ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាសាទទន្លេស្ងួត​ប្រឈម​ហានិភ័យ​ស្ថិត​ក្រោម​គម្រោង​អភិរក្ស

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប​៖ បន្ទាប់​ពី​បញ្ចប់​គម្រោង​អភិរក្ស​ដំណាក់កាល​ទី​១ នៅ​ខែកក្កដា ឆ្នាំ​២០១៩ លើ​កម្មវិធី​សិក្សា​ស្រាវជ្រាវ​ឯកសារ ចុះបញ្ជី​ថ្ម​រាយ​ប៉ាយ រក​ថ្ម​និង​រៀប​ផ្គុំ​សាកល្បង ធ្វើ​សម្រង់​ប្លង់ និង​ការ​រុះរើ​ថ្ម (​តួ​ប្រាសាទ​ទាំងស្រុង​ចាប់ពី​ដំបូល​រហូត​ដល់​គ្រឹះ​)…

ខេត្តសៀមរាប​៖ បន្ទាប់​ពី​បញ្ចប់​គម្រោង​អភិរក្ស​ដំណាក់កាល​ទី​១ នៅ​ខែកក្កដា ឆ្នាំ​២០១៩ លើ​កម្មវិធី​សិក្សា​ស្រាវជ្រាវ​ឯកសារ ចុះបញ្ជី​ថ្ម​រាយ​ប៉ាយ រក​ថ្ម​និង​រៀប​ផ្គុំ​សាកល្បង ធ្វើ​សម្រង់​ប្លង់ និង​ការ​រុះរើ​ថ្ម (​តួ​ប្រាសាទ​ទាំងស្រុង​ចាប់ពី​ដំបូល​រហូត​ដល់​គ្រឹះ​) រួចរាល់​កាលពី​ពាក់កណ្តាល​ខែធ្នូ ឆ្នាំ​២០១៩ ពេល​នេះ​ក្រុមការងារ​កំពុង​បន្ត​គម្រោង​ដំណាក់កាល​ទី​២ (​ឆ្នាំ​២០២០) ដោយ​ចាប់ផ្តើម​ជួសជុល​ពង្រឹង​គ្រឹះ រៀប​ផ្គុំ​ថ្ម​ខឿន និង​តួ​ប្រាសាទ​វិញ​រហូត​ដល់​ស្រទាប់​ទី​១៥ (​ត្រឹម​ធ្នឹម​ទ្វារ​) ហើយ​គម្រោង​ដំណាក់កាល​ទី​៣ គ្រោង​នឹង​បញ្ចប់​ទាំងស្រុង​នៅ​ចុងឆ្នាំ​២០២១ ។

ផេ​ក​ហ្វេ​ស​ប៊ុ​ក​អាជ្ញាធរ​ជាតិ​អប្សរា​ផ្សាយ​នា​ពេល ថ្មី​ៗ​កន្លង​មក​ថា លោក​ជា សា​រិ​ទ្ធិ បុរាណ​វិទូ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​និង​បុរាណវិទ្យា​បង្ការ និង​ជា​ប្រធាន​គម្រោង​ជួសជុល​ប្រាសាទទន្លេស្ងួត​បានឱ្យ​ដឹង​ថា ចំពោះ​ហានិភ័យ​ដែល​នាំ​ឱ្យ​ប្រាសាទ​នេះ​ប្រឈម​នឹង​ការ​រលំ​បាក់​នោះ គឺ​ដោយសារ​កត្តា​ទឹក ដើមឈើ និង​អាយុកាល​សំណង់ ជា​ពិសេស​គ្រឹះ​ប្រាសាទ​ចុះ​ខ្សោយ ហើយ​តួ​ប្រាសាទ​ទ្រេត​ខ្លាំង​ទៅ​ជ្រុង​ខាងលិច (​លើស​ពី​១៥​ដឺ​ក្រ​) ថ្ម​រចនាសម្ព័ន្ធ​ជញ្ជាំង និង​ដំបូល​ស្ទើរតែ​ទាំងអស់​បាន​រំកិល​ចេញពី​ស្ថានភាព​ដើម (​ប្រហោង​ចន្លោះ​ពី​៥​ស​.​ម​.​ទៅ​៤៥​ស​.​ម​. ចំណែក​ថ្ម​ជញ្ជាំង និង​ដំបូល​មួយ​ភាគ​ធំ​ត្រង់​ជ្រុង​អាគ្នេយ៍ និង​ពាយ័ព្យ​រលុះ​ធ្លាក់​ដល់​ដី ។

បន្ទាប់​ពី​សិក្សា​វាយតម្លៃ​ផ្នែក​ស្ថាបត្យកម្ម តម្រូវ​ឱ្យ​ក្រុមការងារ​សម្រេច​អនុវត្ត​ការ​ជួសជុល​ជា​បន្ទាន់ ដោយ​មានការ​ឯកភាព​ពី​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ជាតិ​អប្សរា​និង​អនុសាសន៍​ពី​អ្នក​ជំនាញការ Ad hoc របស់​អង្គការ​យូ​ណេ​ស្កូ (UNESCO) ដែល​អនុញ្ញាត​ឱ្យ​រុះរើ​និង​រៀប​ផ្គុំ​ឡើង​វិញ​ចាប់ពី​ដំបូល​រហូត​ដល់​គ្រឹះ​ប្រាសាទ ហៅ​ថា Anastylosis​។

លោក​ជា សា​រិ​ទ្ធ បន្ត​ថា ដើម្បី​សង្គ្រោះ​ប្រាសាទ​ឱ្យ​មាន​លំនឹង​ស្មើ​ឡើង​វិញ យើង​ត្រូវ​ជួសជុល​ពង្រឹង​គ្រឹះ ខឿន និង​តួ​ប្រាសាទ​ឡើង​វិញ​ដោយ​គោរព​ទៅ​តាម​លក្ខណៈ​បច្ចេកទេស​និង​សម្ភារ​បុរាណ ។ ដូច្នេះ​ទើប​ក្រុមការងារ​មិន​បាន​រើ​ផ្នែក​គ្រឹះ​ទាំងស្រុង​ទេ ដោយ​រើ​ថ្ម ជា​ផ្នែក​ៗ សម្អាត​កំណក​ដី រួច​ផ្លាស់​ប្តូរ​ចេញ​នូវ​ថ្ម​ពុក​ផុយ​និង​ទំហំ​តូច​ស្តើង ហើយ​ដាក់​ជំនួស​វិញ​នូវ​ថ្ម​ថ្មី​ដែល​មាន​ទំហំ​ធំ​និង​គុណភាព​ល្អ ។

ទន្ទឹម​គ្នា​នេះ​ក្រុមការងារ​បាន​រៀប​ផ្គុំ​សាកល្បង​នូវ​ថ្ម​ស្រទាប់​ក្រោម​បង្អស់ ដោយ​ប្រើ​នូវ​ស្នៀត​ឈើ​សម្រាប់​កល់​ឬ​លើកកម្ពស់​ថ្ម​ឱ្យ​ត្រូវ​គ្នា​ទៅ​តាម​លំនាំ​ដើម​វិញ ហេតុនេះ​ហើយ​ទើប​ក្រុមការងារ​មិន​អាច​រើ​ថ្ម​អស់ទាំង​ស្រុង គឺ​ដើម្បី​រក្សា​នូវ​កម្រិត​កម្ពស់​ដើម​និង​ទីតាំង​ដើម​របស់​ថ្ម​នីមួយ​ៗ​។ បន្ទាប់​ពី​រៀប​ផ្គុំ​ស្រទាប់​ទី​១​រហូត​ដល់​ស្រទាប់​ទី​៣ និង​ស្រទាប់​បន្តបន្ទាប់​ត្រូវ​តាម​លំនាំ​ដើម​រួចរាល់ ក្រុម​ការងារ​ត្រូវ​រុះរើ​ថ្ម​រហូត​ដល់​ស្រទាប់​ទី​១​ចេញ​វិញ ហើយ​ត្រូវ​ប្តូរ​ថ្ម​គ្រឹះ​បាយក្រៀម​ពុក​ផុយ និង​ទំហំ​តូច​ស្តើង​ចេញ ហើយ​ដាក់​ថ្ម​ថ្មី​ដែល​មាន​ទំហំ​ធំ​ជាង​មុន តាម​អនុសាសន៍​របស់​អ្នក​ជំនាញការ Ad hoc នៃ​អង្គការ​យូ​ណេ​ស្កូ ។

ចំពោះ​កំណាយ​សិក្សា​គ្រឹះ​ប្រាសាទ និង​ស្រាវជ្រាវ លោក​បណ្ឌិត ជា សុ​ជាតិ បុរាណ​វិទូ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​និង​បុរាណវិទ្យា​បង្ការ បានឱ្យ​ដឹង​ថា ការ​ធ្វើ​កំណាយ​នេះ​គឺ​មាន​ប្រយោជន៍​ដើម្បី​សិក្សា​អំពី​ការ​រៀបចំ​គ្រឹះ​ប្រាសាទ មូលហេតុ​ដែល​នាំ​ឱ្យ​ប្រាសាទ​ស្រុត និង​របៀប​នៃ​ការ​សាងសង់​ប្រាសាទ ។ ជា​លទ្ធផល​បាន​បង្ហាញ​ថា ប្រាសាទទន្លេស្ងួត​មិន​បាន​សង់​នៅ​លើ​ដី​ធម្មជាតិ​នោះ​ទេ ។

ផ្ទុយ​ទៅ​វិញ គេ​បាន​លើកដី​មក​ពូន​ឱ្យ​ខ្ពស់​ដល់​កម្ពស់​ដែល​គេ​ចង់បាន បន្ទាប់​មក គេ​បាន​កាប់​ដី​ទួល​នោះ​ជា​រណ្តៅ​ដែល​មាន​ប្រវែង​បណ្តោយ​និង​ទទឹង​វែង​ជាង​តួ​ប្រាសាទ និង​កម្រាល​ព័ទ្ធ​ជុំវិញ​ពី​ខាងក្រៅ​ប្រាង្គ​ប្រមាណ​ជា​១,៥០​ម៉ែត្រ ។ នៅ​ក្នុង​រណ្តៅ​គ្រឹះ​នេះ គេ​បាន​បំពេញ​ស្រទាប់​ដីខ្សាច់​ដែល​បង្ហាប់​ឆ្លាស់គ្នា​ជាមួយ​ស្រទាប់​ដីឥដ្ឋ​លាយ​ខ្សាច់​និង​ស្រទាប់​ដីឥដ្ឋ​លាយ​ថ្មភ្នំ ។ ដូច្នេះ​មូលហេតុ​សំខាន់​ដែល​នាំ​ឱ្យ​ប្រាសាទ​ស្រុត គឺ​បណ្តាល​មក​ពី​ការ​រលួយ​នៃ​ឫស​ឈើ​ដែល​ងាប់​ក្នុង​ស្រទាប់ដី​បង្ហាប់​ធ្វើ​គ្រឹះ​នេះ ។

លោក​ជា សុ​ជាតិ បន្ត​ថា កំណាយ​ក៏​បាន​រក​ឃើញ​សំណល់​គ្រឹះ​នៃ​កំពែង​ថ្មបាយក្រៀម​របស់​មន្ទីរពេទ្យ​ដែល​ជា​ទូទៅ​មាន​បណ្តោយ​ប្រមាណ​ជា​៣១​ម៉ែត្រ និង​ទទឹង​ជាង​២០​ម៉ែត្រ​។ ផ្នែក​នៃ​ជញ្ជាំង​ត្រូវ​បាន​បាត់បង់​ទាំងស្រុង ។ វា​ប្រហែលជា​ត្រូវ​បាន​គេ​រុះរើ​នៅ​ពេល​គេ​ឈប់​ប្រើប្រាស់​មន្ទីរពេទ្យ​នេះ ។ លក្ខណៈ​បែប​នេះ​ក៏​ធ្លាប់​ជួប​និង​រក​ឃើញ​ផង​ដែរ​នៅ​ប្រាសាទ​តា​ម៉ូង (​មន្ទីរពេទ្យ​) នៅ​ខាងលិច​ខ្លោងទ្វារ​តា​កាវ​។

នៅ​ក្នុង​រណ្តៅ​កំណាយ​នេះ ក៏​រក​ឃើញ​បំណែក​ក្បឿង​នៅ​រាយ​ប៉ាយ ដែល​ស្លាកស្នាម​នេះ​គឺជា​ភស្តុ​តាង​នៃ​ការ​រុះរើ​សំណង់​ស្រាល​នៅ​ក្នុង​មន្ទីរពេទ្យ​ក្រោយ​ពេល​គេ​ឈប់​ប្រើប្រាស់​វា ។ ក្រៅពី​នោះ ក៏​បាន​ប្រទះ​ឃើញ​បំណែក​កុលាលភាជន៍​តិចតួច រួម​ជាមួយ​បំណែក​ថ្មភក់ តែ​មិន​បាន​ប្រទះ​ឃើញ​មាន​សំណល់​សំបក​ថ្នាំ​ទំនើប​ដូច​សព្វថ្ងៃ​ឡើយ ដោយសារ​តែ​វិជ្ជាពេទ្យ​សម័យ​បុរាណ​ប្រើប្រាស់​ថ្នាំ​ជា​រុក្ខជាតិ វល្លិ ឫស សំបក ស្លឹកឈើ ក្នុង​ការ​ព្យាបាល​រោគ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ