ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ និងកូរ៉េ​​រួម​គ្នា​​ពង្រីក​តំបន់​​ធម្មជាតិ​​បៃ​តង

15 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ លោក​អ៊ាង សុផល្លែត ជំនួយ​ការ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​ បាន​ប្រាប់​ឱ្យ​ដឹង​ថា នៅ​ក្នុង​ជំនួប​ពិភាក្សា​ការ​ងារ​ជា​មួយ​សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នាព្រឹក​ថ្ងៃ​ទី​១១ មីនា នៅ​វិមាន​សន្តិ​ភាព​ទីស្តី​ការ​នាយក​រដ្ឋ​មន្ត្រី លោក HAN SEUNG SOO បេសក​ជន​ពិសេស​របស់​លោក​ប្រធានា​ធិបតី​សាធា​រណ​រដ្ឋ​កូរ៉េ​ បាន​ជម្រាប​ជូន​សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​ថា ​គោល​បំណង​លោក​មក​កាន់​ព្រះ​រាជា​ណាចក្រ​​កម្ពុជា​នៅ​ពេល​នេះ គឺ​មាន៖

១-​ពាំនាំ​ផ្តាំ​ផ្ញើ​ការ​​សាក​សួរ​សុខ​ទុក្ខ​អំពី​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​របស់​កូរ៉េ​ ជូន​ដល់​សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន។

២-​ដើម្បី​បាន​សហ​ប្រតិ​បត្តិ​​ការ និង​​ចុះ​ហត្ថ​លេខា​លើ​អនុ​ស្សរណៈ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​លើ​វិស័យ​បរិ​ស្ថាន ​រវាង​ក្រសួង​បរិ​ស្ថាន​ និង​វិទ្យា​ស្ថាន​ស្រាវ​ជ្រាវ​បៃតង​របស់​កូរ៉េ។

លោក HAN SEUNG SOO បាន​បន្ត​ថា សាធា​រណ​រដ្ឋ​កូរ៉េ​មាន​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង​នៅ​ក្នុង​ការ​បង្កើត​ធម្ម​ជាតិ​បៃតង ហើយ​វិទ្យា​ស្ថាន​ជាតិ​របស់​កូរ៉េ​ស្រាវ​ជ្រាវ​ធម្ម​ជាតិ​បៃតង​នេះ​បាន​កកើត​ឡើង​រយៈ​ពេល​២​ឆ្នាំ​កន្លង​មក​ហើយ ​និង​មាន​បំណង​ចែក​រំលែក​បទ​ពិសោធន៍​លើ​បញ្ហា​នេះ​មាន​កម្ពុជា​ផង​ដែរ។

ជា​ការ​ឆ្លើយ​តប​ សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ថ្លែង​អំណរ​គុណ​ចំពោះ​ការ​ផ្តាំ​ផ្ញើ​សាក​សួរ​សុខ​ទុក្ខ ​និង​បាន​សម្តែង​នូវ​ការ​អប​អរ​សាទរ​ចំពោះ​ការ​ចុះ​ហត្ថ​លេខា​លើ​អនុ​ស្សរណៈរវាង​ក្រសួង​បរិ​ស្ថាន​កម្ពុជា និង​វិទ្យា​ស្ថាន​ស្រាវ​ជ្រាវ​កូរ៉េ។ សម្តេច​​មាន​ប្រសាសន៍​ថា កម្ពុជា​មាន​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​បញ្ហា​នេះ ហើយ​កម្ពុជា​គឺ​ជា​ប្រទេស​មួយ​កំពុង​អភិ​វឌ្ឍន៍ ហើយ​ការ​អភិ​វឌ្ឍ​​នោះ​កម្ពុជា​មាន​ភាព​បៃតង​របស់​កម្ពុជា​ផ្ទាល់។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ កម្ពុជា​ក៏​មាន​ការ​ប្រុង​ប្រយ័ត្ន​ដែរ ព្រោះ​ថា  ភាព​បៃ​តង​នេះ​នឹង​អាច​ធ្លាក់​ចុះ និង​ការ​ឡើង​កំដៅ​ដោយ​ភាព​ស្ងួត ដូច្នេះ​កម្ពុជា​បាន​ចែក​តំបន់​ការ​ពារ​ ក៏​ដូច​ជា​តំបន់​អភិ​វឌ្ឍន៍ និង​មាន​ការ​ដាំ​ដើម​ឈើ​ឡើង​វិញ​ដើម្បី​ធ្វើ​យ៉ាង​ណា​ពង្រីក​វិសាល​ភាព​តំបន់​ធម្ម​ជាតិ និង​តំបន់​ដាំ​ដុះ​សាជា​ថ្មី​ឱ្យ​បាន​កាន់​តែ​ធំ​​ឡើង៕