរ​មក​ថ្មី ត្រូវ​តែ​យកចិត្តទុកដាក់ សាមគ្គី​ផ្ទៃក្នុង សហការ​ជាមួយ​រដ្ឋបាល​ខេត្ត ដោយ​ស្មោះត្រង់ ចាត់វិធានការ ទប់ស្កាត់ បង្ក្រាប​បទល្មើស​នានា ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ប៉ៃលិន​ឱ្យ​ទទួល​ជោគជ័យ​ផង​ដែរ ។ អ្វី​ដែល​សំខាន់​នៅ​ថ្ងៃ​ខាង​មុខ គឺ​ខាង​ខេត្ត​ត្រូវ​ចាត់​ឱ្យ​ខាង​មន្ទីរ​មុខងារសាធារណ​: ចុះ​ត្រួតពិនិត្យ​មន្ត្រី​តុលាការ ក្រប​ខណ្ឌ​ខ្លះ បែរជា​អត់​មានការ​ងារ​ធ្វើ តែ​មន្ត្រី​ក្រៅ​ក្រប​ខណ្ឌ បែរជា​ធ្វើការ​ជំនួស ដូច្នេះ​សូម​ឱ្យ​ត្រួតពិនិត្យ​ឡើង​វិញ ក៏​ត្រូវ​ឱ្យ​ពង្រឹងសមត្ថភាព​មន្ត្រី​នគរបាល​យុត្តិធម៌ និង​ទប់ស្កាត់​ទំនិញគេចពន្ធ​នៅ​តាម​ច្រករបៀង​ឱ្យ​បាន​ដាច់ខាត ត្រូវ​គោរព​ឱ្យ​បាន ខ្ជាប់ខ្ជួន​ទៅ​តាម​គោលការណ៍​ច្បាប់​ជា​ធរមាន ។

លោក តូច សុភ​ក្តី អតីត​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន ដែល​កាន់​តំណែង​នៅ​ក្នុង​ខេត្ត​ប៉ៃលិន អស់​រយ​:​ពេល​៣​ឆ្នាំ ហើយ​ត្រូវ​បាន​ប្តូរ​ទៅ​កាន់​ខេត្តឧត្តរមានជ័យ បានឱ្យ​ដឹង​ថា លោក​សូម​ថ្លែងអំណរគុណ​ដល់​ប្រធាន​សាលាដំបូង ចៅក្រម ព្រះរាជអាជ្ញា​រង និង ក្រុមការងារ​មន្ត្រី​សាលាដំបូង ដែល​បាន​រាប់អាន និង​ស្រឡាញ់​ដល់​លោក​ដូច​ជា​បងប្អូន ក្នុង​ការ​ធ្វើ​កិច្ចការ​ជាមួយ​គ្នា​យ៉ាង​រលូន ។ លោក​បន្ត​ទៀត​ថា លោក​ក៏​សូម​អរគុណ​ដល់​អាជ្ញាធរ​ខេត្ត​ប៉ៃលិន មន្ត្រី​សមត្ថកិច្ច​នគរបាល ដែល​បាន​ផ្តល់​កិច្ចសហការ​យ៉ាង​យកចិត្តទុកដាក់ ដើម្បី​ធ្វើការ​ជាមួយ​គ្នា​នៅ​ក្នុង​ខេត្ត​ប៉ៃលិន ។

លោក គង់ ចាន់​ខេ​ម​រិ​ន ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តស្វាយរៀង ដែល​ទើបនឹង​ប្រកាស​តែងតាំង​ឱ្យ​កាន់​តំណែង​ព្រះរាជអាជ្ញា​ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ថា លោក​នឹង​ខិតខំ​ប្រឹងប្រែង​ធ្វើ​កិច្ច​ការងារ​ឱ្យ​បាន​ល្អ​ប្រសើរ ។ លោក​បន្ត​ទៀត​ថា នឹង​ត្រៀមលក្ខណ​:​ជា​និច្ច ហើយ​សង្ឃឹមថានឹង​ទទួល​បាន​នូវ​បទ​ពិសោធន៍​ល្អ​ៗ ពំ​ណា​ក់​អស់លោក លោកស្រី នៅ​តាម​មន្ទីរ​នានា​ក្នុង​ខេត្ត ។ លោក​ក៏​ប្តេជ្ញា​ចិត្ត គោរព​ច្បាប់រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចូលរួម​អនុវត្ត​យុត្តិសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល ។ គោរព​ក្រមសីលធម៌​វិជ្ជាជីវ និង​បទបញ្ជាផ្ទៃក្នុង និង​ពង្រឹង​ផ្ទៃក្នុង​ឱ្យ​បាន​ល្អ ដោយ​សហការ​ជាមួយនឹង​មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់ នៅ​គ្រប់​មន្ទីរ​ទាំងអស់ ដោយ​ធ្វើការ​ជាមួយ​គ្នា​យ៉ាង​រលូន ។

សូម​បញ្ជាក់​ថា ការ​ប្រកាស​នា​ពេល​នេះ គឺ​ត្រូវ​ប្តូ​រលោក តូច សុភ​ក្តី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន ឱ្យទៅ​ធ្វើ​ជា​ព្រះរាជអាជ្ញា​ខេត្តឧត្តរមានជ័យ ហើយ​លោក គង់ ចាន់​ខេ​ម​រិ​ន ប្តូរ​ពី​ព្រះរាជអាជ្ញា​ខេត្តស្វាយរៀង មក​ធ្វើ​ជា​ព្រះរាជអាជ្ញា​ខេត្ត​ប៉ៃលិន ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ