ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកអូបាម៉ាៈ បេសកកម្ម​អន្តរ​ជាតិ​នៅលីប៊ី​កំពុងទទួលបាន​ជោគជ័យ

15 ឆ្នាំ មុន

ប្រធានាធិបតី​អាមេរិក​លោកបារ៉ាក់ អូបា​ម៉ា វាយតម្លៃ​កាលពីថ្ងៃទី២៦ មីនា ថា បេសកកម្ម អន្តរ​ជាតិ​នៅលីប៊ី ដែលច្បាស់​និងតម្រង់​លើ​គោល​ដៅ​ទាំង​ឡាយ​​កំពុង​តែ​ទទួលបានជោគ​ជ័យ ។
សហរដ្ឋអាមេរិក​កំពុង​តែសិក្សា​ពីលទ្ធភាព​ផ្តល់​អាវុធឱ្យ​​ដល់ពួកប្រឆាំងលីប៊ី ។ យោងតាម​​អ្នកកាសែត​ទាំងឡាយនៅលើ​ទីលាន​ថា ក្រុង AJDABIYA ត្រូវបានរំដោះជាថ្មី ។ ​​ទីក្រុង​យុទ្ធ​សាស្ត្រ​​នេះ​ស្ថិតនៅ​ភាគ​ខាងកើត​លីប៊ី​ធ្លាក់ក្នុង​កណ្តាប់ដៃ​ពួកឧទ្ទាម​​កាលពីព្រឹកថ្ងៃទី២៦ មីនា ។ នេះ​ជា​ជ័យ​ជំនះ​សំខាន់​លើក​ដំបូង​របស់ពួកបះ​បោរ​ចាប់តាំងពីកង​កម្លាំង​ចម្រុះ​ធ្វើ​ការ​វាយ​ប្រហារ​យ៉ាងខ្លាំងក្លាលើកងកម្លាំង​លោកកា​ដាហ្វី ដើម្បី​​ឱ្យពួក​បះបោរ​ដែលរហូតមកទល់ពេលនេះ ​នៅពុំ​ទាន់​មានការរុលទៅមុខពិតប្រាកដ​ធ្វើ​ការ​វាយលុកជាថ្មី ។ ការ​វាយប្រហារ​តាមអាកាស​​កាលពីរសៀលថ្ងៃទី២៥ កុម្ភៈ លើទីតាំង​ទាំង​ឡាយ​របស់កងកម្លាំងស្មោះត្រង់នឹងលោកកា​ដាហ្វី​ក្នុងទីក្រុង​ជាប់​ឆ្នេរសមុទ្រ​នេះញុំង​ឱ្យ​កង​កម្លាំង​នេះដកខ្លួន​ថយចេញ​ហើយនៅសល់​តែ​ខ្មោច​រថក្រោះ​ដែលត្រូវ​ភ្លើងឆេះប៉ុណ្ណោះ ។
ក្រុមប្រឹក្សា​ជាតិ​របស់ពួកបះបោរ​​បានថ្លែង​ អំណរគុណ​ដល់​ប្រទេស​បារាំង ដែលបានជួយ​ខ្លួន ក៏ប៉ុន្តែ​ពុំត្រូវ​ការ​កងទ័ព​ជើងគោកឡើយ ។ កង​យន្តហោះ​បារាំង​បានកំទេច​កាលពីថ្ងៃទី២៦ មីនា នូវ​យន្តហោះ​​៥គ្រឿង និងឧទ្ធម្ភាគចក្រ២គ្រឿង របស់លីប៊ី ​នៅព្រលានយន្តហោះ​ក្រុង MAS-RATA ។ ក្រសួង​ការពារ​ប្រទេស​បារាំង​ក្នុង​សេចក្តី​ប្រកាសមួយ​និយាយ​ថា កង​យន្តហោះ​បា​រាំង កាលពីថ្ងៃទី២៦ មីនា បានចេញ​ធ្វើការ​វាយប្រហារ​ជាច្រើនលើក​ក្នុងតំបន់​ ZENTA-NE និង​ក្រុង​MISRATA ។ សេចក្តី​ប្រកាសនេះ ​និយាយ​ថា ការ​ត្រួតពិនិត្យ​ដំបូង​អាចបញ្ជាក់​ពី​ការ​បំផ្លាញ​នៅលើដី​ក្នុងទីក្រុង MISRATA នូវ​យន្តហោះ​ប្រយុទ្ធ​ធុន GALEB យ៉ាងតិច​៥​គ្រឿង និងឧទ្ធម្ភាគចក្រ​ប្រយុទ្ធ​ធុន MI-35 យ៉ាង​តិច​២គ្រឿង ៕