ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កប៉ាល់ ១២​គ្រឿង​ដឹក​វត្ថុធាតុដើម​បម្រើ​ឱ្យ​វិស័យ​កាត់ដេរ​នឹង​មក​ដល់​ចុង​ស​ប្តា​ហ៍​នេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ បន្ទាប់​ពី​មានការ​ព្រួយបារម្ភ​អំពី​កង្វះ​វត្ថុធាតុដើម​សម្រាប់​បម្រើ​នៅ​ក្នុង រោងចក្រ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ហៅ​កាត់​ថា GMAC បាន​បង្ហាញ​សេចក្តី សង្ឃឹម​មួយ​បន្ថែម​ទៀត​ថា នៅ​ចុង​ស​ប្តា​ហ៍​នេះ​នឹង​មាន​កប៉ាល់​ចំនួន ១២​គ្រឿង​ចូល​ចត​នៅ…

រាជធានី​ភ្នំពេញ​៖ បន្ទាប់​ពី​មានការ​ព្រួយបារម្ភ​អំពី​កង្វះ​វត្ថុធាតុដើម​សម្រាប់​បម្រើ​នៅ​ក្នុង រោងចក្រ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ហៅ​កាត់​ថា GMAC បាន​បង្ហាញ​សេចក្តី សង្ឃឹម​មួយ​បន្ថែម​ទៀត​ថា នៅ​ចុង​ស​ប្តា​ហ៍​នេះ​នឹង​មាន​កប៉ាល់​ចំនួន ១២​គ្រឿង​ចូល​ចត​នៅ កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ជាមួយ​និង​វត្ថុធាតុដើម​បន្ថែម​ទៀត ។

យោង​តាម​សេចក្តីជូនដំណឹង​ដែល​ចេញផ្សាយ​ដោយ GMAC នៅ​ថ្ងៃ​ទី ១១​ខែមីនា ម្សិល មិ​ញ​នេះ​បានឱ្យ​ដឹង​ថា «​វត្ថុធាតុដើម​សម្រាប់​បម្រើ​ឱ្យ​វិស័យ​កាត់ដេរ​បាន​ដឹក​មក​ដល់​កំពង់ ផែ ស្វយ័ត​ក្រុងព្រះសីហនុ​បណ្តើរ​ៗ​ហើយ កាលពី​យប់​ថ្ងៃ​ទី ៩​ខែមីនា ឆ្នាំ ២០២០ តាម រយៈ​នាវា​ដឹក​ជញ្ជូន​ឈ្មោះ SITC Fujian ។ រហូត​ដល់​ថ្ងៃអាទិត្យ​ចុង​ស​ប្តា​ហ៍​នេះ​យើង​រំពឹង ថា នឹង​មាន​កប៉ាល់​ចំនួន ១២​គ្រឿង​នឹង​ចូល​ចត​នៅ​កំពង់​ផែ​ក្រុងព្រះសីហនុ ជាមួយនឹង វត្ថុធាតុដើម​បន្ថែម​ទៀត​» ។

បើ​តាម GMAC ទូរ​កុងតឺន័រ​ទាំងអស់​ត្រូវ​បាន​ស្ទួ​ច​យក​ចេញពី​នាវា​មក​ដាក់​នៅ​លើ​ទីលាន កុងតឺន័រ ។ ទន្ទឹម​នេះ​វិធាន​បន្ថែម​ប្រព្រឹត្តិកម្ម​ច្រក​បៃតង ដែល​ដាក់​ចេញ​ដោយ​ក្រសួង សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​តាម​រយៈ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​បាន​ជួយ​សម្រប សម្រួល​នីតិវិធី និង​បែបបទ​បញ្ចេញ​ទំនិញ​ភ្លាម​ៗ​ពី​កំពង់​ផែ ហើយ​បាន​ដឹក​ជញ្ជូន​ទៅ​កាន់ រោងចក្រ​នៅ​តាម​តំបន់​ផ្សេង​ៗ​រួម​ទាំង​រាជធានី​ភ្នំពេញ ។ លើស​ពី​នេះ​ទៀត​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​អនុញ្ញាត​ជា​ពិសេស​ឱ្យ​រថយន្ត​កុងតឺន័រ​ទាំង នោះ​អាច​ធ្វើ​ចរាចរណ៍​ចូល​ក្នុង​រាជធានី​ភ្នំពេញ​បាន​ទាំង​ពេល​យប់ និង​ពេល​ថ្ងៃ ព្រមទាំង បាន​ចាត់វិធានការ​ឱ្យ​មានការ​សម្រួល​ចរាចរណ៍​ក្នុង​ករណី​ចាំបាច់​នានា ដើម្បី​ធ្វើការ​ដឹក ជញ្ជូន​សម្ភារៈ វត្ថុធាតុដើម​ទាំងនោះ​ទៅ​កាន់​រោងចក្រ​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​រាជធានី ភ្នំពេញ ឱ្យ​បាន​ឆាប់រហ័ស ។

សេចក្តីជូនដំណឹង​សង្កត់ធ្ងន់​ថា «​ក្នុង​ករណី​ពិសេស​រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏​បាន​ត្រៀម ផ្តល់ ការ​អមដំណើរ​ដល់​រថយន្ត​កុង​តេ​ន័​រទាំង​នោះ​ដើម្បី​បញ្ចៀស​ការ​កកស្ទះ ឬ​ការ​ឃាត់ ទុក​ដោយ​នគរបាល​ចរាចរណ៍​ដែល​បាន​កំពុង​សម្រួល​សណ្តាប់ធ្នាប់ ដោយ​មិន​បានដឹង បាន​ថា ទំនិញ​ទាំងនោះ​ជា​សម្ភារៈ វត្ថុធាតុដើម​សម្រាប់​បម្រើ​ឱ្យ​វិស័យ​កាត់ដេរ ។ ឆ្លៀត ឱកាស​នេះ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​សូម​អំពាវនាវ​ដល់​រោងចក្រ​ដែល​ជា សមាជិក​ក៏​ដូច​ជា​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ទាំងអស់​ឱ្យ​បាន​ជ្រាប​អំពី​កិច្ច​សម្របសម្រួល​ពិសេស​នេះ​» ។

ទន្ទឹម​នឹង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​បង្ហាញ​ពី​ក្តី​សង្ឃឹមថា នឹង​មាន​នាវា ឬ​កប៉ាល់ ដឹក​វត្ថុធាតុដើម​ចូល​មក​បន្ថែម​នៅ​ចុង​ស​ប្តា​ហ៍​រួម​និង​ការ​ចូលរួម​ធ្វើ​អន្តរាគមន៍​លើ​ការ​ដឹក​ជញ្ជូន​វត្ថុធាតុដើម​នេះ ខាង​សហជីព​យល់​ថា ការ​នាំ​ចូល​វត្ថុធាតុដើម​ចូល​មក​នៅ​ពេល ដំបូង​ៗ​នេះ​អាច​នឹង​ធ្វើ​ឱ្យ​កម្មករ​មានការ​ងារ​ឡើង​វិញ​បាន​មួយ​ផ្នែក ។

លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា​ឱ្យ​ដឹង​ថា «​នៅ​ក្នុង​ស​ប្តា​ហ៍​នេះ បើ​តាម​ខាង​រាជរដ្ឋាភិបាល​ថា នឹង​មាន​នាវា​ចំនួន ៧​គ្រឿង​នឹង​ចូល​មក ហើយ​នៅ​ក្នុង​នោះ​នឹង​មាន​កុងតឺន័រ​តិច​បំផុត ៣០០ ឬ ៤០០ កុងតឺន័រ ហើយ​បើសិនជា​នៅ ខែ​ក្រោយ​អាច​មក ១០​គ្រឿង និង​មាន​កុងតឺន័រ​ដល់​ពាន់​កុងតឺន័រ ខ្ញុំ​គិត​ថា​វា​នឹង​អាច​ដោះ ស្រាយ​បាន​មួយ​ចំនួន​ធំ​ទៅ​លើ​កម្មករ​ដែល​កំពុង​អត់​មានការ​ងារ​ធ្វើ ។ ប៉ុន្តែ​វា​មិន​ទាន់​អាច ស្រោចស្រង់​បាន​ទាំងអស់​មក​វិញ​ទេ ដោយសារ​តែ​ជា​ទូទៅ​កុងតឺន័រ​ចូល​មក​ស្រុក​ខ្មែរ បើ តាម​សមាគម​រោងចក្រ​កាត់ដេរ​ដែល​យើង​បាន​ជជែក​គ្នា​មាននៅ​ចន្លោះ​ពី ១.៥០០ ទៅ ២.០០០ ក្នុង​មួ​យស​ប្តា​ហ៍ អ៊ីចឹង​ក្នុង​មួយ​ខែ​មាន​ជិត ១​ម៉ឺន​កុងតឺន័រ ហើយ ការ​ដែល កុងតឺន័រ​ចូល​មក​ពី ១.០០០ ទៅ ២.០០០ កុងតឺន័រ​នេះ​វា​នៅ​ចំនួន​តិច​នៅឡើយ ។

លោក​បន្ត​ថា បើ​កុងតឺន័រ​ចូល​មក​កាន់តែ​ច្រើន ខ្ញុំ​គិត​ថា​នៅ​ក្នុង​រយៈពេល​មួយ​ខែ​ខាង​មុខ កម្មករ​នឹង​មានការ​ងារ​ធ្វើ​ច្រើន​ឡើង​វិញ តែ​សម្រាប់​ពេល​ខាង​មុខ​នេះ​វា​បាន​បំពេញ​តែ ការ​ខ្វះខាត​សម្រាប់​ក្រុង​ហ៊ុន​ខ្លះ​ៗ ។ បើសិនជា​មាន​វត្ថុធាតុដើម​គ្រប់គ្រាន់​វិស័យ​កាត់ដេរ​នឹង​វិល​ត្រឡប់​មក​ស្ថានភាព​ដូច​ដើម ត្រូវការ​ពេលវេលា​ប្រហែល​មួយ​ខែ ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ