ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​អស់ជំនឿ​លើ​ដំណាំ​ម្រេច​ងាក​មក​ដាំ​ដំណាំ​ហុច​ផល​រយៈពេល​ខ្លី​សម្រាប់​រក​ចំណូល​ផ្គត់ផ្គង់​គ្រួសារ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រជា​កសិករ​ដែល​ធ្លាប់​ដាក់​ក្តី​រំពឹង និង​ផ្ញើ​វាសនា​លើ​ដំណាំ​ម្រេច​នា​ពេល​កន្លង​មក​ស្ថិត​នៅ​ឃុំ​ដារ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ស្រាប់តែ​ចូល​មក​ដល់​ដើមឆ្នាំ​២០២០​នេះ បងប្អូន​កសិករ​មួយ​ចំនួន​បាន​បាត់បង់​ជំនឿ​លើ​ដំណាំ​ម្រេច​ដោយសារ​តែ​តម្លៃ​ម្រេច​ធ្លាក់​ចុះ​សឹងតែ​មិន​គ្រប់​ថ្លៃដើម​និង​កម្លាំង​ពលកម្ម​ផង​នោះ បាន​ងាក​មក​បង្កើត​ក្តី​សង្ឃឹមលើ​ការ​ដាំ​ដុះ​ដំណាំ​ប្រើ​ការ​ថែទាំ​ក្នុង​រយៈពេល​ខ្លី ឬ​ដំណាំ​ផ្សេង​ទៀត​ដែល​ឆាប់​ហុច​ផល​វិញ…

រាជធានី​ភ្នំពេញ ៖ ប្រជា​កសិករ​ដែល​ធ្លាប់​ដាក់​ក្តី​រំពឹង និង​ផ្ញើ​វាសនា​លើ​ដំណាំ​ម្រេច​នា​ពេល​កន្លង​មក​ស្ថិត​នៅ​ឃុំ​ដារ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ស្រាប់តែ​ចូល​មក​ដល់​ដើមឆ្នាំ​២០២០​នេះ បងប្អូន​កសិករ​មួយ​ចំនួន​បាន​បាត់បង់​ជំនឿ​លើ​ដំណាំ​ម្រេច​ដោយសារ​តែ​តម្លៃ​ម្រេច​ធ្លាក់​ចុះ​សឹងតែ​មិន​គ្រប់​ថ្លៃដើម​និង​កម្លាំង​ពលកម្ម​ផង​នោះ បាន​ងាក​មក​បង្កើត​ក្តី​សង្ឃឹមលើ​ការ​ដាំ​ដុះ​ដំណាំ​ប្រើ​ការ​ថែទាំ​ក្នុង​រយៈពេល​ខ្លី ឬ​ដំណាំ​ផ្សេង​ទៀត​ដែល​ឆាប់​ហុច​ផល​វិញ ។

លោក នួន ធឿ​ន កសិករ​រស់នៅ​ភូមិ​-​ឃុំ​ខាងលើ​បានឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១៣ ខែមីនា​ថា មូលហេតុ​ដែល​លោក​បោះបង់​ដំណាំ​ម្រេច​ងាក​មក​ដាំ​ឆៃថាវ​ជំនួស​វិញ ដោយសារ​ម្រេច​វា​ងាប់ (​ជំងឺ​), ហើយ​ណាមួយ​តម្លៃ​ម្រេច​ចុះថ្លៃ​មិន​អាច​ឱ្យ​អ្នក​ដាំ​ដុះ​រក​ប្រាក់​ចំណេញ​បាន​នោះ​ទេ ។ កាលពី​ពេល​មុន​ៗ តម្លៃ​ម្រេចខ្មៅ​មាន​តម្លៃ​ល្អ​គ្រាន់បើ គឺ​ថ្លៃ​ពី​៣៨.០០០​ទៅ​៤០.០០០​រៀល​ក្នុង​មួយ​គីឡូក្រាម តែ​មក​ដល់​សព្វថ្ងៃ​វា​បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក​មក​នៅ​ត្រឹមតែ​រង្វង់​ពី ៦.៨០០​ទៅ​៧.០០០​រៀល​ប៉ុណ្ណោះ​ក្នុង​មួយ​គីឡូក្រាម ។

លោក នួន ធឿ​ន បានឱ្យ​ដឹង​ថា «​ខ្ញុំ​បាន​ដក​ដំណាំ​ម្រេច​បោះចោល ហើយ​ងាក​មក​ដាំ​ឆៃថាវ​ជំនួស​ទើបបាន​៣ ឬ​៤​ខែ​លើ​ផ្ទៃដី​សរុប​ជិត​២​ហិ​កតា ។ យើង​ដាំ​ម្រេច​វា​អត់​កើតអីចឹង​យើង​ដាំ​ឆៃថាវ​វា​ឆាប់​បាន​ផល​និង​ឆាប់​បាន​ប្រាក់​ចំណូល​មក​ផ្គត់ផ្គង់​គ្រួសារ​។ ឆៃថាវ​ដល់​ពេល​ត្រូវ​ដក យើង​លក់​ម៉ៅ​ទៅ​ឱ្យ​ឈ្មួញ​ណា​ហ៊ាន​ទិញ​ថ្លៃ គឺ​យើង​លក់​ឱ្យ​អ្នក​នោះ ។ ដាំ​ឆៃថាវ​លើ​ផ្ទៃដី​តែ​៤០ ឬ​៥០​អា (​ប្រមាណ​កន្លះ​ហិ​កតា​ដី​) បាន​ថ្លៃ​៤​លាន​ទៅ​៥​លាន​រៀល ហើយ​កាត់​ចំណាយ​អស់​នៅ​សល់​ប្រាក់​ជាង​១,៥​លាន​រៀល​សម្រាប់​ទុក​ផ្គត់ផ្គង់​គ្រួសារ​»​។

​លោក​បាន​បន្ត​ថា «​នៅ​មួយ​ឆ្នាំ​ចុង​ក្រោយ ខ្ញុំ​មិន​ទទួល​បាន​ផល ឬ​ប្រាក់​ចំណូល​ពី​ដំណាំ​ម្រេច​នេះ​ទេ ព្រោះ​ម្រេច​ចុះថ្លៃ​ខ្លាំង​ណាស់ ។ យើង​ជួល​គេ​បេះ​ចំណាយ​ប្រាក់​អស់​១​លាន​រៀល តែ​នៅ​ពេល​លក់​ចេញ​វិញ​បាន​ប្រាក់​តែ ១,៣​លាន​រៀល នេះ​មិន​ទាន់​គិត​ទៅ​លើ​ការ​ចំណាយ​ថែទាំ​កាលពីដើម​គ្រានោះ​ទេ អីចឹង​បាន​ខ្ញុំ​សម្រេច​ថា​ដក​ជ​ម្លុ​ង​ម្រេច​ចេញ​មក​ដាំ​ឆៃថាវ​ជា​មុខរបរ​ដាំ​ដំណាំ​វិល​ល្ងាច​វិញ​ម្តង​» ។

​បើ​តាម​កសិករ​ដាំ​ម្រេច​រយៈពេល​១៦​ឆ្នាំ​រូប​នេះ​បាន​បន្ត​ថា ម្រេច​របស់​លោក​ចាប់
ផ្តើម​មាន​ជំងឺ ឬ​ងាប់​នៅ​ក្នុង​រយៈពេល​៦​ឆ្នាំ​ចុង​ក្រោយ​នេះ ហើយ​ព្យាយាម​រក​ថ្នាំ​ព្យាបាល​ម្រេច​យ៉ាងណា​ក៏​មិន​អាច​ម្រេច​នៅ​តែ​ងាប់ ហើយ​កសិករ​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់​ខ្លះ​គេ​ដក​ម្រេច​ចោល​មក​ដាំ​កៅស៊ូ ស្វាយចន្ទី​។​ចំណែក​កសិករ​ផ្សេង​ទៀត​ទុក​ដី​ចោល​សុខចិត្ត​ធ្វើការ​សំណាក​ស្រុក​និង​កសិករ​ខ្លះ​ដើរ​ស៊ី​ឈ្មួ​ល​ធ្វើការ​នៅ​ក្នុង​តំបន់​តិចតួច​។​លោក​បាន​បន្ត​ថា «​តាំងពី​ខ្ញុំ​ចុះ​ដាំ​ម្រេច​មក​ដូច​មិន​ដែល​ឃើញ​ខាង​អ្នកជំនាញ​ណា​មក​ធ្វើការ​ណែនាំ​ទេ យើង​ធ្វើ​អ្វី​ៗ​តាម​រយៈ​ការ​យល់​ដឹង​តាម​គ្នា ប្រើ​ថ្នាំ ដាក់​ជី​។​មិន​ទាន់​ឃើញ​ខាង​ណា​មក​ចុះ​ណែនាំ​ឱ្យ​បាន​ពិតប្រាកដ​ផង​។ បើ​តាម​ខ្ញុំ​ដឹង​នៅ​ថ្ងៃ​ខាង​មុខ​ប្រហែល​គ្មាន​អ្នក​ចង់​ដាំ​ម្រេច​ទៀត​ទេ បើ​ទោះបី​តម្លៃ​ម្រេច​ឡើង​ថ្លែ​វិញ ព្រោះ​គ្មាន​លទ្ធភាព តួយ៉ាង​ដូច​រូប​ខ្ញុំ​អស់​លទ្ធភាព​ដាំ​ម្រេច​»​។

លោក​ញ៉ែ​ម សុខ​គា កសិករ​ដែល​ធ្លាប់​ដាំ​ម្រេច​រស់នៅ​ភូមិ​-​ឃុំ​ខាងលើ​បានឱ្យ​ដឹងថា «​មក​ដល់​ពេល​នេះ​យើង​ដាំ​បាន​ស្វាយចន្ទី​បាន​ជាង​១​ពាន់​ដើម ហើយ​មូលហេតុ​ដែល​បោះបង់​ម្រេច​ងាក​មក​ដាំ​ស្វាយចន្ទី គឺ​ដោយសារ​តែ​រត់​មិន​រួច​ទៅ​លើ​ថ្លៃ​ចំណាយ ទាំង​លើ​ការ​ថែទាំ​ម្រេច និង​កម្លាំង​ពលកម្ម​។ ផ្លែ​ម្រេច​ពេល​យើង​បេះ​ហើយ​លក់​ចេញ​វិញ​វា​មិន​រួចខ្លួន (​ខាត​) អីចឹង​នៅ​តស៊ូ​ជាមួយ​ម្រេច​លែង​បាន​ព្រោះ​ធ្លាប់​ខាត​៣​ឆ្នាំ​ជាប់​ៗ​គ្នា ដែល​គិត​ទៅ​ក្នុង​មួយ​ឆ្នាំ​អស់​ខាត​ប្រាក់​ប្រមាណ​ជាង​៣​ពាន់​ដុល្លារ​អា​មេ​រិ​ក​ឯណោះ »​។ ​លោក​បាន​បញ្ជាក់​បន្ថែម​ថា « ម្រេច​របស់ខ្ញុំ​វា​មិន​តើ​ត​ជំងឺ​អ្វី​ទេ តែ​វា​ខាត​ដល់​អីចឹង​ខ្ញុំ​ឈប់​ស្រោច​ទឹក​ទុក​វា​ឱ្យ​ងាប់​លើ​ផ្ទៃដី​២​ហិ​កតា​។ មូលហេតុ​ជ្រើសរើស​ដាំ​ស្វាយចន្ទី ដោយសារ​ខ្ញុំ​គិត​ថា​ស្វាយចន្ទី​នេះ​វា​មិន​ពិបាក​ក្នុង​ការ​ស្រោច​ទឹក​ដូច​ម្រេច​»៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ