រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវជាបងថ្លៃស្រីរបស់កញ្ញាសាសា ដែលជាអតីតពិធីការិនីនិងជាតារាសម្ដែងព្រោះតែមានវិបត្តិក្នុងគ្រួសារ ប្រុងលោតពីលើស្ពានអាកាស៧មករាតែមិនបានសម្រេច បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២អធ្រាត្រថ្ងៃទី១៣ មីនា ត្រង់ចំណុចលើស្ពានអាកាស៧មករា ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
តាមប្រភពពីស្ត្រីម្នាក់បានរៀបរាប់ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់និងប្តីជិះម៉ូតូមួយគ្រឿង ទើបតែជិះចេញមកពីកម្មវិធីខួបកំណើតគេនៅផ្សារដើមថ្កូវ បំណងជិះឌុបគ្នាត្រឡប់ទៅផ្ទះនៅឯទួលគោក ដោយធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច ។
ស្របពេលជាមួយគ្នា ក៏មានរថយន្តមួយគ្រឿងទៀតម៉ាកតូយ៉ូតាហាយឡាក់រីវ៉ូរ ពណ៌ស បើកបរដោយស្ត្រី២នាក់ក្នុងទិសដៅស្របទិសគ្នា ដែលត្រូវបានស្គាល់អ្នកបើករថយន្តខាងលើជាអតីតពិធីការិនី និងតារាសម្ដែង គឺកញ្ញា សាសា ដោយរថយន្តបើកបរក្នុងស្ថានភាពរេពេញផ្លូវ និងបើកឈប់ៗបំរុងនិងកៀរម៉ូតូគាត់ថែមទៀតផង ។
លុះពេលបើកមកដល់ចំណុចកើតហេតុ ស្រាប់តែមានស្ត្រីម្នាក់ ដែលជាអ្នករួមដំណើរជាមួយកញ្ញាសាសា បានបើកទ្វាររថយន្តស្ទុះចេញមកខាងក្រៅ រត់ឡើងលើបង្កាន់ដៃស្ពានអាកាស៧មករា ។ តែភ្លាមៗនោះ ប្តី គាត់ក៏បានផ្តួលម៉ូតូរបស់ខ្លួនចោល ហើយស្ទុះទៅជួយចាប់ឃាត់ស្ត្រីដែលគិតខ្លីខាងលើ បានទាន់ពេលវេលា បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះមកធ្វើការអន្តរាគមន៍ភ្លាមៗតែម្ដង។
តាមសម្តីកញ្ញាសាសាបានរៀបរាប់ប្រាប់យ៉ាងខ្លីថា ស្ត្រីដែលគិតខ្លីនេះគឺត្រូវជាបងថ្លៃស្រីរបស់កញ្ញា ។ នៅមុនពេលកើតហេតុ បងថ្លៃស្រីបានផឹកស្រាស្រវឹង ព្រោះតែគាត់មានវិបត្តិក្នុងគ្រួសារ ។ បន្ទាប់មក បងថ្លៃគាត់ស្រវឹងមិនអាចបើករថយន្តត្រឡប់ទៅផ្ទះបាន កញ្ញាក៏សម្រេចបើករថយន្តដឹកបងថ្លៃស្រីញាចេញពីហាងផឹកស៊ីមួយកន្លែងត្រឡប់ទៅផ្ទះរបស់គាត់វិញ ។
ខណៈពេលដែលធ្វើដំណើរតាមដងផ្លូវ គឺបងថ្លៃរបស់កញ្ញា បានបំរុងបើកទ្វារលោតចុះពីលើរថយន្តពីរទៅបីដងរួចមកហើយ តែត្រូវបានកញ្ញាចាប់ទាញដៃជាប់និងនិយាយលួងលោម ។ ខណៈពេលដែលធ្វើដំណើរមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែបងថ្លៃរបស់កញ្ញាបានបើកទ្វាររថយន្តបំរុងលោត ស្ពានអាកាស៧មករា តែសំណងល្អក៏ត្រូវបានប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវរត់មកជួយចាប់ឃាត់ភ្លាមៗ។
ចែករំលែកព័តមាននេះ