ខេត្តបាត់ដំបង ៖ ក្រោយពេលស្ត្រីម្នាក់ ចេញវីដេអូរិះគន់ យ៉ាងចាស់ដៃ លើក្រុមគ្រូពេទ្យនៅមន្ទីរសុខាភិបាលខេត្តបាត់ដំបង រឿងធ្វើការពិនិត្យ មិនគ្រប់លក្ខខណ្ឌ លើប្តីរបស់គាត់ជាជនជាតិអូស្ត្រាលី សង្ស័យឆ្លងវីរុសកូវីដ-១៩ នោះ ខាងប្រធានមន្ទីរបង្អែក ក៏បានចាត់ឲ្យមន្ត្រីចុះទៅដល់ផ្ទះស្ត្រីនោះ ដើម្បីយកសំណាកស្វាមីស្ត្រីនោះទៅពិនិត្យ នៅប៉ាស្ទ័រកម្ពុជា ជាលទ្ធផលនៅរសៀលថ្ងៃនេះ បង្ហាញថា អវិជ្ជមាន ចំពោះវីរុស កូវីដ-១៩ ។
យោងតាមហ្វេសប៊ុកផេក មន្ទីរសុខាភិបាលខេត្តបាត់ដំបង បានបង្ហោះសារថា សូមជម្រាបជូនសាធារណៈ ជនមេត្តាជ្រាបថា ករណីស្ត្រីមាន គណនីហ្វេសប៊ុកឈ្មោះ Alena Alena ដែលបានសុំធ្វើតេស្ត COVID-19 ជូនប្តីរបស់គាត់ ជាជនជាតិអូស្ត្រាលី ហើយគ្រូពេទ្យមិនបានធ្វើដោយមិនគ្រប់លក្ខខណ្ឌ ក្នុងការយកសំណាកនោះ បន្ទាប់មកនៅម៉ោងជិត៧យប់ថ្ងៃទី១១ មីនា ២០២០ ថ្នាក់ដឹកនាំមន្ទីរ និងក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរ បានចុះទៅដល់ផ្ទះ និងបានអនុញ្ញាតឲ្យយកសំណាក តាមការស្នើសុំម្តងទៀត ហើយពេលនេះ យើងទទួលបានចម្លើយពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺលទ្ធផល អវិជ្ជមាន គឺគ្មានមេរោគ COVID-19 នោះទេ ។ គួរស្តាប់ការពន្យល់ណែនាំរបស់គ្រូពេទ្យឱ្យបានច្រើន ។
មន្ទីរសុខាភិបាលខេត្តបាត់ដំបង បន្តអោយដឹងថា តាងនាមថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ត និងមន្ត្រីសុខាភិបាលទាំងអស់ សូមចូលរួមអបអរ នូវលទ្ធផលដ៍គាប់ប្រសើរនេះ និងសូមអំពាវនាវដល់សាធារណជន ទាំងអស់មេត្តាបន្តអនុវត្តវិធានការការពារជំងឺតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបញ្ជៀសបាននូវជំងឺឆ្លងនានា ។ សូមសុខចម្រើន និងពរសព្វសាធុការ ជូនដល់ជនរួមជាតិ ប្រកបបាននូវពុទ្ធពរទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ ។
សូមជម្រាបថា ការប្រកាសរបស់មន្ទីរសុខាភិបាលខេត្តបាត់ដំបងបែបនេះ បន្ទាប់ពីស្ត្រីម្នាក់បានឡាយតាមគណនីហ្វេសបុកឈ្មោះ Alena Alena កាលពីល្ងាចថ្ងៃទី១០ ខែមីនា ដោយចោទថា ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង មានការភ័យខ្លាច និងរើសអើង មិនទទួលពិនិត្យលើអ្នកជំងឺ ដែលមានអាការសង្ស័យថា មានផ្ទុកកូវីដ-១៩ ។
នៅក្នុងវីដេអូឡាយជាង១ម៉ោង ស្ត្រីរូបនោះបានរៀបរាប់ថា ក្រោយត្រឡប់ពីដើរលេងនៅប្រទេសថៃ ស្វាមីរបស់គាត់ជាជនជាតិអូស្រា្តលី បានគ្រុនផ្តាសាយធ្ងន់ធ្ងរ ដោយមានអាការក្តៅខ្លាំង ក្អក ហៀរសំបោរ និងហត់ពិបាកដកដង្ហើមរយៈពេល១សប្តាហ៍ហើយ។
ស្ត្រីរូបនេះបន្តថា ដោយសង្ស័យខ្លាចស្វាមីឆ្លងជំងឺកូវីដ-១៩នោះ នៅថ្ងៃទី៩ ខែមីនា អ្នកស្រីក៏បាននាំស្វាមីទៅពិនិត្យសុខភាពនៅពេទ្យឯកជន ប៉ុន្តែ ខាងពេទ្យឯកជនប្រាប់ថា ពុំមានឧបករណ៍គ្រប់គ្រាន់ ហើយប្រាប់ឱ្យអ្នកស្រីនាំស្វាមីទៅពិនិត្យពេទ្យរដ្ឋវិញ គឺមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។
អ្នកស្រីបន្ថែមថា ពេលដែលអ្នកស្រីនាំស្វាមីទៅពិនិត្យនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ហើយបានរៀបរាប់ពីដំណើររឿង និងអាការនៃជំងឺស្វាមីអ្នកស្រី រួមទាំងស្នើសុំឱ្យពិនិត្យរកមេរោគនោះ គឺគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តមួយនេះ មិនហ៊ានចូលជិត និងមិនទទួលពិនិត្យជំងឺឱ្យស្វាមីអ្នកស្រីឡើយ។
អ្នកស្រីបន្ថែមថា៖ «ហើយគាត់ គ្រូពេទ្យ មិនទាន់ដឹងថា ស្វាមីខ្ញុំកើតជំងឺហ្នឹងមែនអត់ផង ហើយគាត់ភ័យទុកមុន។ គាត់អត់មកជិត។ គាត់អត់ហ៊ានពិនិត្យឱ្យ។ ហើយគាត់ដេញឱ្យយើងទៅដេកព្យាបាលនៅផ្ទះ។ ខ្ញុំថា គាត់ឈឺ១អាទិត្យហើយ។ គាត់ថាឱ្យយើងដេកមើលនៅផ្ទះ១អាទិត្យទៀតទៅ តាមដានជំងឺដោយខ្លួនឯងមួយអាទិត្យទៀតទៅ។ គាត់មិនព្រមធ្វើតេស្តឈាមឱ្យ។ គាត់មិនវាស់សុខភាព។ គាត់មិនហ៊ានចូលមកវាស់កម្តៅឱ្យយើងទៀត» ៕
សូមប្រិយមិត្តអញ្ជើញទស្សនាវីដេអូរបស់បងស្រីរៀបរាប់ ដូចខាងក្រោម៖
ចែករំលែកព័តមាននេះ