ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរ​ទេសចរ​រាជធានី និង​អាជ្ញាធ​ពង្រឹង​ច្បាប់​ទេសចរណ៍ និង​ធ្វើ​បដិសណ្ឋារកិច្ច​ជាមួយ​សេវាកម្ម​ទេសចរណ៍​ក្នុង​រាជធានី​ភ្នំពេញ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​ឱ្យ​ច្បាប់​ស្តី​ពី​ទេសចរណ៍​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាន់តែ​មាន​តម្លាភាព ប្រសិទ្ធភាព ក្រសួងទេសចរណ៍​បាន​ដាក់​ចេញ​នូវ​វិធានការ​ក្នុង​ការ​បណ្តុះបណ្តាល​ដល់​អ្នក​ធ្វើ​អាជីវកម្ម សេវាកម្ម ក្នុង​វិស័យ​ទេសចរណ៍​ទាំងអស់​ឱ្យ​បាន​យល់​ដឹង​កាន់តែ​ច្បាស់ និង​ចូលរួម​អនុវត្ត​ឱ្យ​បាន​គ្រប់​គ្នា ជា​ពិសេស​ការ​ធ្វើ​បដិសណ្ឋារកិច្ច ចំពោះ​ភ្ញៀវ​នៅ​គ្រប់​ទីកន្លែង…

រាជធានី​ភ្នំពេញ ៖ ដើម្បី​ឱ្យ​ច្បាប់​ស្តី​ពី​ទេសចរណ៍​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាន់តែ​មាន​តម្លាភាព ប្រសិទ្ធភាព ក្រសួងទេសចរណ៍​បាន​ដាក់​ចេញ​នូវ​វិធានការ​ក្នុង​ការ​បណ្តុះបណ្តាល​ដល់​អ្នក​ធ្វើ​អាជីវកម្ម សេវាកម្ម ក្នុង​វិស័យ​ទេសចរណ៍​ទាំងអស់​ឱ្យ​បាន​យល់​ដឹង​កាន់តែ​ច្បាស់ និង​ចូលរួម​អនុវត្ត​ឱ្យ​បាន​គ្រប់​គ្នា ជា​ពិសេស​ការ​ធ្វើ​បដិសណ្ឋារកិច្ច ចំពោះ​ភ្ញៀវ​នៅ​គ្រប់​ទីកន្លែង ដើម្បី​ធានា​បាន​នូវ​អាជីវកម្ម​រីក​ធំធាត់ និង​យូ​អង្វែង ។

ជាក់ស្តែង កាលពី​រសៀល​ថ្ងៃ​ទី​១២ មីនា​នេះ មន្ទីរ​ទេសចរណ៍​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​រដ្ឋបាល​ខណ្ឌដូនពេញ​បាន​កោះ​អញ្ជើញ ម្ចាស់ ឬ​អ្នកគ្រប់គ្រង អាជីវកម្ម សេវាកម្ម ក្នុង​វិស័យ​ទេសចរណ៍ និង​អាជ្ញាធរ​មូលដ្ឋាន ប្រមាណ​ជាង​១៥០​នាក់ មក​ទទួល​ការ​បណ្តុះបណ្តាល និង​ផ្សព្វផ្សាយ​ច្បាប់​ស្តី​ពី​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច​នេះ ។

លោក ចាន់ គ​ន្ថេ​ត អភិបាលរង​ខណ្ឌដូនពេញ បាន​លើក​ឡើង​ថា មូលដ្ឋាន​ខណ្ឌដូនពេញ​ជា​ចំណុចកណ្តាល និង​ជា​បេះដូង​ដ៏​សំខាន់​របស់​រាជធានី​ភ្នំពេញ ដូច្នេះ​រាល់​ការ​ធ្វើ​អាជីវកម្ម សេវាកម្ម ក្នុង​វិស័យ​ទេសចរណ៍​ត្រូវ​តែ​យល់​ដឹង​ពី​ច្បាប់ទម្លាប់ ជា​ពិសេស​ត្រូវ​សុំ​ច្បាប់​ធ្វើ​អាជីវកម្ម​ឱ្យ​បាន​គ្រប់គ្រាន់ ដើម្បី​ធានា​ដល់​ការ​គ្រប់គ្រង​បាន​ល្អ និង​ងាយស្រួល​ក្នុង​ការ​ធ្វើ​អន្តរាគមន៍ ពេល​មាន​ឧបទ្ទវហេតុ​ណាមួយ​កើតឡើង ។

មួយវិញទៀត​ក៏​ត្រូវ​តែ​គោរព​តាម​ការ​ណែនាំ​របស់​មន្ត្រី​ជំនាញ ផ្នែក​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច ដើម្បី​ឱ្យ​អាជីវកម្ម សេវាកម្ម​ទាំងអស់​ក្នុង​ខណ្ឌ​អនុវត្ត​នូវ​ស្តង់ដា​ជាតិ និង​អន្តរជាតិ​ព្រោះថា វិស័យ​ទេសចរណ៍ ជា​វិស័យសេដ្ឋកិច្ច​មួយ​ដែល​មាន​កំណើន​រីក​លូតលាស់​ខ្លាំង​ទាមទារ​ឱ្យ​មាន​កិច្ចសហការ​ជា​ប្រព័ន្ធ​គ្រប់​ផ្នែក​ទាំង​រដ្ឋ ឯកជន និង​ដៃគូរ​អភិវឌ្ឍន៍​នានា ។

លោក​អភិបាលរង​សុំ​ឱ្យ​ប្រជាពលរដ្ឋ​ក្នុង​ខណ្ឌដូនពេញ​ក៏​ដូច​ជា អ្នក​ធ្វើ​អាជីវកម្ម សេវាកម្ម​គ្រប់​ផ្នែក​បន្ត​ចូលរួម​សកម្មភាព​ប្រលងប្រណាំង​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវាកម្ម និង​បដិសណ្ឋារកិច្ច​ល្អ​ផ្តល់​ភាព​កក់ក្តៅ និង​ទទួលខុសត្រូវ រួម​គ្នា​រក្សា​ពាន​ជ័យ​លា​ភី ទីក្រុង​ស្អាត​ថ្នាក់​ជាតិ ផ្ការំដួល​៣​ទង ដែល​ទទួល​បាន​ជាប់​ៗ​គ្នា​២​អាណត្តិ​មកនេះ និង​ពាន​ជ័យ​លា​ភី​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន លើក​ទី​២ សម្រាប់​ឆ្នាំ​២០២០-២០២២ ដែល​ជា​មុខមាត់​និង​កិត្តិយស​របស់​យើង​ទាំងអស់​គ្នា ។

ចំណែក​លោក ម៉​ម វាសនា ប្រធាន​មន្ទីរ​ទេសចរណ៍​រាជធានី​ភ្នំពេញ ក៏​បាន​ទ​ទួ​ច​ឱ្យ​ម្ចាស់​អាជីវកម្ម សេវាកម្ម​ក្នុង​វិស័យ​ទេសចរណ៍​ទាំងអស់ ដែល​មិន​ទាន់​សុំ​ច្បាប់​អនុញ្ញាតិ ត្រូវ​រូតរះ​ទៅ​ដាក់​ពាក្យសុំ​ឱ្យ​បាន​គ្រប់​ៗ​គ្នា បើ​មិន​ដូច្នេះ​ទេ នៅ​ពេល​ខាង​មុខ​នេះ​នឹង​ទទួល​រង​ការ​ផាកពិន័យ​ជា​មិន​ខាន ។ លោក​ថា ច្បាប់​សុំ​ធ្វើ​អាជីវកម្ម​នេះ​មាន​តម្លៃ​តិចតួច​ប៉ុណ្ណោះ ហើយ​ងាយ​ៗ​មិន​ស្មុគស្មាញ​នោះ​ទេ មាន​មន្ត្រី​ជំនាញ​រង់ចាំ​បំរើ​គ្រប់ពេល​ម៉ោង​ធ្វើការ នៅ​តាម​ច្រក​ចេញចូល​តែ​១ ទាំង​នៅ​រដ្ឋបាល​ខណ្ឌ​ក៏​ដូច​ជា នៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ ។

ជាមួយ​គ្នា​នោះ​លោក ម៉​ម វាសនា ក៏​បាន​អំពាវនាវ​ឱ្យ​ម្ចាស់​អាជីវកម្ម សេវាកម្ម អប់រំ​បុគ្គលិក និង​អ្នកដឹកនាំ​ទាំងអស់ ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន គិតគូរ​ពី​សុខភាព​ផ្ទាល់ខ្លួន ក៏​ដូច​ជា​សុខភាព​ភ្ញៀវ ត្រូវ​គោរព​តាម​ការ​គោល​ការ​ណែនាំ​របស់​ក្រសួង ស្ថាប័ន​ជំនាញ ជា​ពិសេស​ពាក់ព័ន្ធ​នឹង​ជំងឺ​ផ្លូវដង្ហើម​ថ្មី កូ​វី​ដ ១៩ ស្រប​ពេល​ដែល​ជំងឺ​នេះ​បាន និង​កំពុង​រាតត្បាត​ទៅ​លើ​ប្រទេស​ជា​ច្រើន ក្នុង​តំបន់​និង​ពិភពលោក ហើយ​កម្ពុជា​ក៏​ទទួល​រង​គ្រោះ​ផង​ដែរ ។ សុំ​រួម​គ្នា​ការពារ ទប់ស្កាត់​មេរោគ​កូ​វី​ដ​១៩ និង​រួម​គ្នា​ទប់ស្កាត់ ជំងឺ​ភ័យ​ខ្លាច​ហួសហេតុ ដែល​កើត​ចេញពី​ក្រុម​បំពុលសង្គម តាម​រយៈ​ប្រព័ន្ធ​ព័ត៌មាន​សង្គម ឬ ហ្វេ​ស​បុក ដែល​ផ្សាយ​ព័ត៌មាន​មិន​ពិត បង្ករ​ចលាចល​ដល់​សង្គម​ជាតិ​របស់​យើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ