ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បិច​ឆបោក​លក់​ម៉ាស​តាម Facebook! ស្ត្រី​រង​គ្រោះ​ខាត​អស់​14000$

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ជា​អ្នក​លក់ដូរ​តាម​ប្រព័ន្ធ Facebook បាន​ជឿ​ទុកចិត្ត​ស្ត្រី​ម្នាក់​ទៀត​ជា​អ្នកលក់​ម៉ាស ដោយ​ធានា​អះអាង​ថា ៣​ថ្ងៃ​នឹង​ប្រគល់​ម៉ាស​ឱ្យ តែ​បែរជា​ក្បត់ពាក្យសន្យា​ធ្វើ​ឱ្យ​ជន​រង​គ្រោះ​ខាត​អស់ 14000$…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ជា​អ្នក​លក់ដូរ​តាម​ប្រព័ន្ធ Facebook បាន​ជឿ​ទុកចិត្ត​ស្ត្រី​ម្នាក់​ទៀត​ជា​អ្នកលក់​ម៉ាស ដោយ​ធានា​អះអាង​ថា ៣​ថ្ងៃ​នឹង​ប្រគល់​ម៉ាស​ឱ្យ តែ​បែរជា​ក្បត់ពាក្យសន្យា​ធ្វើ​ឱ្យ​ជន​រង​គ្រោះ​ខាត​អស់ 14000$ ក្រោយមក​ជនសង្ស័យ​ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​យក​ទៅ​សួរនាំ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​7​យប់ ថ្ងៃ​ទី​15 ខែមីនា ឆ្នាំ​2020 តាម​បណ្តោយ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ នៅ​ចំណុច​ព្រះ​គន្លង សង្កាត់​ផ្សារ​កណ្តាល​1 ខណ្ឌដូនពេញ ។

តាម​ប្រភព​ពី​ជន​រង​គ្រោះ​មានឈ្មោះ​ចាន់ ហេង ភេទ​ស្រី អាយុ​31​ឆ្នាំ មុខរបរ​លក់​តាម​អន​ឡាយ បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ រូប​គាត់ (​ជន​រង​គ្រោះ​) បាន​ជឿ និង​ទុកចិត្ត​ទៅ​លើ​ស្ត្រី​ឆបោក​ម្នាក់​មានឈ្មោះ​ថា​ច ធី​ហាំ​ង ភេទ​ស្រី អាយុ​23​ឆ្នាំ ស្នាក់​នៅ​ភូមិ​វត្ត​លៀប ឃុំចំការ​​សំរោង ខេត្តបាត់ដំបង ជា​អ្នក​រកស៊ី​លក់​ម៉ាស​តាម Facebook ។

ជន​រង​គ្រោះ​បន្ត​ថា ពេល​នោះ​រូប​គាត់​ឃើញ​ថា ម៉ាស​មួយ​ប្រអប់​តម្លៃ 4$ ទើប​រូប​គាត់​ហ៊ាន​កំ​ម៉ុង​ទិញ​ពី​ស្ត្រី​ឆបោក​នោះ​រហូត​ទៅ​ដល់​800​ប្រអប់ រួច​ហើយ​កក់​លុយ​ក្នុង​តម្លៃ 1600$ ហើយ​ស្ត្រី​ឆបោក​នោះ​បាន​សន្យា​ថា រយៈពេល​3​ថ្ងៃ​នឹង​ដឹក​យក​ម៉ាស​ឱ្យ ។ ដោយ​ការ​សន្យា​របស់​ស្ត្រី​ឆបោក​​ថា​៣​ថ្ងៃ​នឹង​ដឹក​ម៉ាស​យក​មក​ឱ្យ​ដូច្នេះ ស្ត្រី​រង​គ្រោះ​ក៏​បាន​លក់​ម៉ាស​ទាំង​៨០០​ប្រអប់​ដែល​ខ្លួន​កំ​ម៉ុង​ពី​ស្ត្រី​ឆបោក​នោះ​ទៅ​ឱ្យ​អតិថិជន​របស់​ខ្លួន​បន្ត​ទៀត​។

ជន​រង​គ្រោះ​បន្ត​ថា ប៉ុន្តែ​រហូត​ដល់​ថ្ងៃ​កំណត់​ស្ត្រី​ឆបោក​ខាងលើ​នេះ កុហក់​ថា​ខ្លួន​នឹង​ដឹក​យក​ម៉ាស​​ឱ្យ ប៉ុន្តែ​ជន​រង​គ្រោះ​រង់ចាំ​រហូត​អស់​រយៈពេល​ជិត​១​ខែ​ហើយ នៅ​តែ​មិនឃើញ​ម៉ាស​យក​មក​ទៀត ទើប​ស្ត្រី​រង​គ្រោះ​កំ​ម៉ុង​ពី​ម៉ាស​ពី​អ្នក​ផ្សេង​ម្នាក់​ទៀត​ក្នុង​តម្លៃ 18$ ក្នុង​មួយ​ប្រអប់ ដើម្បី​យក​ម៉ាស​នោះ​ទៅ​ឱ្យ​អតិថិជន​របស់​ខ្លួន​ដែល​កំ​ម៉ុង​ពី​ស្ត្រី​រង​គ្រោះ កុំឱ្យ​អតិថិជន​ខកចិត្ត​។

ជន​រង​គ្រោះ​បន្ត​ទៀត​ថា លុះ​លើក​ទី​២ ស្ត្រី​ឆបោក​នោះ​ក៏​កុហក​ទៀត​ថា ម៉ាស​នោះ​មិន​ទាន់​បាន​យក​មក​ដល់​ឱ្យ​ជន​រង​គ្រោះ​ទេ រង់ចាំ​បន្តិច ។ ប៉ុន្តែ​ភ្លាម​ៗ​នោះ​ដែរ នៅ​ថ្ងៃ​កើតហេតុ​ខាងលើ ជន​រង​គ្រោះ​ក៏​ប្រទះ​ឃើញ​ជនសង្ស័យ​នៅ​តាម​ផ្លូវ ដោយ​ជនសង្ស័យ​បាន​បោក​លុយ​ជន​រង​គ្រោះ​តាម​រយៈ​ការ​លក់​ម៉ាស ពេល​នោះ​ជន​រង​គ្រោះ​ក៏​ធ្វើការ​ឃាត់​ជនសង្ស័យ​យក​ទៅ​ឱ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​ទឹក​ល្អក់​៣ ដើម្បី​សួរនាំ ប៉ុន្តែ​ត្រូវ​មេធាវី​ស្រី​របស់​ជនសង្ស័យ មក​ដល់​ឡូឡា និង​ឈ្លោះប្រកែក​ជា​មួយនឹង​សមត្ថកិច្ច ដោយ​ហាមឃាត់​សមត្ថកិច្ច​មិន​ឱ្យ​ឃាត់​កូនក្តី​របស់​គាត់​ថែម​ទៀត ។

ចំណែក​ស្ត្រី​រង​គ្រោះ​បើ​សរុប​ទៅ ទាំង​ការ​កំ​ម៉ុង​កក់​លុយ​ឱ្យ​ស្ត្រី​ឆបោក រួច​លក់​ឱ្យ​អតិថិជន​របស់​ខ្លួន ហើយ​ស្ត្រី​នោះ​មិន​បាន​យក​ម៉ាស​ឱ្យ​ជន​រង​គ្រោះ ធ្វើ​ឱ្យ​ជន​រង​គ្រោះ​ត្រូវ​កំ​ម៉ុង​ម៉ាស​ពី​អ្នក​ផ្សេង​ទៀត​ដើម្បី​យក​ឱ្យ​អតិថិជន​របស់​ខ្លួន​នោះ ព្រមទាំង​ការ​ដឹក​ជញ្ជូន​ទៀត គឺ​ស្ត្រី​រង​គ្រោះ​ខាតបង់​លុយ​សរុប​ទាំងអស់​14000$ ។

ក្រោយ​ពេល​កើតហេតុ​ខាងលើ​នេះ ជនសង្ស័យ​រូប​នេះ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​​ខ្លួន​ទៅ​កាន់​តុលាការ ដើម្បី​ចាត់ការ និង​ដោះស្រាយ​គ្នា​ជា​បន្ត​ទៅ​ទៀត ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ