ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល២​ថ្ងៃ​សិស្ស​​ដួល​សន្លប់ជា​បន្តបន្ទាប់​​ជិត​១០​នាក់​

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ សិស្ស​ថ្នាក់​ទី​១១«G» នៃ​វិទ្យាល័យ​ប៊ុ​ន​រ៉ា​នី​ហ៊ុន​សែន រលាប្អៀរ បាន​ដួល​សន្លប់​ជា​បន្តបន្ទាប់​​ចំនួន​៩​នាក់​ក្នុង​រយៈពេល​២​ថ្ងៃ​កន្លង​ទៅ​នេះ គឺ​​កាលពី​ថ្ងៃ​ទី​៩ និង​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០២០…

ខេត្តកំពង់ឆ្នាំង ៖ សិស្ស​ថ្នាក់​ទី​១១«G» នៃ​វិទ្យាល័យ​ប៊ុ​ន​រ៉ា​នី​ហ៊ុន​សែន រលាប្អៀរ បាន​ដួល​សន្លប់​ជា​បន្តបន្ទាប់​​ចំនួន​៩​នាក់​ក្នុង​រយៈពេល​២​ថ្ងៃ​កន្លង​ទៅ​នេះ គឺ​​កាលពី​ថ្ងៃ​ទី​៩ និង​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០២០ ។

តាម​ប្រភព​ពី​លោកគ្រូ​អ្នកគ្រូ​នៅ​វិទ្យាល័យ​បុ​ន​រ៉ា​នី​ហ៊ុន​សែន​រលាប្អៀរ ដែល​ស្ថិត​ក្នុងភូមិ​ស្ពក​រាជ ឃុំ​អណ្ដូង​ស្នាយ ស្រុក​រលារ​ប្អៀ​រ បានអោយ​ដឹង​ថា កាលពី​ថ្ងៃ​ទី​៩ ខែមីនា មាន សិស្ស​ថ្នាក់​ទី​១១«G» ដែល​រៀន​នៅ​អគារ​២​ជាន់ បាន​ដួល​សន្លប់​ចំនួន​៥​នាក់ ដោយឡែក​នៅ​វេលា​ម៉ោង​ប្រមាណ​ជាង​១០​ព្រឹក​ថ្ងៃ​ទី​១០ ខែមីនា​នេះ​ដែរ ក៏​មាន​សិស្ស​ដួល​សន្លប់​ចំនួន៤​នាក់​ទៀត​ផង​ដែរ ដែល​តាម​ការ​បញ្ជាក់​ជា​ជំហាន​ដំបូង​សង្ស័យ​ដោយសារ​អាកាសធាតុ​ក្តៅ​ខ្លាំង ។ ទោះបីជា​យ៉ាងនេះ​ក្តី ក្រោយ​ពេល​កើតហេតុ​សិស្ស​រង​គ្រោះ​ទាំងអស់​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង ។

នៅ​ព្រឹក​ថ្ងៃ​ទី​១០ មីនា នេះ​ផង​ដែរ គេ​សង្កេត​ឃើញ​អភិបាលស្រុក រួម​ទាំង​មន្ត្រីរាជការ របស់​សាលាស្រុក និង​លោកគ្រូ​អ្នកគ្រូ​ក៏​បាន​ទៅ​សាកសួរ​សុខទុក្ខ​សិស្ស​រង​គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ផង​ដែរ ។

ជុំវិញ​បញ្ហា​ខាងលើ​នេះ លោក សឹម ប្រឹ​ម ប្រធាន​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹង តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃ​ទី​១០ ខែមីនា​នេះ ថា ពិតជា​មាន​សិស្ស​ដួល​សន្លប់​២​ថ្ងៃនេះ​មែន គឺ​កាលពី​ថ្ងៃ​ទី​៩ និង​ថ្ងៃ​ទី​១០ ដោយ​សរុប​ទាំង​២​ថ្ងៃ​មាន​សិស្ស​ចំនួន​៩​នាក់​ដែល​បាន​សន្លប់ គឺ​ដោយសារ​អាកាសធាតុ​ក្តៅ​ខ្លាំង និង​ខ្លះ​ទៀត​មានការ​ខ្វះ​នូវ​ជាតិ​ស្ករ​ក្នុង​ខ្លួន​ន​។

លោក​ប្រធាន​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្ត​ក៏​បាន​ដាក់​ការ​សង្ស័យ​ថា សិស្ស​ខ្លះ​អាច​ប្រឹងរៀន​ខ្លាំង​ពេក គួប​ផ្សំ​នឹង​អាកាសធាតុ​ក្តៅ​ខ្លាំង​ទៀត​នោះ ទើប​បណ្ដាល​ឲ្យ​ដួល​សន្លប់​បែប​នេះ ។ សិស្ស​ដែល​ដួល​សន្លប់​គឺ​សិស្ស​រៀន​នៅ​ថ្នាក់​ទី​១១«G» នៃ​អគារ​បណ្ដោយ​ថ្ងៃ ដែល​មាន​កម្ពស់​២​ជាន់​។

ទោះបីជា​យ៉ាងនេះ​ក្តី សិស្ស​ដែល​រៀន​នៅ​ថ្នាក់​មាន​បញ្ហា​ខាងលើ​នោះ គឺ​ត្រូវ​បាន​បញ្ជូន​ឲ្យ​ទៅ​រៀន​នៅ​ថ្នាក់​ផ្សេង​ដែល​មាន​ខ្យល់អាកាស​ល្អ​ជាង​នេះ ចំណែក​ថ្នាក់រៀន​ដែល​មាន​បញ្ហា​នឹង​រៀបចំ​ដាក់​កង្ហារ និង​រៀបចំ​ប្រព័ន្ធ​ភ្លើង​បន្ថែម​ទៀត​មុន​នឹង​ដាក់​សិស្ស​ឲ្យ​មក​ចូល​រៀន វិញ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ