ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​រក​ឃើញករណី​ទី​៣ ​លើ​ស្ត្រី​អង់គ្លេស​ម្នាក់ មាន​ឆ្លង​វីរុស​កូ​វី​ដ​-១៩

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រកាស​តាម​រយៈ​សន្និសីទ​សារព័ត៌មាន អោយ​ដឹង​ថា កម្ពុជា​រក​ឃើញ​នូវ​ករណី​ទី​៣…

រាជធានី​ភ្នំពេញ ៖ លោក ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រកាស​តាម​រយៈ​សន្និសីទ​សារព័ត៌មាន អោយ​ដឹង​ថា កម្ពុជា​រក​ឃើញ​នូវ​ករណី​ទី​៣ លើ​ស្ត្រី​ជនជាតិ​អង់គ្លេស​ម្នាក់ ដែល​មាន​ផ្ទុក​វីរុស​កូ​វី​ដ​-១៩ បាន​ចូល​មកដល់ទឹកដីនៃ​ខេត្តកំពង់ចាម របស់​កម្ពុជា ។

នៅ​ម៉ោង​៤ ​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១០ មីនា ២០២០​នេះ លទ្ធផល​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា បាន​បញ្ជាក់​ថា ស្ត្រី​ជនជាតិ​អង់គ្លេស​ម្នាក់ មានអាយុ​៦៥​ឆ្នាំ ​វិជ្ជមាន ចំពោះ​វីរុស COVID-19 ។

ស្ត្រី​រូប​នេះ ជា​អ្នកដំណើរ​តាម​នាវា ឈ្មោះ Viking Cruise Journey ចេញពី​កំពង់​ផែ My Tho នៃ​ទីក្រុង​ហូ​ជី​មី​ញ សំដៅ​មក​ទីក្រុង​ភ្នំពេញ តាម​រយៈ​ចូ​វ​ដុក ច្រក​ទ្វារ​អន្តរជាតិ​ក្អម​សំណរ និង​ហួស​ទៅ​ចូល​ចត​ នៅ​ទីរួមខេត្ត​កំពង់ចាម ។

បច្ចុប្បន្ន ក្រសួងសុខាភិបាល​កម្ពុជា កំពុង​ចាត់ចែង​ឲ្យ​យក​ស្ត្រី​ជនជាតិ​អង់គ្លេស​រូប​នេះ មក​ដាក់​នៅ​បន្ទប់​ដាច់​ដោយឡែក​ ក្នុង​មន្ទីរពេទ្យ​ខេត្តកំពង់ចាម ដើម្បី​ព្យាបាល និង​តាមដាន​សុខភាព​គាត់ ។

ក្រៅពី​ស្ត្រី​ជនជាតិ​អង់គ្លេស​មាន​ផ្ទុក​វីរុស​កូ​វី​ដ​-១៩ ម្នាក់ខាងលើ​នេះ ក៏​មាន​ស្ត្រី​ជនជាតិ​អង់គ្លេស​ម្នាក់​ទៀត ដែល​ជិតដិត ប៉ុន្តែ​លទ្ធផល​ធ្វើតេស្ត អវិជ្ជមាន ។ យ៉ាងណា​ស្ត្រី អវិជ្ជមាន​រូប​នេះ ក៏​ត្រូវ​បាន​ដាក់​ឲ្យ​នៅ​បន្ទប់​ដាច់​ដោយឡែក នៅ​លើ​នាវា រួម​ទាំង​អ្នកដំណើរ​ផ្សេង​ទៀត​ សរុប​ចំនួន​៣០​នាក់ និង​បុគ្គលិក​នាវា​៣៤​នាក់​ទៀត សរុប​ចំនួន​៦៤​នាក់ ត្រូវ​ដាក់​ឲ្យ​នៅ​លើ​នាវា​ទាំងអស់ មិន​អនុញ្ញាត​អោយ​ចុះ​មក​លើគោក​ទេ រង់ចាំ​យក​សំណាក​ទៅ​វិភាគ ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ ​ជា​មុន​សិន ។

ស្ត្រី​មាន​ផ្ទុក​វីរុស​កូ​វី​ដ​-១៩ ដែល​មាន​គ្នា​៥​នាក់ (​ជនជាតិ​អង់គ្លេស​ទាំងអស់ ប៉ុន្តែ​៤​នាក់ អវិជ្ជមាន​) បាន​ធ្វើ​ដំណើរ​តាម​យន្តហោះ​ចេញពី​ទីក្រុង​ឡុ​ង នៃ​ប្រទេស​អង់គ្លេស មក​ដល់ទី​ក្រុង​ហាណូយ​ ប្រទេស​វៀតណាម នៅ​ថ្ងៃ​ទី​២ មីនា ២០២០ ។ បន្ទាប់​មក​នៅ​ថ្ងៃ​ទី​៥ មីនា ២០២០ ពួក​គេ​បាន​បន្តដំណើរ​តាម​នាវា​ខាងលើ ពី​ទីក្រុង​ហូ​ជី​មី​ញ មក​ដល់​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៧ មីនា ២០២០ ។

ប៉ុន្តែ​មុន​នឹង​មក​ដល់ទី​ក្រុងភ្នំពេញ អ្នក​ទទួលខុសត្រូវ​លើ​នាវា​ទេសចរណ៍​នេះ បាន​ទទួល​ដំណឹង​ថា យន្តហោះ​ដែល​ស្ត្រី​ជនជាតិ​អង់គ្លេស​បាន​ជិះ​មក មាន​ជនជាតិ​វៀតណាម​ម្នាក់​ដែល​អង្គុយ​ជិត​ស្ត្រី​ជនជាតិ​អង់គ្លេស វ័យ​៦៥​ឆ្នាំ​ខាងលើ​នេះ ត្រូវ​បាន​គេ​រក​ឃើញ​មាន​ផ្ទុក​វីរុស​កូ​វី​ដ​-១៩ ក្នុង​ខ្លួន នៅ​ទីក្រុង​ហាណូយ ។

ពេល​មក​ដល់​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៧ មីនា​នោះ ជនជាតិ​អង់គ្លេស​ទាំង​៥​រូប ត្រូវ​បាន​បញ្ជូន​ទៅ​ពិនិត្យ​សុខភាព​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ហើយ​បាន​យក​សំណាក​វត្ថុ​វិភាគ​ចំនួនតែ​៣​នាក់ ទេ (​ដោយ​២​នាក់ ប្រកែក​មិន​ព្រម​ឲ្យ​យកដាច់ខាត ដោយ​សំអាង​ថា ពួក​គាត់​មិន​មាន​បញ្ហា​សុខភាព ឫ​រោគ​សញ្ញា​អ្វី​ឡើយ​) ជា​លទ្ធផល អ្នក​ទាំង​៣​នាក់​នេះ អវិជ្ជមាន ទើប​ពួក​គេ​ទាំង​៥​នាក់ បាន​បន្តដំណើរ​ទៅ​ដល់ទី​រួម​ខេត្តកំពង់ចាម ។

ដើម្បី​ឲ្យ​មាន​ភាព​ច្បាស់លាស់ មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត បាន​ផ្តល់​ព័ត៌មាន​ទៅ មន្ទីរ​សុខាភិបាល​ខេត្តកំពង់ចាម ដើម្បី​យក​សំណាក​ទាំង​២​នាក់​ទៀត មក​ធ្វើតេស្ត ដោយ​មានការ​សម្របសម្រួល​ពី​អ្នក​គ្របគ្រង​នាវា​ផង ទើប​ក្រុម​មន្ត្រី​ពេទ្យ​ខេត្តកំពង់ចាម​អាចយ​កបាន​សំណាក​អ្នក​ទាំង​២ បញ្ជូន​មក​ពិនិត្យ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា នៅ​ថ្ងៃ​ទី​៩ មីនា ។ រហូត​មក​ដល់ ថ្ងៃ​ទី​១០ មីនា វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល ក៏​ទទួល​បាន​លទ្ធផល វិជ្ជមាន លើ​ស្ត្រី​ជនជាតិ​អង់គ្លេស​អាយុ​៦៥​ឆ្នាំ​ម្នាក់ (​ម្នាក់​ទៀត មិន​ឆ្លង​វីរុស​ទេ​) ។

គិត​ត្រឹម​យប់ថ្ងៃទី១០ មីនា​នេះ ប្រទេស​កម្ពុជា​បាន​រក​ឃើញ​ករណី​អ្នកឆ្លងវីរុសកូ​វី​ដ​-១៩ សរុប​ចំនួន​៣​ករណីហើយ ​៖ ទី​១ គឺ​ជនជាតិ​ចិន ភេទ​ប្រុស អាយុ​៦០​ឆ្នាំ ជា​សះស្បើយ ហើយ​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ​ហើយ ទី​២ គឺ​បុរស​ជនជាតិ​ខ្មែរ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ កំពុង​ដាក់​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប ហើយ​បច្ចុប្បន្ន​គាត់​មាន​សុខភាព​ល្អ មិន​មាន​រោគ​សញ្ញា​អ្វី​ទេ តែ​គាត់​បន្ត​វិជ្ជមាន​កូ​វី​ដ​-១៩ និងទី​៣ គឺ​ស្ត្រី​ជនជាតិ​អង់គ្លេស អាយុ​៦៥​ឆ្នាំ កំពុង​ដាក់​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ចាម ហើយ​គាត់​មាន​សុខភាព​ល្អ មិន​មាន​រោគ​សញ្ញា​អ្វី​គួរ​ឱ្យ​កត់សម្គាល់​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ