ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​អនុញ្ញាត​ឱ្យ​មានការ​លក់ដូរ​​​លើ​ដងផ្លូវ​ជុំវិញផ្សារធំបាត់ដំបងទៀតទេ

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ នៅ​ព្រឹក​ថ្ងៃ​ទី​១១ មីនា នេះ ​កម្លាំង​នគរបាល​ការិយាល័យ​សណ្ដាប់ សហការ​ជាមួយ​កម្លាំង​នគរបាល​ក្រុង​បាត់ដំបង ដែល​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ប៉ែន ឬ​ទ្ធី…

ខេត្តបាត់ដំបង ​៖ នៅ​ព្រឹក​ថ្ងៃ​ទី​១១ មីនា នេះ ​កម្លាំង​នគរបាល​ការិយាល័យ​សណ្ដាប់ សហការ​ជាមួយ​កម្លាំង​នគរបាល​ក្រុង​បាត់ដំបង ដែល​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ប៉ែន ឬ​ទ្ធី ស្នងការ​រង​ខេត្ត បាន​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់ និងបញ្ឈប់​​ឱ្យ​មានការ​លក់ដូរ​អនា​ធិ​ប​តេ​យ្យ​ នៅ​លើ​ដងផ្លូវ​ជុំវិញ​ផ្សារ​ធំ​បាត់ដំបង (​ផ្សារណាត់​) ដែល​កន្លង​មក​ មាន​ភាព​រញ៉េរញ៉ៃ​បំផុត ​។

លោក​ឧត្តមសេនីយ៍ត្រី ប៉ែន ឬ​ទ្ធី ស្នងការ​រង​ខេត្ត ដែល​ដឹកនាំ​កម្លាំង​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់ បាន​និយាយ​កាលពី​ម្សិលមិញ​នេះ​ថា ការ​រៀបចំ​នេះ​ គឺ​មិន​អនុញ្ញាត​ឱ្យ​មានការ​លក់ដូរ​នៅ​លើ​ដងផ្លូវ​ទៀត​ទេ ​។ លោក ស្នងការ​រង​បាន​បញ្ជាក់​ថា កម្លាំង​ជំនាញ​នឹង​រៀបចំ​សណ្ដាប់ធ្នាប់ ហើយ​ជាមួយ​គ្នា​នេះ មន្ត្រី​ចរាចរ​ណ៍​​ក៏​នឹង​ចុះ​អនុវត្ត​ច្បាប់​ចរាចរ​ណ៍​​លើ​អ្នកដំណើរ​ ដែល​មិន​គោរព​ច្បាប់​ដែរ​។ ដូច​ជា​ជិះ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព និង បើកបរ​បញ្ច្រាសទិស និងការ​ចត​យានយន្ត​គ្មាន​សណ្ដាប់ធ្នាប់​ ។

ដោយឡែក​ អធិការ​ក្រុង​បាត់់ដំបង លោក​ឆាង វណ្ណ​ឆៃ ដែល​បាន​ចុះ​អនុវត្ត​ផ្ទាល់​ដែរ បាន​ប្រាប់​កោះ​សន្តិ​ភាព​ថា នេះ​ជា​ការ​អនុវត្ត​តាម​បទបញ្ជា​របស់​លោកស្នងការ​ខេត្ត ហើយ​ក៏​យោង​លើ​ស្មារតី​ក្នុង​អង្គប្រជុំ​ដែរ ដែល​បាន​សម្រេច​ប​ញ្ឈប់​​មិន​ឱ្យ​មានការ​លក់ដូរ​នៅ​លើ​ដងផ្លូវ ​ជុំវិញ​ផ្សារណាត់ ដែល​ស្ថិត​ចំ​កណ្ដាល​ក្រុង​បាត់ដំបង​នេះ​ ។ លោក​អធិការ​រូប​នេះ​បាន​បញ្ជាក់​ថា ផែនការ​នេះ ​យើង​នឹង​រៀបចំ​ឱ្យ​មាន​សណ្ដាប់​ធ្នាប់​ល្អ​ស្អាត​នៅ​ជុំវិញ​ផ្សារណាត់ ហើយ​ក៏​មិន​អនុញ្ញាត​​ឱ្យ​អាជីវករ​លក់ដូរ​នៅ​លើ​ដងផ្លូវ​ជុំវិញ​ផ្សារ​នេះ​។

លោក​ឆាង វណ្ណ​ឆៃ បាន​បញ្ជាក់​ថា ចាប់ពី​ថ្ងៃនេះ​តទៅ គ្មាន​ការ​ដាក់​ទំនិញ​លក់ដូរ​នៅ​លើ​ដងផ្លូវ​ជុំវិញ​ផ្សារ​ណាត់​ទៀត​ទេ ហើយ​មន្ត្រី​ជំនាញ​នឹង​ចុះ​ត្រូ​ត​ពិនិត្យ​ជា​ប្រចាំ​នៅ​ទីនោះ​ ។ ប៉ុន្តែ​លោក​បញ្ជាក់​ដែរ​ថា ការ​ចុះ​អនុវត្ត​ច្បាប់ ដើម្បី​រៀបចំ​សណ្ដាប់ធ្នាប់ និងបញ្ឈប់​​មិន​ឱ្យ​មានការ​លក់ដូរ​នេះ អាជីវក​រហាក់​មានការ​ចូល​រួម​យ៉ាង​រលូន​ដោយ​គ្មាន​ការ​ជំទាស់​នឹង​ផែនការ​នេះ​ទេ​។

គេ​សង្កេត​ឃើញ​ក្រុម​អាជីវក​រ ហាក់​មានការ​យល់ព្រម​ចំពោះ​ការ​ចុះ​រៀបចំ​សណ្ដាប់​ឬ​បញ្ឈប់​​ការ​លក់ដូរ​នេះ​។ ប៉ុន្តែ​ក្រុម​អាជីវករ​ភាគច្រើន​ដែល​បាត់បង់​កន្លែង​លក់ គ្រាន់តែ​រអ៊ូរទាំ​ថា ពួក​គេ​មិន​ជំទាស់​នឹង​ផែនការ​របស់​សមត្ថកិច្ច​ទេ តែ​ពួក​គេ​ពិបាក​ក្នុង​ការ​រក​ទីផ្សារ​ផ្សេង​ដើម្បី​លក់ដូរ​។ ព្រោះ​ធ្លាប់​លក់​នៅ​ផ្សារណាត់ ដែល​មាន​ម៉ូយ​ស្រាប់ តែ​ពេល​ទៅ​លក់​នៅ​ក​ន្កែ​ង​ផ្សេង​ពួក​គេ​អាច​ជួប​ការ​លំបាក​បន្តិច​ទំ​រាំ​មាន​ម៉ូយ​ឡើង​វិញ​។

អត្ថបទសរសេរ ដោយ