ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អឺ​រ៉ុ​ប​ជ្រួលច្របល់​ខ្លាំង​ដោយ​វីរុស​ ​ខណៈ​​អី​ុ​តា​លីបាត់​បង់​ជីវិត​​​​ជាង​១​ពាន់​នាក់

4 ឆ្នាំ មុន

បណ្ដា​ប្រទេស​អឺរ៉ុប ៖ ជាមួយ​អ្នក​ឆ្លង​វីរុស​COVID-19 កើន​ដល់​ជាង​១៣០.០០០​នាក់ និង​អ្នក​​បាត់​បង់​ជីវិត ​ឡើង​ដល់​ជិត​៥.០០០​នាក់​លើ​ពិភពលោក ការ​ឆ្លង​រាលដាល​នៃ​វីរុស​នោះ​កាន់តែ​រាលដាល ដោយពេល​នេះ​បាន​ឆ្លង​ចាប់ពី​តំបន់​ស្ក​ង់​ឌី​ណា​វ​អឺរ៉ុប ដល់​ឥណ្ឌា អា​មេ​រិ​កឡា​ទី​ន…

បណ្ដា​ប្រទេស​អឺរ៉ុប ៖ ជាមួយ​អ្នក​ឆ្លង​វីរុស​COVID-19 កើន​ដល់​ជាង​១៣០.០០០​នាក់ និង​អ្នក​​បាត់​បង់​ជីវិត ​ឡើង​ដល់​ជិត​៥.០០០​នាក់​លើ​ពិភពលោក ការ​ឆ្លង​រាលដាល​នៃ​វីរុស​នោះ​កាន់តែ​រាលដាល ដោយពេល​នេះ​បាន​ឆ្លង​ចាប់ពី​តំបន់​ស្ក​ង់​ឌី​ណា​វ​អឺរ៉ុប ដល់​ឥណ្ឌា អា​មេ​រិ​កឡា​ទី​ន ម​ជ្ឈឹ​ម​បូព៌ា​។ បណ្ដា​រដ្ឋាភិបាល​ពិសេស​នៅ​អឺរ៉ុប​កំពុង​តែ​ស្ទុះស្ទារ​ទប់​ការ​ឆ្លង​ជំងឺ​នោះ​។

ប្រទេស​បារាំង​ដែល​មាន​អ្នក​បាត់​បង់​ជីវិត​​ដោយសារ​វីរុស​នេះ​ឡើង​ដល់​៦១​នាក់ នា​យប់​ថ្ងៃ​ទី​១២​មីនា​បាន​រាប់​បញ្ចូល ក្នុង​បញ្ជី​បណ្ដា​ប្រទេស​ដែល​បិទ​សាលារៀន​និង​សាកលវិទ្យាល័យ​។

ប្រធានាធិបតី​បារាំង​លោក​អេ​ម​ម៉ា​នុយ​អែ​ល​ម៉ា​ក្រុ​ន ក្រៅពី​ប្រកាស​ពី​វិធានការ​នោះ​បាន​ស្នើ​ដល់​បណ្ដា​មនុស្ស​ចាស់ មាន​អាយុ​លើស​ពី​៧០​ឆ្នាំ​ឡើង​ទៅ ឲ្យ​ស្ថិត​តែ​ក្នុងផ្ទះ​កុំ​ចេញ​ក្រៅ តែ​ពុំ​សម្រេច​​ពន្យារពេល​ការ​បោះ​ឆ្នោត​ក្រុង​ជុំ​ទី​មួយ ដែល​គ្រោង​ធ្វើ​នា​ថ្ងៃ​ទី​១៥​មីនា​ឡើយ​។

លោក​ម៉ា​ក្រុ​ន​ប្រកាស​ទៀត​ថា ការ​បិទ​ព្រំដែន​នឹង​អាច​ចាំបាច់​នា​ប៉ុន្មាន​ថ្ងៃ​ឬ​ប៉ុន្មាន​ស​ប្ដា​ហ៍​ខាង​មុខ​នេះ​។ លោក​បន្ត​ថា សហភាព​អឺរ៉ុប​ត្រូវ​មាន​ប្រតិកម្ម​ដោយ​ឆាប់រហ័ស​និង​ខ្លាំង ដើម្បី​ជម្នះ​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក បណ្ដាល​មក​ពី​ការ​ឆ្លង​រាលដាល​នៃ​វីរុស​នោះ​។

លើ​ពិភពលោក​ពិសេស​នៅ​អឺរ៉ុប ដែល​មាន​អ្នក​ឆ្លង​វីរុស​ជា​២០.០០០​នាក់​រួច​ហើយ ការ​ឆ្លង​បន្ត​កើន​នាំ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​បណ្ដា​ប្រជាជន កម្រិត​ការ​ដើរហើរ​ធ្វើ​ដំណើរ​និង​បិទ​ព្រំដែន​។

អ៊ី​តា​លី​អ្នក​បាត់បង់​ជីវិត​​ឡើង​ដល់​ជាង​១​ពាន់​នាក់
ចំនួន​អ្នក​ស្លាប់​ដោយសារ​វីរុស​COVID-19​នៅ​អ៊ី​តា​លី ជា​ប្រទេស​អឺរ៉ុប​រង​ការ​ប៉ះពាល់​ខ្លាំង​ជាង​គេ ពេល​នេះ​បាន​ឡើង​ដល់​លើស​ពី​១.០០០​នាក់ រួច​ចំនួន​អ្នក​ឆ្លង​មាន​លើស​១៥.០០០​នាក់​។ នេះ​ជា​ការ​ប្រកាស​កាល​ពិ​ថ្ងៃ​ទី​១២​មីនា របស់​អាជ្ញាធរ​សុខាភិបាល​អ៊ីតា​លី​។

ផ្នែក​ការពារ​ស៊ី​វិល​អ៊ីតា​លី​និយាយ​ថា​តុល្យការ​នៃ​ការ​ឆ្លង ដែល​កើត​មាន​ក្នុង​ប្រទេស​ចាប់តាំងពី​៣​ស​ប្ដា​ហ៍​មក​ហើយ ពេល​នេះ​បាន​ឡើង​ដល់​១៥.១១៣​នាក់​ក្នុង​នោះ​១.០១៦​នាក់​បាន​បាត់​បង់​ជីវិត​។ បែប​នេះ​តំណាង​ឲ្យ​ការ​កើនឡើង​២៣%​នៃ​ចំនួន​អ្នក​បាត់​បង់​ជីវិត​​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ​។ មក​ទល់​ពេល​នេះ​មនុស្ស​សរុប​១.២៥៨​នាក់​ទទួល​ការ​ព្យាបាល​បានជា​សះ​ស្បើយ។

អ៊ី​តា​លី​បន្ត​បង្ខាំង​ខ្លួន​ខណៈ​ប្រជាជន​ប្រទេស​នោះ​ទាំង​៦០​លាន​នាក់ ចាប់តាំងពី​ថ្ងៃ​ទី​១០​មីនា​មក​ម្ល៉េះ រង​ការ​រិ​ត​ត្បិត​ខ្លាំង​បំផុត​មិន​ឲ្យ​ចេញ​ទៅ​ណា​មក​ណា នាំ​ឲ្យ​មានការ​លំបាក​ខ្លាំង​ប៉ះពាល់​ដល់​ជីវភាព​ប្រចាំ​ថ្ងៃ​។ បណ្ដា​ទីក្រុង​ក្លាយជា​ស្ងាត់ជ្រងំ រួច​ព្រ​លាន​យន្តហោះ​អន្តរជាតិ​មួយ​ក្នុង​ចំណោម​ព្រ​លាន​យន្ត​អន្តរជាតិ​២​របស់​ប្រទេស គឺ​ព្រ​លាន​យន្តហោះ​ROME CIAMPINO​នឹង​ត្រូវ​បិទទ្វារ ចាប់ពី​ថ្ងៃ​ទី​១៣​មីនា​ទៅ​ដោយសារ​ការ​ឆ្លង​រាលដាល​នៃ​វីរុស​។ ព្រ​លាន​យន្តហោះ​ក្រុង​រ៉ូ​ម​មួយទៀត​គឺ​ព្រ​លាន​យន្តហោះ​FIUMICINO​ក៏​កាត់​បន្ថយ​សកម្មភាព​ចាប់ពី​ថ្ងៃ​ទី​១៧​មីនា​ទៅ​ដែរ​។

ចំណែក​បុរី​វ៉ា​ទី​កង់​បាន​ចេញ​បញ្ជា​កាលពី​ថ្ងៃ​ទី​១២​មីនា ឲ្យ​បិទ​បណ្ដា​ព្រះ​វិហារ​កាតូលិក​ក្រុង​រ៉ូ​ម ដើម្បី​កម្រិត​ការ​ឆ្លង​រាលដាល​នៃ​វីរុស ដែល​នោះ​ជា​វិធានការ ចាត់​ទុក​ថា​ពុំ​ធ្លាប់​មាន​ពី​មុន​មក​ក្នុង​ប្រវត្តិសាស្ត្រ​។

អេ​ស្ប៉ា​ញ​តេស្ត​រក​វីរុស សមាជិក​រដ្ឋាភិបាល​ទាំងមូល​រហូត​ដល់​ព្រះមហាក្សត្រ​និង​មហាក្សត្រី​យា​នី
ប្រទេស​អេ​ស្ប៉ា​ញ​ដែល​ពេល​នេះ​ជា​ប្រទេស​អឺរ៉ុប​មួយ ក្នុង​ចំណោម​ប្រទេស​អឹ​រ៉ុ​ប​ដែល​រង​ការ​ប៉ះ​ពាល់​ខ្លាំង​ដោយ​វីរុស​COVID-19​កាលពី​ថ្ងៃ​ទី​១២​មីនា បាន​ធ្វើតេស្ត​ខ្លាច​មានការ​ឆ្លង លើ​សមា​ជិក​រដ្ឋាភិបាល​ទាំងមូល រហូត​ដល់​ព្រះមហាក្សត្រ​និង​ព្រះ​មហាក្សត្រី​យា​នី បន្ទាប់​ពី​រដ្ឋមន្ត្រី​១​រូប​ឆ្លង​វីរុស​នេះ​មក​។

យោង​តាម​សេចក្ដី​ប្រកាស​មួយ​របស់​រដ្ឋាភិបាល​ថា លោកស្រី​IRENE MOTERO​រដ្ឋមន្ត្រីក្រសួង​សមភាព បាន​ធ្វើតេស្ត​ឃើញ​លទ្ធផល​វិជ្ជមាន​នៃ​ការ​ឆ្លង​វីរុស ដែល​បែប​នេះ​បង្ខំ​ឲ្យ​សមាជិក​រដ្ឋា​ភិបាល​ទាំងមូល​ត្រូវធ្វើ​តេស្ត​ដែរ ដែល​លទ្ធផល​នឹង​ដឹង​នា​ពេល​ក្រោយ​បន្តិចទៀត​នេះ​។

ព្រះមហាក្សត្រ​និង​ព្រះ​មហាក្សត្រី​យា​នី​របស់​ប្រទេស​ក៏​នឹង​ត្រូវ​ឆ្លងកាត់​ការ​ធ្វើតេស្ត​ដែរ ព្រះ​ទ្រង់​ទាំង​២​បាន​យាង​ចូលរួម កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ ក្នុង​ព្រឹត្តិការណ៍​មួយ​ជាមួយ​លោកស្រី​រដ្ឋមន្ត្រី​ដែល​ឆ្លង​វីរុស​។ លោកស្រី​IRENE MOTERO​ដែល​កាលពី​ថ្ងៃ​ទី​៨​មីនា បាន​ចូលរួម​ក្នុង​បាតុកម្ម​មួយ​មាន​មនុស្ស​ចូលរួម​១២០.០០០​នាក់ ក្នុង​ឱកាស​ទិវា​សិទ្ធិ​នារី ពុំ​មែន​ជា​អ្នកនយោបាយ​តែ​ម្នាក់​គត់​ដែល​ឆ្លង​វីរុស​ឡើយ​។ សមាជិក​ច្រើន​រូប​នៃ​គណបក្ស​ស្ដាំ​និយម​ជ្រុល​VOX​ក៏​ធ្វើតេស្ត​ឃើញ​លទ្ធផល​វិជ្ជមាន​ដែរ​។

បែ​ល​ហ្ស៊ិក​បិទ​សាលា​ភោជនីយ ដ្ឋា​ន​ហាង​កាហ្វេ
កាលពី​យប់​ថ្ងៃ​ទ​១២​មីនា​នាយក​រដ្ឋមន្ត្រី​បែ​ល​ហ្សុិ​ក​លោកស្រី​SOPHIE WILMES​ប្រកាស​ពី​ការ​បិទ​សាលារៀន​ភោជនីយដ្ឋាន​និង​ហាង​កាហ្វេ​ក្នុង​ប្រទេស ដើម្បី​តស៊ូ​ប្រឆាំង​ការ​ឆ្លង​រាលដាល​នៃ​វីរុស ហើយ​រាល់​ការ​ប្រមូលផ្ដុំ​មនុស្ស​ទាំងមូល​ត្រូវ​ហាមឃាត់​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ